ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ បុរី កៀនស្វាយ ផាក របស់ក្រុមហ៊ុន KFA Property Co,.Ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Khmer Foundation Appraisal បានចាប់ផ្តើមប្រារព្វពិធីបុកគ្រឹះដំណើរការបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ។

-->
បុរីលំនៅដ្ឋានបែបទំនើបលើកដំបូងគេនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល បានចាប់ផ្តើមបុកគ្រឹះបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការណ៍ហើយ ក្រោមវត្តមានរបស់លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal និងលោកជំទាវ ព្រមទាំងបណ្តាបុគ្គលិកជាច្រើននាក់។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍគម្រោងមួយនេះដោយផ្ទាល់បានមានប្រសាសន៍ថា គម្រោងបុរី កៀនស្វាយផាក ស្ថិតនៅក្រោមការគ្រប់គ្រង និងវិនិយោគដោយក្រុមហ៊ុន KFA Property Co ., Ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Khmer Foundation Appraisal នឹងក្លាយជាលំនៅដ្ឋានដ៏ស្រស់ស្អាត ប្រណីតភាព និងមានផាសុកភាពខ្ពស់មុនគេនៅក្នុងតំបន់ជាយក្រុង។
លោកឧកញ៉ាបានមានប្រសាសន៍ទៀតថា “នៅក្នុងជំហ៊ានដំបូងរបស់ បុរី កៀនស្វាយ ផាក ត្រូវសាងសង់នៅលើផ្ទៃដីប្រមាណជិត៣ម៉ឺនម៉ែត្រការ៉េ និងដាក់លក់ចំនួន ១៦៨ ល្វែង ហើយបញ្ជប់ទាំងការសាងសង់ទាំងស្រុងត្រឹមរយៈពេល២៤ខែ ចែកចេញជា២វគ្គ (១វគ្គ រយៈពេល១២ខែ) ហើយអតិថិជនអាចទទួលបានលំនៅដ្ឋានត្រឹមរយៈ១២ខែតែប៉ុណ្ណោះបន្ទាប់ពីបង់ប្រាក់”។
លោកឧកញ៉ាបានបន្តទៀតថា “នៅក្នុងឱកាសនៃការប្រកាសលក់នេះ ក្រុមហ៊ុនក៏មានកញ្ចប់ពិសេសសម្រាប់អតិថិជនចំនួន២៧នាក់ដំបូងផងដែរ ជាមួយនឹងការទទួលបានទឹកប្រាក់នៃការបញ្ចុះតម្លៃចំនួន ១០០០ដុល្លារភ្លាមៗ”។ បច្ចុប្បន្ននេះ គម្រោងបុរីលំនៅដ្ឋានទាន់សម័យ និងទំនើប តម្លៃសមរម្យ កៀនស្វាយ ផាក បាន និងកំពុងមានសកម្មភាពយ៉ាងមមាញឹកក្នុងការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី និងបណ្តាញបង្ហូរទឹកស្របតាមបទដ្ឋានដែលក្រសួងបានកំណត់។
លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍បន្តទៀតថា “លំនៅដ្ឋាននេះ មានលក្ខណៈល្អប្រសើរក្នុងការរស់នៅ ដោយសារតែវាជាតំបន់ដែលកំពុងតែមានការអភិវឌ្ឍខ្លាំង ហើយដោយឡែកចំពោះលំនៅដ្ឋាន ក៏ដូចជាបរិស្ថានជុំវិញ ក៏ត្រូវបានក្រុមហ៊ុនរៀបចំធ្វើឡើងគោរពតាមមាត្រដ្ឋានរបស់ក្រសួង ទាំងការរៀបចំធ្វើផ្លូវធំដែលមានទំហំ១១ម៉ែត្រ និងផ្លូវខាងក្នុងមានទំហំ៨ម៉ែត្រ ជាពិសេសមានការបង្កើតជាតំបន់បៃតង រួមជាមួយផ្សារបែបទំនើបក្នុងតំបន់ ដែលមិនធ្លាប់នោះឡើយនៅក្នុងតំបន់កៀនស្វាយនេះ”។
លោកឧកញ៉ាបានបន្តទៀតថា “នៅតំបន់នេះនឹងមានភាពលេចធ្លោក្នុងពេលដ៏ខ្លី ដោយសារតែវាមានវិសាលភាពផ្ទៃដីនៅទូលាយ តម្លៃនៅមានកម្រិត ហើយជាពិសេស ជាតំបន់ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលសេដ្ឋកិច្ច ដែលក្រៅពីមានកំពង់ផែភ្នំពេញ មានតំបន់សេដ្ឋពិសេស មជ្ឈមណ្ឌលកម្សាន្តលំដាប់អភិជន The Prince មណ្ឌលកម្សាន្តរបស់ក្រុមហ៊ុនវឌ្ឍនៈ រោងចក្រកាត់ដេរនោះ គឺថែមទាំងមានផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាខ្សែបណ្តាញសេដ្ឋកិច្ចយ៉ាងសំខាន់របស់កម្ពុជាទៀតផង”។
បុរី កៀនស្វាយ ផាក បានបង្ហាញខ្លួននៅក្នុងតំបន់ទីប្រជុំជន ដែលហ៊ុំព័ទ្ធទៅដោយគម្រោងអភិវឌ្ឍជាច្រើន ដែលក្រៅពីអំណោយផលដល់ការរស់នៅយ៉ាងមានផាសុកភាព ថែមទាំងអាចប្រកបអាជីវកម្មលក្ខណៈគ្រួសារបានយ៉ាងប្រសើរថែមទៀតផង។ សម្រាប់អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់លំនៅឋានបែបទំនើប និងទាន់សម័យនៅក្នុងបុរី កៀនស្វាយ ផាក អាចទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុនដែលមានទីស្នាក់ការលក់ដែលស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ឬអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ៖ ០១៧ ៧៩ ៦៦ ៣៣ / ០៧៧ ៩៩ ៧៨ ៨៨







