ដោយ គង់ សូរិយា
ភ្នំពេញៈ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានពិភាក្សាជាមួយសមាគមពាណិជ្ជករ និងម្ចាស់សិទ្ឋអាជីវកម្មកម្ពុជា (CBFA) ដើម្បីសហការគ្នាលើការជួលអចលនទ្រព្យ និងលើកកំពស់ការធ្វើធុរកិច្ចនៅកម្ពុជា។
លោកឃាង ពុទ្ឋីប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ថ្នាក់ដឹកនាំសមាគមនេះ និងសមាជិកបានជួបពិភាក្សាគ្នាជាមួយសមាគមខាងលើ កាលពីថ្ងៃទី២៧ មិថុនាកន្លងមកនេះ។
-->
លោកបានមានប្រសាសន៍ឲ្យដឹងថា គោលបំណងនៃជំនួបនេះ ដើម្បីសហការគ្នាលើការរកទីតាំងជួលអចលនទ្រព្យ និងឱកាសវិនិយោគនៅកម្ពុជា ពិសេសធ្វើយ៉ាងណាឲ្យអាជីវកម្មមានភាពរីកចម្រើន និងជំរុញឲ្យមានការនាំចូលនូវសិទ្ធអាជីវកម្ម (franchise ) មកកម្ពុជា។

លោកបន្តថា សមាគមពាណិជ្ជករ និងម្ចាស់សិទ្ឋអាជីវកម្មកម្ពុជាចង់ធ្វើយ៉ាងណាគៀងគរការវិនិយោគ ការផ្សព្វផ្សាយពីការទិញសិទ្ឋអាជីវកម្ម ដើម្បីជំរុញការលើកកំពស់ធុរកិច្ច និងផ្តល់ការងារធ្វើដល់ប្រជាពលរដ្ឋកម្ពុជាឲ្យបានកាន់តែច្រើន ព្រោះកាលណាប្រជាពលរដ្ឋមានការងារធ្វើច្រើន ពួកគេនឹងមានប្រាក់ចំណូល និងជួយជំរុញដល់កំនើនសេដ្ឋកិច្ចរបស់យើង៕