ដោយ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសដាក់ឲ្យអនុវត្តន៍នូវប្រព័ន្ឋបញ្ជរតែមួយជាតិ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងលើកកំពស់ការធ្វើធុរកិច្ចនៅកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញប្រកាសថ្មីមួយចុះផ្សាយកាលពីថ្ងៃទី២៥ មិថុនា ស្តីពីការដាក់ឲ្យអនុវត្តជំហានដំបូង ប្រព័ន្ធបញ្ជរតែមួយជាតិ ក្នុងគោលបំណងលើកកម្ពស់បន្ថែមទៀត នូវប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម។
-->
សេចក្តីប្រកាសថ្មីនេះ មានគោលដៅកំណត់នីតិវិធីនៃការស្នើសុំ និងការចេញអាជ្ញាប័ណ្ណ វិញ្ញាបនបត្រឬលិខិតអនុញ្ញាតតាមប្រព័ន្ធបញ្ជរតែមួយជាតិ សម្រាប់បម្រើឲ្យប្រតិបត្តិការនាំចេញ នាំចូល និងឆ្លងកាត់ទំនិញ។
ប្រកាសនេះ មានវិសាលភាពអនុវត្ត ចំពោះការស្នើសុំអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតពាក់ព័ន្ធនិងករណីដូចខាងក្រោម៖
* ទំនិញហាមឃាត់ និងជាប់កម្រិតកំណត់
* ទំនិញស្ថិតក្នុងកាតព្វកិច្ចនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
* ទំនិញស្ថិតក្នុងកាតព្វកិច្ចនៃការអនុវត្តអនុសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិផ្សេងទៀត
* ផលិតផលតេលសិលា និងទំនិញនៃអគារលក់ទំនិញរួចពន្ធ
* ទំនិញទទួលបានការលើកលែងពន្ធអាកររបស់ក្រសួង-ស្ថាប័ន បេសកកម្មការទូត បេសកកម្មកុងស៊ុលបរទេស និងអង្គការជាតិ-អន្តរជាតិ
* ទំនិញទទួលការលើកលែងពន្ធអាករផ្សេងទៀត តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕


