សម្ដេច​តេជោ​៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ក្នុង​អត្រា​ ៧,១ភាគរយ​ក្នុង​ឆ្នាំ២០១៩​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា​ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​សម្រេច​បាន​អត្រាកំណើន៧​,១ភាគរយ​ដែល​គាំទ្រ​ដោយ​កំណើន​រឹងមាំ​នៃ​ឧស្សាហកម្ម​ និង​កំណើន​នៃ​កំណើន​នៃ​វិស័យ​សេវាកម្ម​ បើ​ទោះជា​វិស័យ​កសិកម្ម​នៅ​បន្ត​មាន​កំណើន​ទាប​ក្តី​។

មានប្រសាសន៍​ក្នុង​ឱកាស​ប្រារព្ធ​ខួប៦៨ឆ្នាំ​ថ្ងៃកំណើត​ គណបក្សប្រជាជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី២៨​ មិថុនា​នេះ​នាទី​ក្រុង​កោះ​ពេជ្រ​ សម្ដេច​តេជោ​មានប្រសាសន៍​បន្ត​ថា​ “នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩​ នេះ​ រាល់​សកម្មភាព​សេដ្ឋកិច្ច​កំពុង​ដំណើរការ​យ៉ាង​ល្អ​”។

សម្តេច​បន្ត​ថា​ ជាក់ស្តែង​រយៈពេល៤ខែ​ដើមឆ្នាំ​ គម្រោង​វិនិយោគ១១៥គម្រោង​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ៤ពាន់​លាន​ដុល្លារ​ត្រូវ​បាន​អនុម័ត​ ធៀប​នឹង​រយៈពេល​ដូចគ្នា២០១៨​ ដែល​មាន​គម្រោង៨១គម្រោង​ និង​ទុន​វិនិយោគ ៨៦៣លាន​ដុល្លារ​។ ការនាំចេញ​ផលិតផល​កាត់ដេរ​នៅតែ​មាន​កំណើន​ខ្ពស់​។ ការ​នាំ​អង្ករ​ចេញ​សម្រេច​បាន​ជាង​ ២១​ ម៉ឺន​តោន​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​ កើនឡើង៨​,៣ ភាគរយ​ ហើយ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ក៏​នៅតែ​បន្ត​កំណើន​ខ្ពស់​។

ជាមួយគ្នា​នេះ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង ២​,៤លាន​នាក់​ កើនឡើង១១​ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូច​គា្ន​ក្នុង​ឆ្នាំមុន​។

កាលពី​ពេល​ថ្មី​ៗនេះ​ ធនាគារពិភពលោក​ក៏បាន​ថ្លែង​នៅក្នុង​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ថា​ ប្រទេស​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច ៧​,៥ភាគរយ​នៅក្នុង​ឆ្នាំ២០១៨​ ដែល​ជា​អត្រាកំណើន​ល្អ​ជាង​ការ​រំពឹង​ទុក​ទៅទៀត​ ដោយមាន​ការជំរុញ​មួយ​ផ្នែក​ធំ​ពី​ការ​កើន​យ៉ាង​រហ័ស​នៃ​ការនាំចេញ​ និង​ការ​បន្ត​លូតលាស់​នៃ​វិស័យ​សំណង់​។

ការនាំចេញ​របស់​ផលិតផល​សម្លៀកបំពាក់​ ស្បែកជើង​ និង​មុខទំនិញ​ធ្វើដំណើរ​ ដែល​ទាំងអស់​នេះ​ មាន​ជាង​ពីរ​ភាគ​បី​នៃ​មុខទំនិញ​នាំចេញ​សរុប​ ជា​កំណត់ត្រា​កំណើន​ខ្ពស់​ប្រាំ​ឆ្នាំ​ជាប់គ្នា​ហើយ​ ដោយ​វា​កើន​បាន១៧​,៦ភាគរយ​ក្នុង​ឆ្នាំ២០១៨​ ប្រៀបធៀប​ជាមួយ ៨​,៣ភាគរយ​ក្នុង​ឆ្នាំ២០១៧​។

វិស័យ​សំណង់​ អចលនទ្រព្យ​ និង​ទេសចរណ៍​សរុបគ្នា​មក​មាន​ចំណែក៦០ភាគរយ​ នៃ​ចំនួន​គម្រោង​វិនិយោគ​ទាំងអស់​ ដែល​ត្រូវ​បាន​អនុម័ត​រួច​ក្នុង​ឆ្នាំ២០១៨​។ ការផលិត​សម្ភារ​ផ្គត់ផ្គង់​ការសាងសង់​ ដែក​គ្រឿង​សង្ហា​រឹម​ និង​ផលិត​ផលប្ល៉ាស្ទ៊ី​កក៏​មានការ​កើនឡើង​យ៉ាង​លឿន​ដែរ​ ដើម្បី​គាំទ្រ​ដល់​ការលូតលាស់​របស់​វិស័យ​សំណង់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here