ដោយ វណ្ណារ៉ា
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាប់ផ្តើមអនុវត្តន៍កំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរសិទ្ធិអចលនទ្រព្យ តាមការកែសម្រួលបែងចែកភូមិសាស្ត្រ សម្រាប់មូលដ្ឋានគិតពន្ធថ្មី សំដៅកាត់បន្ថយកម្រិតលម្អៀង លើតម្លៃពន្ធប្រថាប់ត្រានេះ ចាប់់ពីខែកក្កដាខាងមុខនេះ។
ពាក់ព័ន្ធនឹងកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា រាជរដ្ឋាភិបាលបានសម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញនូវឧបសម្ព័ន្ធស្ដីពី ការបែងចែកភូមិសាស្ដ្រ និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលបាននិងកំពុងអនុវត្តអស់រយៈពេលជិត ១០ឆ្នាំ កន្លងមកធ្វើការកែសម្រួលឡើងវិញ ឱ្យស្របតាមការរីកចម្រើនខាងវិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន។
-->
ការកំណត់ពន្ធប្រថាប់ត្រាថ្មី បើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរសិទ្ធ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ក្រសួងនឹងកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរសិទ្ធអចលនទ្រព្យ ឬដីធ្លី ដោយកែសម្រួលបែងចែកភូមិសាស្ត្រ សម្រាប់មូលដ្ឋានគិតពន្ធថ្មី សំដៅកាត់បន្ថយកម្រិតលម្អៀង លើតម្លៃពន្ធប្រថាប់ត្រានេះ ដើម្បីជៀសវាងភាពលំអៀងខុសនឹងតម្លៃទីផ្សារច្រើន គឺធ្វើយ៉ាងណាធានាដល់សមធម៌នៃការបង់ពន្ធឱ្យបានល្អប្រសើរ។
ការធ្វើបច្ចុប្បន្នភាពឧបសម្ព័ន្ធស្តីពី ការបែងចែកភូមិសាស្ត្រ នឹងត្រូវធ្វើឡើងដោយមានវិសាលភាពអនុវត្តន៍ ចំពោះការផ្ទេរសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលជាសំណង់ឬដីធ្លី នៅគ្រប់រាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះការកំណត់ពន្ធប្រថាប់ត្រា និងតម្លៃអចលនទ្រព្យមានដីធ្លី និងសំណង់ មិនមែនការដំឡើងពន្ធនោះឡើយ ពោលគឺការធ្វើបច្ចុប្បន្នភាពអំពីការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យឱ្យសមស្របទៅតាមការវិវត្ដ រីកចម្រើន។ ចំណែកអត្រាពន្ធប្រថាប់ត្រាលើអចលនទ្រព្យនៅតែរក្សា ៤%ដដែល៕