ក្រុមហ៊ុន​យក្ស​ Prince​ ចាប់ផ្តើម​សាងសង់​អគារ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​កម្ពុជា​ដើម្បី​ត្រៀម​កិច្ចប្រជុំ​អាស៊ាន២០២២​

0

ដោយ ​វុត្ថា​

ព្រះ​សី​ហនុៈ​ ក្រុមហ៊ុន​យក្ស​ចិន​ Prince​ Real​ Estate​ Group​ បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ គម្រោង​អគារ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​កម្ពុជា​ នៅក្នុង​ក្រុង​ព្រះសីហនុ​ ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​នៅក្នុង​ឆ្នាំ២០២២​ខាងមុខ​។

ពិធីសម្ពោធ​បើក​ការដ្ឋាន​សាងសង់​គម្រោង​ អគារ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​កម្ពុជា​ត្រូវ​បាន​រៀបចំឡើង​កាលពី​ថ្ងៃទី​ ២៧ខែមិថុនា​ឆ្នាំ២០១៩កន្លងមក​នេះ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​នឹង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ និង​ជាប់​ឆ្នេរ​អូរ​ឈើទាល​ដែល​មានផ្ទៃ​ក្រឡា​អភិវឌ្ឍន៍​សរុប​ជាង១២០.០០០ម៉ែត្រការ៉េ​។

តែ​យ៉ាងណាក៏ដោយ​ក្រុមហ៊ុន​នេះ​ មិនបាន​ប្រកាស​ពី​ទុន​វិនិយោគ​លើ​គម្រោង​ដ៏​ធំ​នេះ​ទេ​។ គម្រោង​នេះ​បាន​រួមបញ្ចូល​គ្នា​ នូវ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ដែល​រំពឹង​ថា​ នឹង​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី៣១ខែឧសភា​ឆ្នាំ២០២២​។

ក្រុម​ហ៊ុន​រំ​ពឹ​ថា​ នៅពេល​សាងសង់​រួចរាល់​ គម្រោង​នេះ​នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ខ្នាត​ធំ​ ដែល​មាន​នូវ​អគារ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ សណ្ឋាគារ​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​មុខងារ​ជាច្រើន​ផ្សេងទៀត​។ ទន្ទឹម​នឹង​នេះ​ គម្រោង​នេះ​ក៏​ជាទី​តាំង​សម្រាប់​ រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ២០២២ផង​ដែរ​។

សម្តេ​តេជោ​ហ៊ុន​សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ធ្លាប់​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ នឹង​ជ្រើសរើស​យក​ខេត្ត​ព្រះសីហនុ​ ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​ នៅ​ឆ្នាំ​ ២០២២ខាងមុខ​ ខណៈ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ សម្រាប់​កិច្ចប្រជុំ​កំពូល​មួយ​នេះ​។

ជាមួយគ្នា​នេះ​អាជ្ញាធរ​កម្ពុជា​ បាន​នឹង​កំពុង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​វិ​និ​យោ​គព្រលា​នយន្តហោះ​កម្ពុជា​ (SCA​) ពង្រីក​ផ្លូវ​រត់​ប្រវែង​ដល់៣៣០០ម៉ែត្រ​ របស់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ឲ្យបាន​ចប់​មុន​ឆ្នាំ២០២២​ ដើម្បី​អាច​ធ្វើ​ឱ្យ​យន្តហោះ​ខ្នាត​ធំ​របស់​ថ្នាក់ដឹកនាំ​នានា​ដែល​អញ្ជើញ​ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​ នៅ​ឆ្នាំ​ ២០២២​ នៅក្នុង​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ​នេះ​។

ក្រុមហ៊ុន​ Prince​ Real​ Estate​ (Cambodia​) Group​ Co​.,Ltd​. ជា​ក្រុមហ៊ុន​ជំនួញ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ ជាមួយនឹង​ការ​វិនិយោគ​យ៉ាងច្រើន​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ វិស័យ​ទូរគមនាគមន៍​ និង​ហិរញ្ញវត្ថុ​។

ក្រុមហ៊ុន​ Prince​ Real​ Estate​ (Cambodia​) Group​ Co​.,Ltd​. បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ២០១៥​ ដោយ​បាន​សាង​សាង​អគារ​ជាច្រើន​ប្រភេទ​ ដូចជា​សណ្ឋាគារ​ អគារ​ស្នាក់នៅ​ ផ្ទះល្វែង​ ខុន​ដូ​ និង​អគារ​ពាណិជ្ជកម្ម​នៅ​តាម​បណ្តា​ខេត្ត​ ក្រុង​នានា​របស់​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មាន​សាខា​ចំនួន១៣ទីតាំងនៅ​ក្នុង​ប្រទេស​កម្ពុជា​។

ក្នុងរយៈពេល១០ឆ្នាំ​ ក្រុមហ៊ុន​ Prince​ Real​ Estate​ Cambodia​ Group​ គ្រោង​នឹង​វិនិយោគ​នូវ​ទឹកប្រាក់ ៦ពាន់​លាន​ដុល្លារ​ លើ​ផ្ទៃដី​ទំហំ​ជាង ៤០០ហិ​កតា​ ដើម្បី​អភិវឌ្ឍ​គម្រោង​អគារ​ចម្រុះ​បណ្តុំ​នូវ​អគារ​លំនៅ​ដ្ឋាន​ និង​អគារ​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​ ស្មើនឹង​ទំហំ​អភិវឌ្ឍន៍​សរុប​ជាង៦លាន​ម៉ែត្រការ៉េ​ នៅក្នុង​ខេត្ត​ក្រុង​សំ​ខាន់​ៗ ដូចជា​ រាជធានី​ភ្នំពេញ​ ខេត្ត​ព្រះសីហនុ​ និង​ខេត្តសៀមរាប​៕

LEAVE A REPLY

Please enter your comment!
Please enter your name here