ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានិង រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណៈប្រជាមានិតចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកឹបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
យោងតាមសេក្តីប្រកាសព័ត៌មានរបស់អគ្គនាយដ្ឋានពន្ធដារកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ នេះថា កិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងទី៧ ដែលប្រទេសកម្ពុជា បានចុះហត្ថលេខាជាមួយយុត្តាធិការដៃគូ។
-->
សេក្តីប្រកាសព័ត៌មានបន្តថា កិច្ចព្រមព្រៀងនេះ ផ្តល់អត្ថប្រយោជន៍ដល់ភាគីហត្ថលេខី លើកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឱ្យប្រកដប្រជាក្នុងការកំណត់សិទ្ធិនៃការយកពន្ធ, កំណើនមូលដ្ឋានគិតពន្ធ តាមរយៈការទាក់ទាញវិនិយោគដោយផ្ទាល់ លំហូរមូលធន ការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេស ការការពារនិវាសនជនពីប្រព្រឹត្តកម្មមិនត្រឹមត្រូវពាក់ព័ន្ធនឹងពន្ធ និងការការពារចំណូលពន្ធក្នុងស្រុក តាមរយៈកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការគេចវេះពន្ធ រវាងយុត្តាធិការទំាងពីរ។
កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមានពេលដែលយុត្តាធិការទាំងពីរ បានបញ្ចប់នីតិវិធីក្នុងស្រុករៀងៗខ្លួន។

កិច្ចព្រមព្រៀងនេះជាមិទ្ធិផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធិផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលនិតិកាលទី៥ នៃរដ្ឋាសភា សម្រេចបានជាពិសេសក្នុងបិរិបទ នៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ ប្រទេសកម្ពុជាបាននឹងកំពុងធ្វើការចចារលើកិច្ចព្រមព្រៀងនេះ ជាមួយប្រទេសជាដៃគូមួយចំនួនទៀត ដូជាប្រទេសម៉ាឡេស៊ី ហ្វីលីពីន កូរ៉េ និងជប៉ុនជាដើម៕