ដោយ វុត្ថា
ភ្នំពេញៈ នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន នឹងប្រកាសចេញជាផ្លូវការនូវ “យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ហើយនឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
សម្តេចតេជោហ៊ុន សែន នៅព្រឹកថ្ងៃទី២ ខែកក្កដា នេះបានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំស្តីពី“ការត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩” ដែលមានរយៈពេល២ថ្ងៃ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស (Geneva, Switzerland)។
-->
កិច្ចប្រជុំនេះធ្វើឡើងក្រោមមូលបទ «គាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» ដោយមានគោលបំណងពិនិត្យមើលពីរបៀប ដែលជំនួយពាណិជ្ជកម្មអាចទ្រទ្រង់ប្រកបដោយប្រសិទ្ធភាពដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ សម្តេចតេជោហ៊ុន សែននឹងប្រកាសជាផ្លូវការនូវយុទ្ធសាស្រ្ត សមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជា ឆ្នាំ២០១៩-២០២៣ ព្រមទាំងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីសង្គមដែលរៀបចំដោយ WTO ផងដែរ។
ក្រៅពីកិច្ចប្រជុំខាងលើសម្តេចតេជោ ហ៊ុន សែននឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលនឹងផ្តល់សារៈដ៏សំខាន់ និងច្បាស់លាស់មួយ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបពិភាក្សាការងារជាមួយឥស្សរជនជនសំខាន់ៗ វិនិយោគិន ព្រមទាំងជួបជាមួយសហគមន៍ខ្មែរនៅស្វីស និងអ៊ឺរ៉ុបផ្សេងទៀតផងដែរ៕