ដោយ វណ្ណារ៉ា
កំពង់ធំៈ ជាការចាប់់ផ្តើមមួយយ៉ាងល្អ យុវជនវ័យក្មេងចំនួន៣រូប ដែលធ្លាប់ជាអតីតពលករបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង កាលពីប៉ុន្មានឆ្នាំមុន ពេលនេះបានអភិវឌ្ឍខ្លួនក្លាយជាម្ចាស់បុរីលំនៅដ្ឋានបែបទំនើប ដែលជាជំនួញក្នុងវិស័យអចលនទ្រព្យកំពុងតែមានសក្ដានុពល និងមានប្រជាប្រិយភាពនៅក្នុងខេត្តកំពង់ធំ។
យុវជនដែលបានប្រែក្លាយជីវិត ជាពលករបម្រើការងារនៅក្នុងប្រទេសកូរ៉េ រកចំណូលដោយការប្ដូរកម្លាំងកាយ មកជាម្ចាស់បុរីលំនៅដ្ឋានបែបទំនើប ឈ្មោះសុកគា ស៊ីធី។ យុវជនទាំងទាំង៣រូប រួមមាន ទី១- លោក ស៊ឺន សុកគា អាយុ២៦ឆ្នាំ បច្ចុប្បន្នជាស្ថាបនិក និងជានាយកក្រុមហ៊ុន ទី២លោកចាន់ ឃីន អាយុ២៥ឆ្នាំ បច្ចុប្បន្នជាស្ថាបនិក និងជានាយកផ្នែកទីផ្សារ និងទី៣ លោក ផុន សាមាន អាយុ២៦ឆ្នាំ បច្ចុប្បន្នជាស្ថាបនិក និងជានាយកផ្នែកទីផ្សារ ដែលអ្នកទាំង៣បានសហការគ្នាចូលប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ ដោយការបោះទុនវិនិយោគ និងអភិវឌ្ឍវិស័យលំនៅដ្ឋាន ក៏ដូចជាវិស័យដីធ្លីផងដែរ។
-->
លោក ស៊ឺន សុកគា ដែលជាស្ថាបនិក និងមានមុខតំណែងជានាយកគ្រប់គ្រងក្រុមហ៊ុនបុរី សុកគាស៊ីធី បានប្រាប់ឱ្យដឹងកាលពីចុងសប្តាហ៍មុនថា លោកធ្លាប់ធ្វើការនៅប្រទេសកូរ៉េអស់រយៈពេល២ឆ្នាំ៨ខែ។ លោកបន្តថា ការដែលផ្តាច់ខ្លួនពីការធ្វើបានប្រាក់ខែរាប់ពាន់ដុល្លារ មកចាប់ផ្តើមអាជីវកម្មផ្ទាល់វាមិនមែនជាការងាយទេ។
លោកបន្តទៀតថា“យើងត្រូវប្រឈមនឹងបញ្ហាជាច្រើន ប៉ុន្តែយើងត្រូវតែជំនះឱ្យបាន ដូចជា កត្តាគ្រួសារ កត្តាសង្គម ភាពប្រឈមជាមួយមនុស្ស និងអ្នកធ្វើជំនួញក្នុងវិស័យតែមួយដែលកំពុងស្ថិតនៅជុំវិញខ្លួនយើង ហើយជាពិសេសនោះគឺខ្លួនឯងផ្ទាល់តែម្តង”។
ស្រដៀងគ្នានេះ លោក ចាន់ ឃីន ដែលជាស្ថាបនិក និងមានមុខតំណែងជានាយកផ្នែកទីផ្សារបានប្រាប់ឱ្យដឹងផងដែរថា លោកធ្លាប់បម្រើការងារជាពលករនៅក្នុងប្រទេសកូរ៉េអស់រយៈពេល៣ឆ្នាំ៦ខែ ហើយលោកបានចាប់ផ្តើមសហការវិនិយោគបុរីនេះឡើង គឺក្នុងភាពសុទិដ្ឋិនិយម ដោយសិក្សាពីតម្រូវការ ទីផ្សារ និងប្រើប្រាស់ចំណេះដឹងនិងជំនាញរបស់ខ្លួន។
លោកបន្តថា “គ្រប់យ៉ាងគឺស្ថិតនៅក្នុងដៃរបស់យើង បើមើលឃើញថាមានឱកាសដែលល្អហើយ មិនគួរណាយើងបោះបង់នោះទេ ប៉ុន្តែយើងត្រូវតែសិក្សាឱ្យបានលម្អិត និងច្បាស់លាស់ដើម្បីអាចទាញយកផលចំណេញពីវាឱ្យបាន”។លោកបន្តទៀតថា “និយាយឱ្យចំទៅ ដូចជាខ្ញុំផ្ទាល់ ដែលខ្ញុំតែងតែសម្លឹងមើលពីឱកាសនៅជុំវិញខ្លួនខ្ញុំ បើឃើញថាល្អហើយ មានសុវត្ថិភាពថែមទៀតនោះ ខ្ញុំនឹងចាប់យកឱកាសនោះមកកាន់ក្នុងដៃតែម្ដង”។
ដោយឡែក លោក ផុន សាមាន ដែលជាស្ថាបនិក និងជានាយកផ្នែកទីផ្សារនៃបុរី សុកគា ស៊ីធី មួយរូបដែរនោះ បានប្រាប់ឱ្យដឹងថា លោកក៏ជាអតីតពលករបម្រើការងារនៅក្នុងប្រទេសកូរ៉េអស់រយៈពេល២ឆ្នាំ១០ខែ ប៉ុន្តែពេលនេះ លោកបានផ្លាស់ប្ដូរជីវិតភាពជាពលករ មកជាអ្នកជំនួញ។
លោកបានបញ្ជាក់ថា “យើងគួរតែចេះផ្តល់តម្លៃនៃពេលវេលាផ្ទាល់ខ្លួន និងការចាត់ចែងចំណូលចំណាយឱ្យបានល្អ បើមិនដូច្នេះទេ រយៈពេលដែលយើងរស់នៅប្រទេសកូរ៉េអាចនឹងមិនរីកចំរើន ឬក៏ត្រលប់មកស្រុកខ្មែរវិញដោយមិនសល់អ្វីទាល់តែសោះ”។ លោកបានបញ្ជាក់ថា “ហេតុនេះយើងគួរតែចាប់ផ្តើមក្នុងការកំណត់គោលដៅ និងពេលវេលាឱ្យបានច្បាស់លាស់ ដើម្បីអាចបង្កើនលទ្ធភាពផ្ទាល់ខ្លួន រួមជាមួយសមិទ្ធផលនានានៅពេលយើងត្រលប់មកប្រទេសវិញ”។
នៅត្រឹមរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នៃការជ្រៀតខ្លួនចូលមកប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ អតីតពលករទាំង៣រូប បានសម្រេចនូវសមិទ្ធផលរបស់ខ្លួនគួរឱ្យជាទីមោទនៈ។
ជាក់ស្ដែង ក្រៅពីការវិនិយោគទៅលើគម្រោងអភវឌ្ឍបុរីលំនៅដ្ឋានបែបទំនើប សុកគា ស៊ីធី ដែលមានទីតាំងស្ថិតនៅ ស្រុកសន្ទុក ខេត្តកំពង់ធំ នាពេលនេះ ពួកគេក៏ទទួលបានភាពជោគជ័យរួចជាស្រេច ទៅលើគម្រោងដីឡូតិ៍ចំនួន៤ ហើយក៏កំពុងបន្តបង្កើតគម្រោងថ្មីៗមួយចំនួនទៀតផងដែរ៕


