ដោយ ស៊ីវ ម៉េង
ភ្នំពេញៈ ប្រឡូកក្នុងវិស័យអចលនទ្រព្យអស់រយៈពេល១៥ឆ្នាំ លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Mekong បានចាប់់ផ្តើមក្រុមហ៊ុនពីបុគ្គលិកក្នុងចំនួន៤នាក់ ប៉ុន្តែបច្ចុប្បន្នបុគ្គលិករបស់លោកបានកើនឡើងជាង៦០នាក់។
ការឈរជើងយ៉ាងរ៉ឹងមាំ និងដឹកនាំក្រុមហ៊ុន១ឲ្យទទួលបានជោគជ័យរយៈពេលវែងមិនមែនជារឿងសាមញ្ញពេកទេ ប៉ុន្តែលោកច្រឹក សុខនីមធ្វើបានយ៉ាងល្អជាមួយនឹងការបើកក្រុមហ៊ុនក្នុងស្រុកឈ្មោះ Mekong Brokerage ហើយក្រោយមកបានទិញយក Franchise មួយគឺ Century21 Mekong ដើម្បីពង្រីកសក្តានុពលរបស់ខ្លួន។
-->
តើលោកឈរលើគោលការណ៍បែបណា ដើម្បីសម្រេចបាននូវជោគជ័យធំៗក្នុងការដឹកនាំក្រុមហ៊ុន លោកសុខនីម ដែលបច្ចុប្បន្នមានតួនាទីជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានមានប្រសាសន៍ឲ្យដឹង នារសៀលថ្ងៃទី២ កក្កដានេះថា ការដឹកនាំក្រុមហ៊ុនរហូតមកទល់ពេលនេះ លោកឈរលើគោលការណ៍សំខាន់ចំនួន៣ ដូចជា ទី១ ការធ្វើការងារតាមគោលការណ៍ជាក្រុម ទី២ កំណត់វិស័យដែលយើងធ្វើឬផ្តោតឲ្យបានច្បាស់់លាស់ និងទី៣ ធ្វើជាភ្នាក់ងារដែលផ្តោតលើវិស័យអ្វីមួយ និងវិនិយោគដោយខ្លួនឯង។
លោកបន្តថា “អ្វីដែលយើងអនុវត្តន៍គឺកសាងទំនុកចិត្តនៅក្នុងទីផ្សារ តាមរយៈការផ្តល់សេវាកម្មប្រកបដោយភាពស្មោះត្រង់ជាមួយអតិថិជន”។លោកបន្តថា “យើងផ្តល់ឲ្យអតិថិជនចំណេញ មិនចេះតែណែនាំនោះទេ ព្រោះនៅពេលអតិថិជនចំណេញ ពួកគេនឹងមករកយើង ជាលទ្ឋផលមានការងារជាច្រើនដែលអតិថិជនផ្តល់ឲ្យយើង ដែលធ្វើឲ្យក្រុមហ៊ុនរបស់យើងធ្វើការឲ្យគេសឹងមិនទាន់”។
នៅពេលនិយាយពីមូលហេតុ នៃការទិញពាណិជ្ជសញ្ញាឬ Franchise ពីក្រុមហ៊ុន Century21 Cambodia លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងថា ការទិញ Franchise ធ្វើឲ្យគេឆាប់់់ស្គាល់យើង និងងាយទទួលបានជោគជ័យ ព្រោះយើងហាក់បីដូចជាទិញពេលវេលា ដើម្បីពង្រីកកេរ្ត៍ឈ្មោះរបស់យើង ព្រោះបើសិនជាយើងចាយលុយធ្វើទីផ្សារក៏អាចអស់ច្រើនដូចគ្នានឹងការទិញ Franchise ហើយជួនកាលគេក៏មិនសូវស្គាល់យើងបានច្រើនដូចក្រុមហ៊ុន ដែលមានកេរ្ត៍ឈ្មោះល្អលើឆាកអន្តរជាតិបែបនេះដែរ។
លោកបន្តថា “យើងមានក្រុមការងារច្រើនចាំជួយគ្នាទៅវិញទៅមក នៅពេលយើងជួបបញ្ហាអ្វីមួយ ហេតុនេះទើបយើងអាចដើរបានលឿនជាងមុន និងជោគជ័យលឿនជាងមុន”៕