ដោយៈរ៉ាណេត
ភ្នំពេញៈ ដោយសារតែកំណើនសេដ្ឋកិច្ច បានធ្វើឲ្យវិស័យអចលនទ្រព្យមានភាពរីកចម្រើនលឿន ដូចជាសំណង់លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម បានជម្រុញឱ្យតម្លៃដីមានកំណើនខ្ពស់ ជាពិសេសនៅក្នុងខណ្ឌដូនពេញ ត្រូវបានក្រុមអ្នកជំនាញបញ្ជាក់ប្រាប់ថា មានកម្រិតខ្ពស់ជាងគេ បើប្រៀបធៀបជាមួយបណ្តាខណ្ឌមួយចំនួនដែលស្ថិតជាប់គ្នា។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តម្លៃអចលនទ្រព្យនៅក្នុងខណ្ឌដូនពេញ គឺមានកម្រិតខ្ពស់ ប៉ុន្តែមិនមែនស្មើគ្នាគ្រប់តំបន់នោះទេ ដែលវាក៏អាស្រ័យទៅលើទីតាំងពាណិជ្ជកម្មពិសេស ទំហំ និងស្ថានភាពផ្លូវផងដែរថា។លោកថា ចំពោះតម្លៃដីដែលស្ថិតនៅតាមបណ្តាផ្លូវ និងមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ គឺមានតម្លៃខុសៗពីគ្នា ហើយក៏មិនសូវមានការទិញលក់យ៉ាងគគ្រឹកគគ្រេង ដូចដីនៅតំបន់ផ្សេងទៀតនោះដែរ រហូតត្រូវបានអ្នកជំនួញលើវិស័យមួយនេះចាត់ទុកថា ជាតំបន់ដីកម្រ។
-->
ជាក់ស្ដែងដូចជាតាមបណ្តោយផ្លូវព្រះមុនីវង្ស ដោយរាប់គិតត្រឹមតែពីម្ដុំផ្សារថ្មីមកដល់តំបន់ពេទ្យចិន អាចមានតម្លៃចន្លោះពី៥,០០០ ទៅ៦,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយប្រសិនបើនៅកាន់កៀគនឹងតំបន់ផ្សារធំថ្មី ឬជុំវិញផ្សារថ្មីកាន់តែមានតម្លៃថ្លៃជាងនេះ។
ដោយឡែកសម្រាប់ដីនៅក្នុងខណ្ឌដូនពេញរួមគ្នា ប៉ុន្តែស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមវិញ ត្រូវបានលោក ស៊ា ឆៃលីន នាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធី ខូអីលធីឌីប្រាប់ឱ្យដឹងថា ខ័ណ្ឌដូនពេញតម្លៃដីហាក់មានភាពខ្ពស់ជាង នៅតាមបណ្តាផ្លូវធំមួយចំនួនទៀត។ លោកបានបញ្ជាក់ថា ដីដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ចាប់ពីវិមានឯករាជ្យ ឆ្ពោះមកកាន់តំបន់វត្តភ្នំពេញ គឺមិនមានដីទំនេរនោះទេ ដែលសូម្បីដីសម្រាប់ធ្វើការអភិវឌ្ឍន៍ជាអគារពាណិជ្ជកម្មត្រឹមទំហំ១ហិកតា ក៏ស្ទើរតែរកមិនបានផង។

លោកបន្ថា តម្លៃដីនៅតាមបណ្តោយផ្លូវមួយនេះ មានកម្រិតខ្ពស់ជាក់ស្ដែងត្រឹមដីទំហំ២,០០០ ម៉ែត្រការ៉េចុះក្រោម អាចមានតម្លៃរហូតដល់៨០០០ដុល្លារ ឬអាចឈានដល់១០,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃដីធ្លីខ្ពស់ឬទាប វាអាស្រ័យទៅលើទីតាំង ដែលអាចមានភាពអំណោយផលដល់ការធ្វើពាណិជ្ជកម្ម៕