ដោយ Donald Lee
គួឡាឡាំពួៈ រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងសាងសង់លំនៅដ្ឋាន មានតំលៃសមរម្យមួយលានខ្នង ដើម្បីឆ្លើយតបនឹងវិបត្តិលំនៅដ្ឋាន ដែលបានធ្វើឲ្យគ្រួសារមានចំណូលមធ្យមធ្វើជាច្រើន កំពុងព្យាយាមស្វែងរកលំនៅដ្ឋានក្នុងទីក្រុងគូឡាឡាំពួ ខណៈលំនៅដ្ឋាន ដែលមានតម្លៃ៦,៦ពាន់លានដុល្លារនៅតែមិនមានការលក់ចេញ។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុធនាគារ Negara។
យោងតាមរបាយការណ៍អចលនទ្រព្យម៉ាឡេស៊ី មានតែ២៥ភាគរយប៉ុណ្ណោះនៃលំនៅដ្ឋាន ដែលបានដាក់លក់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយមានតម្លៃក្រោម ៦០,០០០ដុល្លារ។ ប៉ុន្តែលំនៅដ្ឋានមានតម្លៃជាមធ្យម ប្រហែល១៨៧,០០០ដុល្លារនៅទីក្រុងគួឡាឡាំពួដែលកើនឡើង១០០ភាគរយ បើប្រៀបធៀបទៅនឹងតម្លៃកាលពីឆ្នាំមុន។ការកើនឡើងតម្លៃនេះ បានធ្វើឲ្យប្រជាពលរដ្ឋជិត២លានគ្រួសារ មិនអាចរកបានលំនៅដ្ឋានដែលមានតំលៃសមរម្យ។
-->
អ្វីដែលធ្វើឲ្យស្ថានភាពលំនៅដ្ឋានកាន់តែពិបាកនោះ គឺការសាងសង់លំនៅដ្ឋានថ្មីជាង១៥០,០០០ ផ្ទះដែលមានតម្លៃច្រើនជាង៦០,០០០ដុល្លារ មិនត្រូវបានលក់ចេញ ដែលបង្កឲ្យមានការផ្គត់ផ្គង់លើសតម្រូវការ និងអាចធ្វើឲ្យតម្លៃអចលនទ្រព្យនៅប្រទេសម៉ាឡេស៊ីធ្លាក់ចុះ។
រដ្ឋាភិបាលបានសន្យាបង្កើនការផ្គត់ផ្គង់លំនៅដ្ឋាន ដែលមានតំលៃសមរម្យ និងបានសហការជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងសមាគមអ្នកទិញអចលនទ្រព្យ។
លោក Datuk N K Tong អនុប្រធានសមាគមអ្នកអភិវឌ្ឍអចលនទ្រព្យ និងលំនៅដ្ឋានម៉ាឡេស៊ី (Rehda) បាននិយាយថា “ផ្ទះចំនួនមួយលានខ្នង(តម្លៃសមរម្យ)ក្នុងរយៈពេល១០ឆ្នាំ អាចសម្រេចទៅបាន ប្រសិនបើមានដំណោះស្រាយគ្រប់គ្រាន់ ហើយខ្ញុំគិតថា រដ្ឋាភិបាលនេះមានសមត្ថភាពធ្វើបាន”។
លោកបានបន្តថា “ទោះបីជាយ៉ាងណាក៏ដោយខ្ញុំមិនរំពឹងថាផ្ទះចំនួន ១០ ម៉ឺន ខ្នងនឹងត្រូវបានដាក់លក់ក្នុងឆ្នាំទី ១ ទេ ពីព្រោះដោយសារតែការអនុវត្តជាក់ស្តែង រយៈពេលនៃការវិវត្តនៃការអភិវឌ្ឍន៍អាចចំណាយពេលដល់ទៅ៤ឆ្នាំ”។
រដ្ឋបាលក្រុងប៉េណាងបានសន្យាថា នឹងសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ១១០,០០០ ខ្នងនៅឆ្នាំ ២០២៥។
យោងតាមលោក Jagdeep Singh Deo អភិបាលទីក្រុងប៉េណាំងបានឲ្យដឹងថា រដ្ឋាភិបាលក្នុងតំបន់បានអនុវត្តការផ្តួចផ្តើមគោលនយោបាយ “ជួលហើយក្លាយជាម្ចាស់កម្មសិទ្ធិ” ដែលនឹងអនុញ្ញាតឲ្យអ្នកដាក់ពាក្យសុំបង់ថ្លៃជួលប្រចាំខែ ចន្លោះពី ២៤ ទៅ ៣៦ ដុល្លារក្នុងរយៈពេល ១៥ ឬ ២៥ ឆ្នាំដើម្បីធ្វើជាម្ចាស់ផ្ទះ។
លោកបានមានប្រសាសន៍ថា “យើងគ្រោងផ្តល់ផែនការ“ជួល ហើយក្លាយជាម្ចាស់កម្មសិទ្ធិ” ហើយឥឡូវនេះយើងមានលំនៅដ្ឋានចំនួន ២,០០០ នៅក្នុងដៃសម្រាប់ការធ្វើដូច្នេះ”។

លោកបន្តថា “យ៉ាងហោចណាស់ប្រជាពលរដ្ឋ១,០០០ គ្រួសារដែលមិនអាចទទួលបានប្រាក់កម្ចីពីធនាគារពាណិជ្ជ អាចមានលទ្ធភាពទទួលបាននូវលំនៅដ្ឋានទាំងនេះ ហើយអាចកាន់កាប់វាបានក្នុងរយៈពេលវែង”៕