ដោយគង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីបានថ្លែងថា ស្របពេលមានការរឹតបន្តឹងលើច្បាប់សាងសង់ និងការផ្តល់អាជ្ញាប័ណ្ណនានារបស់រដ្ឋាភិបាល ជាការរឹតបន្តឹងសំដៅលើកកំពស់សុវត្ថិភាពក្នុងការសាងសង់ ដើម្បីការពារកុំឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។
លោកបន្តឲឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមកាលពីថ្ងៃទី៣ កក្កដាកន្លងមកថា ការរឹតបន្តឹងលើបទបញ្ញត្តិទាំងឡាយនេះ នឹងមានផលប៉ះពាល់រយៈពេលខ្លីប៉ុណ្ណោះ ដល់វិស័យនេះ ប៉ុន្តែបន្ទាប់ពីរយៈពេលពីរឬបីខែក្រោយមក បន្ទាប់ពីបទបញ្ញត្ត និងបទដ្ឋានគតិយុត្តិនានារៀបចំរួចរាល់ នឹងធ្វើឲ្យវិស័យសំណង់ និងអចលនវត្ថុកម្ពុជា នឹងបន្តមានភាពលូតលាស់ហើយមានសុខភាពល្អជាងមុន កាន់តែមានទំនុកចិត្ត កាន់តែមានការជឿជាក់ និងកាន់តែមានគុណភាព ហើយទទួលបានការគាំទ្រពីអតិថិជនក្នុងនិងក្រៅស្រុក។
លោកបន្តថា “ការរឹតបន្តឹងបទបញ្ញត្តិនេះ ក៏ជួយបង្កើនទំនុកចិត្ត និងបង្កើនការជឿជាក់ពីអ្នកវិនិយោគជាតិ និងអន្តរជាតិបន្ថែមទៀតមកលើរដ្ឋាភិបាល”។ លោកបន្តថា “ក្នុងនាមសមាគម ខ្ញុំសូមឲ្យម្ចាស់គំរោង អ្នកសាងសង់លំនៅដ្ឋាន អាគារនានាសូមរៀបចំប្លង់ រៀបចំប្លង់ស្ថាបត្យកម្មទាំងក្នុង និងក្រៅអាគារឲ្យបានត្រឹមត្រូវ ដើម្បីដាក់ស្នើសុំទៅរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
ការដាក់ចេញវិធានការណ៍របស់រដ្ឋាភិបាលនេះ ជាការធ្វើឡើងដើម្បីបង្ការហានិភ័យជាថ្មី បន្ទាប់់ពីការបាក់រលំអាគារកំពស់៧ជាន់ នៅខេត្តព្រះសីហនុកាលពីចុងខែមិថុនាកន្លងមកនេះ ដែលបានធ្វើឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់៕






