តម្លៃ​ដី​ខេត្តកំពត​បន្ត​កើនឡើង​ ខណៈ​គំរោង​សំ​ណង់​ធំៗ​ចាប់់​ផ្តើម​សកម្មភាព​

0

ដោយៈ​ រ៉ា​ណេត​

កំពត​៖​ ស្ថានភាព​នៃ​តម្លៃ​អចលនទ្រព្យ​ ក៏ដូចជា​សកម្មភាព​នៃ​ការ​ចូលខ្លួន​ផ្តើម​អភិវឌ្ឍ​ទៅលើ​គម្រោ​ងធំៗ​មួយចំនួន​ហើយ​ ខណៈ​តម្លៃ​ដីធ្លី​នៅ​ខេត្ត​នេះ​បាន​និង​កំពុង​បន្ត​កើនឡើង​។នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​។

នៅក្នុង​ទឹកដី​ខេត្តកំពត​ ដែល​មាន​អំណោយផល​បែប​ធម្មជាតិ​ ជាមួយនឹង​តំបន់ឆ្នេរ​សមុទ្រ​ មាត់​ព្រែក​ដែល​មាន​ទឹកសាប​ ទឹកប្រៃ​លាយ​ជាមួយគ្នា​ ដែល​អនុគ្រោះ​ដល់​វិស័យ​ទេសចរណ៍​នោះ​ នៅ​ត្រឹម​ដើម​ឆមាស​ទី២នៃ​ឆ្នាំ២០១៩នេះ​ សកម្មភាព​នៃ​ការសាងសង់​សំ​ណង់​ផ្សេង​ៗ ក៏ដូចជា​គម្រោង​អភិ​វឌ្ឍ​ធំៗ​មួយចំនួន​ បាន​ចាប់ផ្តើម​មាន​សកម្មភាព​ជា​បណ្តើរ​ហើយ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ R Investment​ Group​ លោក​ឧកញ៉ា​ តេង​ រិទ្ធី​ ដែល​មាន​គម្រោង​វិនិយោគ​ និង​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​បែប​លំ​ហែរ​កាយ​ នៅក្នុង​ខេត្តកំពត​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​ថា​ ខេត្តកំពត​ពេលនេះ​ បាន​ចាប់ផ្តើម​មានការ​ផ្លាស់ប្ដូរ​មុខមាត់​ជា​បណ្ដើរ​ៗហើយ​។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “នៅក្នុង​ខេត្ត​មួយ​នេះ​ ខ្ញុំ​មាន​គម្រោង​បណ្តាក់​ទុន​ក្នុង​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​បែប​លំ​ហែរ​កាយ​ប្រភេទ​ជា​ទេសចរណ៍​ ប៉ុន្តែ​យើង​នៅ​មិនទាន់​ចាប់ផ្តើម​សកម្មភាព​សាងសង់​នៅឡើយ​ទេ​”។ លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “នៅ​ក្នុង​តំណា​ក់​នេះ​ ក្រុមហ៊ុន​ និង​អ្នកជំនាញ​ កំពុងតែ​ចុះ​ធ្វើការ​សិក្សា​លម្អិត​ទៅលើ​ស្ថានភាព​ទូទៅ​ក្នុង​តំបន់​នៃ​គម្រោង​ និង​លទ្ធភាព​ក្នុង​ការ​ចាប់ផ្តើម​”។

​;លោក​ឧក​ញ៉ា​តេង​ រិទ្ឋី​បាន​បន្ត​ទៀត​ថា​ ទឹកដី​ខេត្តកំពត​មាន​សក្ដានុពល​ និង​ភាព​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍​ មិនចាញ់​ក្រុង​ព្រះសីហនុ​នោះ​ទេ​។ ពេលនេះ​ក៏​មាន​ជនបរទេស​(អឺរ៉ុប​) និង​ជនជាតិ​ខ្មែរ​មួយចំនួន​ដែល​បាន​ចាកចេញ​ពី​ក្រុង​ព្រះសីហនុ​ ចូល​មកកាន់​ខេត្ត​នេះ​ដែរ​ ខណៈ​ដែល​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ក៏​ចាប់ផ្តើម​មាន​សកម្មភាព​”។

នៅពេល​បច្ចុប្បន្ន​នេះ​ សកម្មភាព​នៃ​ការ​អភិវឌ្ឍ​កំពង់ផែ​ទឹកជ្រៅ​ ដែល​អនុគ្រោះ​ដល់​វិស័យ​ដឹកជញ្ជូន​ រួម​ជាមួយនឹង​ការ​កសាង​កំពង់ផែ​ទេសចរណ៍​ ដែល​អាច​ស្វា​គម​ន៍​ភ្ញៀវ​ងទេសចរ​រហូតដល់​ប្រមាណ១លាន​នាក់​នោះ​ កំពុងតែ​មាន​សកម្មភាព​យ៉ាងសកម្ម​ ខណៈ​គម្រោង​អភិវឌ្ឍ​តំបន់ឆ្នេរ​ខ្សាច់​ថ្មី​ ដែល​ជាទី​តាំង​ទេសចរណ៍​កែច្នៃ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជ​ ក្រោម​ទុន​វិនិយោគ​សរុប​រហូត​ប្រមាណ ២០០០លាន​ដុល្លារ​ របស់​ក្រុមហ៊ុន​ IGB​ ស្ថិតនៅ​ភូមិ​កែប​ថ្មី​ ឃុំ​បឹងទូក​ ស្រុក​ទឹកឈូ​ ក៏​កំពុង​ចាប់ផ្តើម​។

អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ចក់​ ស៊ី​ណាត​បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា​ ស្រប​ពេល​ដែល​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​គម្រោ​ងធំៗ​បាន​ចាប់ផ្តើម​ បាន​ធ្វើ​ឱ្យ​តម្លៃ​ដី​ និង​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​មួយ​នេះ​មានការ​កើនឡើង​។ លោក​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​តម្លៃ​ដី​នៅ​ទូទាំង​ខេត្ត​គឺ​មានការ​កើនឡើង​ ប៉ុន្តែ​មាន​ភាព​មិន​ស្មើគ្នា​នោះ​ទេ​។ តម្លៃ​ដី​នៅ​កណ្តាល​ខេត្ត​ ជាទូទៅ​មានការ​កើនឡើង​ចន្លោះ៣០​ ទៅ៥០ភាគរយ​តែប៉ុណ្ណោះ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លងទៅ​។

លោក​បន្ត​ទៀត​ថា​ “តម្លៃ​ដី​ដែល​ហក់​ឡើង​ខ្ពស់​ស្ទើរតែ១០០ភាគរយ​ ឬលើស​ពីនេះ​ គឺ​នៅ​តាម​តំបន់​ជាយក្រុង​ ជាពិសេស​នៅ​ជិត​តំបន់ឆ្នេរ​ តំបន់​មាត់​ព្រែក​ឬជួរភ្នំ​ ព្រោះ​តំបន់​ទាំងអស់​នេះ​ មាន​តម្រូវការ​ខ្ពស់ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​ តំបន់​កម្សាន្ត​លំ​ហែរ​កាយ​បែប​ធម្មជាតិ​”។ លោក​បន្ត​ទៀត​ថា​ “នៅ​តាម​តំបន់​ទាំងនេះ​ កាលពី​ឆ្នាំ​កន្លងទៅ​មានតម្លៃ​ត្រឹម៦០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ប៉ុន្តែ​ពេលនេះ​បាន​ឡើង​ដល់ ១០០ដុល្លារ​ ឬលើស​ពីនេះ​ក៏មានដែរ​”។

លោក​ស៊ី​ណាត​បាន​បញ្ជាក់​ទៀត​ថា​ តម្លៃ​ទាំងនេះ​ នៅ​មិនទាន់​ដល់​ចំណុច​ខ្ពស់​នៅឡើយ​នៅទេ​ ដែល​វា​ជា​ឱកាស​សម្រាប់​អ្នក​ដែល​ចង់​វិនិយោគ​បន្ត​ទទួលយក​ចំណេញ​នៅ​ថ្ងៃ​អនាគត​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​ លោក​ ជាវ​ តាយ​ ធ្លាប់​បាន​មានប្រសាសន៍​ ឱ្យ​ដឹង​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ ចិន​ កូរ៉េ​ តៃវ៉ាន់​ ជប៉ុន​ និង​ ក្រុមហ៊ុន​បរទេស​ជាច្រើន​ទៀត​ បាន​ចូល​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅក្នុង​ខេត្តកំពត​ ប៉ុន្តែ​គម្រោង​ណាមួយ​ជាក់លាក់​ មិនទាន់​បាន​ចាប់ផ្តើម​នៅឡើយ​ទេ​។ លោក​បន្ត​ថា​ ពួកគេ​កំពុង​សិក្សា​ ស្វែងយល់​ពី​សក្តា​នុ​ពល​របស់​ខេត្ត​ ដែល​កំពុង​មាន​ភាព​ទាក់ទាញ​អ្នក​វិនិយោគ​ជាតិ​ – អន្តរជាតិ​។

​លោក​បន្ត​ថា​ “ខ្ញុំ​គិតថា​នៅ​ចុងឆ្នាំ​នេះ​ ឬដើមឆ្នាំ២០២០ខាងមុខ​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​ នឹង​រីកចម្រើន​ខ្លាំង​នៅក្នុង​ខេត្ត​នេះ​ ដោយសារ​ខេត្តកំពត​មាន​សក្តា​នុ​ពល​ជាច្រើន​”។ លោក​បន្ថែម​ថា​ “ខេត្តកំពត​ មាន​សក្តា​នុ​ពល​ជាច្រើន​ ដោយមាន​កំពង់ផែ​ទឹកជ្រៅ​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ធនធាន​ធម្មជាតិ​ និង​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here