ដោយ ម៉ាណេត
(ហ្សឺណែវ)៖ ការពង្រឹងឧត្តមភាពប្រកួតប្រជែង ដើម្បីគាំទ្រដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០ និងការកៀងគរប្រភពជំនួយថ្មីដើម្បីធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច តាមរយៈសេវាកម្ម និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ គឺជាវត្ថុបំណងដ៏សំខាន់នៃយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ថ្មី ឆ្នាំ២០១៩-២០២៣ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព កិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសាកល ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម (AfT) លើកទី៧ ដែលរៀបចំឡើងនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីវឌ្ឍនភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងសារៈសំខាន់នៃ AfT ដែលបានចូលរួមកាត់បន្ថយភាពក្រីក្រពី ៥៣% ក្នុងឆ្នាំ២០០៤ មកនៅក្រោម ១០% កាលពីឆ្នាំ២០១៨។
-->
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានវាយតម្លៃខ្ពស់ចំពោះអង្គការ WTO ដែលបានសហការរៀបចំវេទិកាថ្លែងសុន្ទរកថាគន្លឹះ សម្រាប់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាសាកល នូវឯកសារ CTIS ជំនាន់ទី៤ ឆ្នាំ២០១៩-២០២៣។
«ចំពោះយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣ កម្ពុជានៅតែជាប្រទេសទទួលផលនាំមុខគេ ក្នុងការអនុវត្តកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF)។ ការធ្វើបច្ចុប្បន្នភាពលើកទីបីនេះ គឺមានសង្គតិភាពជាមួយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល អាណត្តិទី៦» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
សូមជម្រាបថា កន្លងមកនៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី កម្ពុជាបានគោរពគោលការណ៍ និងតម្លៃដែលទ្រទ្រង់ដោយអង្គការ WTO តាមរយៈសកម្មភាពដូចខាងក្រោម៖
– ឆ្នាំ២០១៧ កម្ពុជាបានបញ្ចប់ដោយជោគជ័យនូវការពិនិត្យឡើងវិញ គោលនយោបាយពាណិជ្ជកម្ម លើកទី២ ទៅតាមកាតព្វកិច្ចរបស់ខ្លួន។
– បានរៀបចំបង្កើតស្ថានបេសកកម្មអចិន្រ្តៃយ៍របស់កម្ពុជា ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រចាំនៅអង្គការ WTO។
– បានបំពេញភារកិច្ច ជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់កម្មវិធី EIF តំណាងឱ្យប្រទេសអភិវឌ្ឍន៍តិចតួចនៅអាស៊ី។
សមិទ្ធផលទាំងអស់នេះ ជាសក្ខីភាពដែលបានមកពីការចូលរួមក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដ៏មានឥទ្ធិពល ដែលមានអង្គការ WTO ជាបង្អែក។
តាមរយៈភាពជោគជ័យរបស់កម្ពុជា ក៏ជាភស្ដុតាងដែលបញ្ជាក់ថា គោលនយោបាយពាណិជ្ជកម្មបើកទូលាយ រួមផ្សំជាមួយគោលនយោបាយអភិបាលកិច្ចល្អ ជាពិសេសការគាំទ្រធុរកិច្ច នឹងបង្កើតផលវិជ្ជមានប្រកបដោយចីរភាព ចំពោះការអភិវឌ្ឍកំណើនសេដ្ឋកិច្ច៕