អគារ​ភ្លោះ​ពាណិជ្ជកម្ម​ Royal​ One​ កំពស់​ ៦៨ជាន់ ​ហាក់​គ្មាន​សកម្មភាព​សាងសង់​

1

ដោយ​ វុត្ថា​

ភ្នំពេញ​៖ អគារ​ភ្លោះ​ពាណិជ្ជកម្ម​ Royal​ One​ កំពស់​ ៦៨ជាន់​ ហាក់​គ្មាន​សកម្មភាព​សាងសង់​ ខណៈ​អគារ​នេះ​ ត្រូវ​បាន​បុក​គ្រឹះ​សាងសង់​កាលពីដើម​ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ ។

អគារ​របស់​ក្រុមហ៊ុន​ Royal​ Group​ នេះ​ កំ​ពុង​ហុំ​ព័ទ្ធ​ដោយ​របង​ដែល​បង្ហាញ​ពី​ទ្រង់ទ្រាយ​នៃ​អាគារ​ និង​ចាក់សោ​បិត​ជិត​ ព្រមទាំង​គ្មាន​គ្រឿងចក្រ​សំណង់​សាង​សង់​ផ្សេង​ៗនៅក្នុង​នៃ​អគារ​។

អ្នកឧកញ៉ា​ គិត​ ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ Royal​ Group​ និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​សហការ​រួមគ្នា​ជាមួយ​វិនិយោគិន​ចិន​ បោះទុន​ទឹកប្រាក់​ចំនួន​ ២៣០លាន​ដុល្លារ​ សាងសង់​អគារ​ភ្លោះ​ពាណិជ្ជកម្ម​កំពស់​ ៦៨ជាន់​ និង​បាន​ប្រកាស​បុក​គ្រឹះ​សាងសង់​ជា​ផ្លូវការ​នៅ​ថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០១៩កន្លងទៅ​នេះ​។

អគារ​ភ្លោះ​ពាណិជ្ជកម្ម​កំពស់​ ៦៨ជាន់​ មានឈ្មោះ​ថា​ Royal​ One​ ដែល​មាន​ទីតាំង​ស្ថិតនៅ​លើ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ និង​មហា​វិ​ថី​មន្នី​វង្ស​ ព្រមទាំង​ស្ថិតនៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ និង​ប្រជុំ​ដោយ​អគារ​ខ្ពស់​ៗដូចជា​ អគារ​កា​ណា​ឌី​យ៉ា​, អគារ​វឌ្ឍនៈ​ថៅវើរ​ រួម​ទាំង​អគារ​ Exchange​ Square​ ជាដើម​។

នៅក្នុង​អគារ​ភ្លោះ​ពាណិជ្ជកម្ម​ Royal​ One​ នេះ​ មាន​ដូចជា​ ខុន​ដូ​, ផ្សារ​ទំនើប​, សណ្ឋាគារ​,ក្លឹប​កំសាន្ត​, ក្លឹប​ហាត់ប្រាណ​, ភោជនីយដ្ឋាន​ និង​មជ្ឍ​មណ្ឌល​កំ​សាន្ត​ផ្សេង​ៗជាដើម​។ លោក​ឧកញ៉ា​ គិត​ ធាង​ ជា​ប្រធាន​ក្រុមហ៊ុន​ Royal​ One​ និង​ជា​អនុប្រធាន​សម្ព័ន្ធ​ Royal​ Group​។

អគារ​ភ្លោះ​ពាណិជ្ជកម្ម​ Royal​ One​ កំពស់​ ៦៨ជាន់​ ក្នុង​នោះ​ ៦ជាន់ក្រោម​ដី​ និង​ ៦២ជាន់លើ​អាកាស​ស្មើនឹង​ ២៣០ ម៉ែត្រ​ សាងសង់​លើ​ផ្ទៃដី​ទំហំ​ ៤,០៣៦ម៉ែត្រការ៉េ​ និង​ប្រើប្រាស់​រយៈពេល​សាង​សង​ចំនួន៥ឆ្នាំ​។ក្រុមហ៊ុន​ Royal​ Group​ ធ្លាប់​បាន​បង្ហាញ​ភាព​ជឿជាក់​ថា​ វត្តមាន​អគារ​ភ្លោះ​ដ៏​ប្រណិត​នេះ​នឹង​ចូលរួម​ចំណែក​ នៃ​មោទនភាព​ជាតិ​របស់​កម្ពុជា​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​ និង​ភាព​រីកចម្រើន​របស់​មាតុប្រទេស​ និង​ផ្សព្វផ្សាយ​លើ​ឆាក​អន្ដរ​ជាតិ​៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here