តំបន់​អរិយក្សត្រ​នៅតែ​មាន​សកម្មភាព​សាងសង់​លំនៅ​ដ្ឋាន​ច្រើន​ បើ​ទោះជា​គម្រោង​ស្ពាន​មិនទាន់​លេចចេញ​

1

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បើ​ទោះជា​គម្រោង​ នៃ​ការសាងសង់​ស្ពាន​ភ្ជាប់​និស្ស័យ​រវាង​រាជធានី​ភ្នំពេញ​និង​តំបន់​អរិយក្សត្រ​ នៅ​មិនទាន់​បាន​លេចចេញ​ជារូបរាង​យ៉ាងណាក៏ដោយ​ ប៉ុន្តែ​ចរន្ត​នៃ​សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​ និង​វិស័យ​ដីធ្លី​នៅតែ​បន្ត​មាន​យ៉ាង​ផុសផុល​ ខណៈ​ដែល​តម្លៃ​ដី​បាន​បន្ត​ឡើងថ្លៃ​ជាង​កាលពី​ឆ្នាំ​កន្លងទៅ​នោះ​ទៀត​។

នៅ​ត្រើយម្ខាង​នៃ​ទន្លេមេគង្គ​ទល់មុខ​រាជធានី​ភ្នំពេញ​ ស្ថិត​ក្នុង​តំបន់​អរិយក្សត្រ​ និង​តំបន់​ស្វាយ​ជ្រុំ​ ស្ថានភាព​នៃ​វិស័យ​ដីធ្លី​ ក៏ដូចជា​វិស័យ​អចលនទ្រព្យ​ នៅតែ​បន្ត​មាន​ហាងឆេង​ខ្ពស់​ ខណៈ​ដែល​បណ្តា​អ្នក​វិនិយោគ​ក្នុង​វិស័យ​មួយ​នេះ​ នៅតែ​មាន​សកម្មភាព​ទិញ​-លក់​ ជា​ធម្មតា​ ហើយ​ក្រុមហ៊ុន​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​មួយចំនួន​ ក៏​កំពុង​សម្រុក​ការសាងសង់​របស់​ខ្លួន​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​។

នាយិកា​ក្រុមហ៊ុន​ AMATAK​ Property​ Service​ លោកស្រី​តាំង​ ហួរ​ ជា​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​លើ​ការទិញ​-លក់​-ជួល​ បាន​មាន​ប្រសា​សន៍្យ​ដឹង​នា​ព្រឹក​ថ្ងៃទី៨​ កក្កដា​នេះ​ថា​ ទាំង​ពេល​បច្ចុប្បន្ន​នេះ​ ក៏ដូចជា​ថ្ងៃខាងមុខ​ តំបន់​ខាងលើ​នេះ​នៅតែ​បន្ត​មាន​ប្រជាប្រិយ​ភាព​ ហើយ​តម្លៃ​នៅតែ​បន្ត​កើនឡើង​។ លោកស្រី​បន្ត​ទៀត​ថា​ តំបន់​ទាំង២ខាងលើ​នេះ​ នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​នោះ​ទេ​ ពោល​គឺ​គ្រាន់តែ​នៅ​ត្រើយម្ខាង​ដែល​ខណ្ឌ​ចែក​ដោយ​ទន្លេ​តែប៉ុណ្ណោះ​។

លោកស្រី​បន្ត​ទៀត​ថា​ “បើ​ទោះជា​មិនទាន់​មាន​ស្ពាន​ ក៏​តម្លៃ​ដីធ្លី​នៅ​ទីនេះ​មា​នកំនើ​នដែរ​ ដោយសារតែ​វា​មាន​ភាពល្អ​ប្រសើរ​ដល់​ការរស់នៅ​”។ លោកស្រី​បន្ត​ទៀត​ថា​ “ដោយសារតែ​មើលឃើញ​ពី​ភាព​អំណោយផល​ទាំងអស់​នេះ​ អ្នក​វិនិយោគ​ជាច្រើន​បាន​សម្រុក​ទិញ​ដី​ទុក​លក់ចំណេញ​ក្នុងរយៈពេល​យូរ​ ហើយ​អ្នកខ្លះ​ទៀត​បាន​ទិញ​ដី​ ហើយ​អភិវឌ្ឍ​ជា​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​”។

លោកស្រី​តាំង​ ហួរ​បាន​បន្ត​ទៀត​ថា​ អ្នក​វិនិយោគ​បាន​សម្រុក​ទិញ​ពេលនេះ​ ព្រោះ​តម្លៃ​នៅ​មិនទាន់​ខ្ពស់​ខ្លាំង​នៅឡើយ​ ប៉ុន្តែ​បើ​ចាំ​ក្រោយ​គម្រោង​ស្ពាន​ចាប់ផ្តើម​ដំណើរការ​ វា​អាច​នឹង​ហួសពេល​ ដោយសារតែ​តម្លៃនឹង​ឡើងថ្លៃ​ខ្លាំង​ ពិបាក​ក្នុង​ការទិញ​ដើម្បី​អភិវឌ្ឍន៍​។

ទោះជាយ៉ាងណា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​Century​ 21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​មានប្រសាសន៍​ថា​ បើ​មើលតាម​ភាព​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ​ នៅ​តំបន់​អារិ​យក្ស​ត្រ​ និង​តំបន់​ស្វាយ​ជ្រុំ​ ហាក់​មិន​មាន​សកម្មភាព​ពុះ​ខ្លាំង​ដូច​កាលពី​ប្រមាណ២ឆ្នាំមុន​ នៅពេល​ធ្លាយ​ព័ត៌មាន​មាន​គម្រោង​សាងសង់​ស្ពាន​នោះ​ទេ​។ លោក​បន្ត​ទៀត​ថា​ ជា​ធម្មតា​នៅពេល​ដែល​មាន​គំរោង​អភិវឌ្ឍន៍​ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ ទីនោះ​តែង​មាន​ភាព​ពុះ​កញ្ច្រោល​។

​លោក​បន្ត​ថា​ “ពេលនេះ​បើ​ទោះជា​គម្រោង​សាងសង់​ស្ពាន​ ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ ប៉ុន្តែ​ការទិញ​-ការទិញ​លក់​នៅតែ​បន្ត​ គ្រាន់តែ​តម្លៃ​មិន​ថ្លៃ​ខ្លាំង​នោះ​ទេ​”។ លោក​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ តម្លៃ​ដី​គឺ​មិន​មាន​ភាពស្មើគ្នា​នោះ​ទេ​ ដែល​វា​អាស្រ័យ​ទៅតាម​ទីកន្លែង​ ស្ថានភាព​ដី​ និង​ទំហំ​”។

លោក​វ៉ា​ វីរៈ​បាន​បញ្ជា​ក់្យ​ដឹងផង​ដែរ​ថា​ ដី​ដែល​ស្ថិតនៅ​តាម​តំបន់​ក្បែរ​មាត់ទន្លេ​ ឬផ្លូវ​ធំ​ អាច​មានតម្លៃ​ចន្លោះ​ចាប់ពី​ ២០០​-២៥០​ -៣០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​”។ចំណែក​ដី​ដែល​ស្ថិតនៅ​ផ្លូវ​តូច​ អាច​មានតម្លៃ​ចន្លោះ​ពី​ ៤០​-៥៥​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ដែល​វា​អាស្រ័យ​ទៅតាម​ទំហំ​ និង​ស្ថានភាព​ដី​ ហើយ​ដីលិចទឹក​ ឬដី​បឹង​ មានតម្លៃ​ប្រមាណ​ជាង១០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ កត្តា​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការជំរុញ​ការអភិវឌ្ឍន៍​នៅ​តាម​តំបន់​ណាមួយ​ ហើយ​តំបន់​អរិយក្សត្រ​ទោះជា​មិនទាន់​សាងសង់​ស្ពាន​ ប៉ុន្តែ​វា​មិនមែន​ជា​ឧបសគ្គ​ឬធ្វើឲ្យ​រាំងស្ទះ​ដល់​ចរន្ត​នៃ​ការ​អភិវឌ្ឍ​ទេ​ ដោយ​សា​រតំ​បន់់​នេះ​មាន​ទីតាំង​ភូមិ​សាស្រ្ត​កៀក​នឹង​រាជធានី​ភ្នំពេញ​ មាន​លក្ខខ័ណ្ឌ​អាកាសធាតុ​ល្អ​ប្រសើរ​ និង​មាន​ប្រជាជន​រស់នៅ​និង​ធ្វើដំណើរ​ឆ្លងកាត់​ច្រើន​។

លោក​បន្ត​ថា​ “អ្នក​អភិវឌ្ឍន៍​សាងសង់​បុរី​នៅ​តាម​តំបន់​នេះ​ ពួកគេ​បាន​ចាប់​ឳកាស​បាន​យ៉ាង​ល្អ​ ដោយសារ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​មានតម្លៃ​ទាប​កាលពី៣ទៅ៥ឆ្នាំមុន​ ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​ដី​បាន​កើនឡើង​ខ្ពស់​រួច​ទៅ​ហើយ​”។ លោក​បន្ត​ថា​ “ការសាងសង់​ស្ពាន​ភ្ជាប់​ទៅ​តំបន់​នេះ​នឹង​ធ្វើឡើង​នៅពេល​ខាងមុខ​ គ្រាន់តែ​ពេលវេលា​និង​ភាព​ចាំបាច់​នៃ​ការ​ចាប់ផ្តើម​មិនទាន់​មកដល់​”៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here