ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ បាននិងកំពុងរៀបចំសេចក្តីសម្រេចលើការបង្កើតសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងសន្តិសុខនៅតាមបុរី សណ្ឋាគារ និងផ្ទះសំណាក់។
នាយឧត្តមសេនីយ៍ខៀវ សុភ័ក្រ អ្នកនាំពាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៨ កក្កដាកន្លងមកថា អនុក្រឹត្យកំពុងតែរៀបចំធ្វើ ដើម្បីឆ្លើតទៅនឹងការគ្រប់គ្រងឱ្យមានសណ្តាប់ធ្នាប់ និងសន្តិសុខនៅតាមបុរីទាំងនោះ ព្រោះកន្លងមកប្រទេសកម្ពុជា គឺគិតចាប់តាំងឆ្នាំ១៩៧៩ មក មិនដែលមានបុរីឡើយ។
លោកបន្តថា “បើទោះមានក្រុមសន្តិសុខ គ្រប់គ្រងនៅតាមបុរី សណ្ឋាគារ និងផ្ទះសំណាក់ក៏ដោយ ក៏ការគ្រប់គ្រងនេះមិនទាន់បានល្អ និងសុវត្ថិភាពនៅឡើយ ទើបរដ្ឋាភិបាលសម្រេចបង្កើតអនុក្រឹត្យនេះឡើយ”។
អ្នកនាំពាក្យរូបនេះបានញ្ជាក់ថា នៅពេលមានករណីឃាតកម្ម ឬចោរកម្មផ្សេៗ កម្លាំងមានសមត្ថកិច្ចក្រសួងមហាផ្ទៃ ជាអ្នកស៊ើបអង្កេត មិនមែនក្រុមសន្តិសុខនៅតាមបុរី សណ្ឋាគារ ឬផ្ទះសំណាក់នោះទេ។
លោក ហ៊ុយ វណ្ណា អគ្គលេខាធិការសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានសំដែងការស្វាគមន៍ ចំពោះការបង្កើតឱ្យមានអនុក្រឹត្យនេះ ដើម្បីគ្រប់គ្រងបន្ថែមទៅលើបុរីនេះ។ លោកបន្តថា អនុក្រិតនេះពិតជាល្អណាស់ក្នុងការធ្វើឱ្យមានសន្តិសុខ សុវត្ថិភាពកាន់តែប្រសើរជូនដល់អតិថិជនដែលកំពុងរស់នៅក្នុងបុរីនានា។
លោកបន្តថា “កន្លងមកនេះមិនដែលបញ្ហាអ្វីកើតឡើង បង្កអសន្តិសុខចំពោះអតិថិជនច្រើននោះទេ ដោយសារតែអតិថិជនមានការយល់ដឹងច្រើន ហើយម្ចាស់បុរីមានការគ្រប់គ្រងដូចជាគោលនយោបាយ ភូមិឃុំ មានសុវត្ថិរបស់រដ្ឋាភិបាលផងដែរ”។

លោកហ៊ុយ វណ្ណាបានបញ្ជាក់ថា ការរស់នៅក្នុងបុរីដូចជាភូមិមួយដែរ ដែលតម្រូវឱ្យម្ចាស់បុរីមានការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ជូនដល់អតិថិជន ហើយអ្វីដែល រដ្ឋាភិបាលធ្វើនេះ គឺជាការយកចិត្តទុកដាប់បន្ថែម និងធ្វើឱ្យសន្តិសុខកាន់តែមានភាពល្អប្រសើរឡើងមួយកម្រិតទៀត៕







[…] ប្រភព៖ Property Area […]