ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាការឆ្លើយតបទៅនឹងភាពប្រឈមនៃកង្វះខាតលើការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជានាពេលបច្ចុប្បន្ន ដែលរាជធារដ្ឋាភិបាលកំពុងតែមានការយកចិត្តទុកដាក់យ៉ាងខ្លាំងនាពេលនេះ តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការនាំយកក្រុមហ៊ុនជំនាញផ្នែកអភិវឌ្ឍ និងផលិតថាមពលអគ្គិសនីមកកាន់កម្ពុជាបន្ថែមទៀត។

-->
មានប្រសាសន៍ក្នុងសិក្ខាសាលាស្តីពីចក្ខុវិស័យថាមពលឆ្នាំ២០២០ ដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Michael Newbill បានលើកឡើងថា ជាការចូលរួមក្នុងការដោះស្រាយបញ្ហាដែលកំពុងតែប្រឈមនាពេលបច្ចុប្បន្ននេះ លោកចង់ណែនាំក្រុមហ៊ុនជំនាញផ្នែកផលិតថាមពលអគ្គិសនីពីហសរដ្ឋអាមេរិកមកធ្វើការវិនិយោគជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាក្រុមហ៊ុនឯកជននៅកម្ពុជាផងដែរ។
ការលើកឡើងខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានឡើងថ្លែងបទបង្ហាញពីភាពប្រឈមនៅក្នុងការបំពេញតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីដែលចេះតែមានការកើនឥតឈប់ឈ ស្របពេលដែលប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍយ៉ាងគំហុកលើគ្រប់វិស័យ ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធតែម្ដង។
ចាប់តាំងពីដើមឆ្នាំ២០១៩រហូតមក ស្ទើរតែទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ទីប្រជុំរាជធានី ក្រុង តែម្ដង មានភាពខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់ជាខ្លាំង រហូតរាជរដ្ឋាភិបាលបានសម្រេចប្រកាសស្វែងរកបណ្តាក្រុមហ៊ុនក្នុង និងក្រៅស្រុកនានាចូលរួមមកវិនិយោគជាដៃគូរួមគ្នាដើម្បីដោះស្រាយបញ្ហា។
ជាលទ្ធផលរហូតមកដល់ពេលនេះ រួមមានដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្រុមហ៊ុនចិន សហការជាមួយក្រុមហ៊ុនក្នុងស្រុក ដែលកំពុងចាប់ដំណើរការកសាងរោងចក្រនៅក្រុងព្រះសីហនុ ក៏ដូចជាក្រុមហ៊ុនមួយចំនួនទៀតដែលកំពុងរៀបចំដំណើរការ។
បន្ថែមពីនេះ នៅមានម៉ាស៊ីនភ្លើងខ្នាតធំដែលត្រូវបានរាជរដ្ឋាភិបាលប្រកាសបញ្ជារទិញពីប្រទេសហ្វាងឡង់ និងប្រទេសអាល្លឺម៉ង ដែលមានសមត្ថភាពផលិតថាមពលបានរហូតដល់ទំហំ ៤០០មេហ្គាវ៉ាត់ សម្រាប់ត្រៀមផ្គត់ផ្គង់ការប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ ៕