កម្ពុជា​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យា​ 5G​ ជា​លើក​ទី១​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ក្រុមហ៊ុន​ Smart​ Axiata​ ដែល​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ប្រទេស​កម្ពុជា​ បាន​រៀបចំ​ធ្វើតេស្ត​បង្ហាញ​ជា​លក្ខណៈ​សាកល្បង​ដោយ​ផ្ទាល់​លើ​បច្ចេកវិទ្យា​ 5G​ ដំបូងបង្អស់​ក្នុង​កម្ពុជា​កាលពី​ម្សិលមិញ​។

ការ​បង្ហាញ​ជា​លក្ខណៈ​សាកល្បង​នេះ​មានឈ្មោះ​ថា​ “ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា​សម្រាប់​អនាគត​នៃ​ការ​តភ្ជាប់​និង​ការរស់នៅ​បែប​ឌីជីថល​”។

ជាមួយនឹង​ឧបករណ៍​អេ​ឡិច​របស់​ក្រុមហ៊ុន​ Huawei​ ដែល​ប្រើ​ដោយ​បច្ចេកវិទ្យា​ 5G​ លោក​ Thomas​ Hundt​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Smart​ Axiata​ បាន​ថ្លែង​ថា​ “ទិសដៅ​សំខាន់​របស់​យើង​គឺ​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​តាមរយៈ​បណ្តាញ​បច្ចេកវិទ្យា​លំដាប់ថ្នាក់​ពិភពលោក​ និង​បច្ចេកវិទ្យា​បែប​ឌីជីថល​ដ៏​ពិសេស​ ដែល​នេះ​ជា​មូលហេតុ​ដែល​យើងខ្ញុំ​បាន​នឹង​កំពុង​បន្ត​វិនិយោគ​ជាមធ្យម​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​ ៧០​ ទៅ​ ៨០លាន​ដុល្លារ​អាមេរិក​ជា​រៀងរាល់​ឆ្នាំ​ សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ ដើម្បី​នាំមក​នូវ​សេវា​អ៊ីនធឺណិត​ចល័ត​កាន់តែ​មាន​ល្បឿន​លឿន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ Thomas​ បាន​ថ្លែង​ថា​ “សូម​មាន​ជំនឿ​ចិត្ត​ចុះ​ថា​ យើងខ្ញុំ​នឹង​តែ​បន្ត​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ 4.5G​ របស់​យើងខ្ញុំ​ឲ្យ​កាន់តែ​ប្រសើរ​ និង​ដំណាលគ្នា​ផង​ដែរ​ យើងខ្ញុំ​ក៏​ត្រៀមខ្លួន​សម្រាប់​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​ពី​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ ពិសេស​បច្ចេកវិទ្យា​ 5G​។ ”ការ​ដាក់​បង្ហាញ​សាកល្បង​ផ្ទាល់​នៃ​បច្ចេកវិទ្យា​ 5G​ នេះ​ បាន​បង្ហាញ​ពី​លទ្ធភាព​ជាច្រើន​សម្រាប់​ពេល​អនាគត​ ដែល​អាច​តម្រង់​ទិ​សម​ជ្ឍ​ដ្ឋាន​នានា​ជាច្រើន​តាមរយៈ​ការ​ផ្លាស់​ផ្តូរ​របៀប​នៃ​ការ​ប្រាស្រ័យ​ទាក់ទងគ្នា​ ពិសេស​សម្រាប់​ការប្រើ​ប្រាស់​ក្នុង​ឧស្សាហកម្ម​ និង​សេដ្ឋកិច្ច​។

ក្រុមហ៊ុន​អន្តរជាតិ​ដែល​គ្រោង​នឹង​ដាក់​ ឲ្យ​ដំណើរការ​បច្ចេកវិទ្យា​ 5G​ នេះ​ គឺ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មានការ​កើនឡើង​ជាច្រើន​នា​បំណាច់​ឆ្នាំនេះ​។ ក្នុង​នោះ​ផង​ដែរ​ឃើញថា​ឧបករណ៍​ដែល​អាច​ប្រើ​បច្ចេកវិទ្យា​ 5G​ បាន​ គឺ​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​កាន់តែ​ច្រើន​ឡើង​ៗ។ យើងខ្ញុំ​រំពឹង​ថា​ ការ​ចាប់ផ្តើម​ដាក់ឲ្យ​ដំណើរការ​បច្ចេកវិទ្យា​ 5G​ នៅក្នុង​ប្រទេស​កម្ពុជា​គឺ​នឹង​ផ្តោត​ជា​សំខាន់​ដំបូង​នៅ​តាម​ទីកន្លែង​ដែល​មាន​អ្នកប្រើ​ប្រាស់​ច្រើន​ (hotspots​) នៃ​បណ្តា​រាជធានី​ក្រុង​សំ​ខាន់​ៗ ក្នុងរយៈពេល​ពីរបី​ឆ្នាំ​ដំបូង​។

លោក​ Thomas​ បាន​បន្ថែម​ថា​ “ដូចដែល​បាន​បង្ហាញ​តាមរយៈ​ការសាកល្បង​ដោយ​ផ្ទាល់​នេះ​ ក្រុមហ៊ុន​ Smart​ បាន​និង​កំពុង​ពិនិត្យ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​បច្ចេកវិទ្យា​ទំនើប​នេះ​ ហើយ​យើងខ្ញុំ​ក៏បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​ឲ្យបាន​ថា​ យើងខ្ញុំ​នឹង​មាន​ភាព​រួចរាល់​ ក្នុង​ការ​វិវឌ្ឍ​ខ្លួន​ទៅកាន់​បច្ចេកវិទ្យា​ 5G​ នេះ​ ។

លោក​ បាន​បន្ថែម​ថា​ “វិស័យ​ទូរគមនាគមន៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​មាន​សក្តា​នុ​ពល​ និង​ឱកាស​ដ៏​ល្អ​បំផុត​ ក្នុង​ការ​ដាក់ឲ្យ​ដំណើ​ការ​បច្ចេកវិទ្យា​ 5G​ ដំបូង​គេ​បង្អស់​នៅក្នុង​អាស៊ាន​។ យើងខ្ញុំ​ទន្ទឹងរង់ចាំ​ជានិច្ច​ក្នុង​ការ​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ធានា​ឲ្យបាន​ថា​គោលនយោបាយ​ពាក់ព័ន្ធ​នានា​ នឹង​ត្រូវ​បាន​រៀបចំឡើង​ មាន​ភាព​សមស្រប​ទៅ​នឹង​គោលបំណង​រួម​”។

ការ​បង្ហាញ​សាកល្បង​កាលពី​ថ្ងៃច័ន្ទ​ បាន​សបញ្ជាក់​ពី​ភាពជា​អ្នកនាំ​មុខ​គេ​ជានិច្ច​របស់​ក្រុមហ៊ុន​ Smart​ នៅក្នុង​ វិស័យ​ បន្ទាប់ពី​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​មួយ​នេះ​ គឺជា​អ្នក​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ដែល​បាន​ចាប់ផ្តើម​ដំណើរការ​ បច្ចេកវិទ្យា 4G​ ក្នុង​ឆ្នាំ​ 2014​ និង​បន្តបន្ទាប់​ដោយ​បច្ចេកវិទ្យា​ 4G​+ នៅ​ឆ្នាំ​ 2016​ និង​បច្ចេកវិទ្យា​ 4G​+ ជាមួយ​ HD​ Voice​ (VoLTE​) នៅ​ឆ្នាំ​ 2017​ និង​ 4.5G​ នៅ​ឆ្នាំ​ដដែល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here