ក្រសួងការងារ​ និង​អង្គការ​ GIZ​ ចាប់ផ្តើម​អនុវត្ត​កម្មវិធី​ “គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយនភណ្ឌ​ និង​កាត់ដេរ​តម្លៃ​ ៦លាន​ដុល្លារ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​អង្គការ​ GIZ​ របស់​អាល្លឺម៉ង់​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ស្ដីពី​ការអនុវត្ត​កម្មវិធី​ “គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយនភណ្ឌ​ និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី​” (GIZ​, FABRIC​) នៅ​កម្ពុជា​។

លោ​កអ៉ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក្នុង​ការ​អញ្ជើញ​ជា​អធិបតីភាព​ជា​សាក្សី​ ក្នុង​ការ​ចុះហត្ថលេខា​នៅ​ថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ២០១៩បាន​ថ្លែងអំណរគុណ​ដល់​អង្គការ ​GIZ​ ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ​ទាំង​ថវិកា​ ក៏ដូចជា​អ្នកជំនាញ​បច្ចេកទេស​ជួយ​ដល់​កម្ពុជា​ ជាពិសេស​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នា​ពេល​កន្លងមក​ និង​ពេញចិត្ត​ចំពោះ​ការអនុវត្ត​គម្រោង​ GIZ​ ក៏ដូចជា​ការ​ជួយ​របស់​រដ្ឋា​ភិ​បាល​អាល្លឺ​ម៉ង​ មកដល់​កម្ពុជា​ពិសេស​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

លោក​បណ្ឌិត​ Guenter​ Riethmacher​ នាយក ​GIZ ​ប្រចាំ​ប្រទេស​កម្ពុជា​បានឱ្យ​ដឹង​ថា​ ភាគី GIZ ​ពេញចិត្ត​នឹង​កិច្ច​សហប្រតិបត្តិ​ការ​ នូវ​ការ​ផ្តល់​ជំនួយ​ក្នុង​ការអនុវត្ត​គម្រោង​អោយ​ទទួលជោគជ័យ​បន្ថែម​ទៀត​ និង​សន្យា​បន្ត​កិច្ចការ​ងារ​នេះ​បន្ថែម​ទៀត​ទៅលើ​គម្រោង​ដើម្បី​ឈាន​សម្រេច​បាន​ភាព​ជោគជ័យ​ ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជា​ផែនការ​យុទ្ធ​សាស្រ្ត​របស់ក្រ​សួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ស្ដីពី​ការអនុវត្ត​កម្មវិធី​“គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយនភណ្ឌ​ និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី​” (GIZ​, FABRIC​) នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​រយៈពេល​ ចាប់ពី​ថ្ងៃទី១​ ខែមេសា​ ឆ្នាំ២០១៩​ ដល់​ថ្ងៃទី៣១​ មីនា​ ឆ្នាំ២០២១​ ដែល​មាន​ថិ​វកា​ គិតជា​ទឹកប្រាក់​សរុប​ចំនួន​ ៦លាន​អឺ​រ៉ូ​ សម្រាប់​ប្រទេស​បង់ក្លាដេស​, កម្ពុជា​, ចិន​, មីយ៉ាន់ម៉ា​, ប៉ាគីស្ថាន​ និង​វៀតណាម​។

គោលបំណង​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ រួមមាន​ ទី១​ គាំទ្រ​ដល់​បណ្តា​ស្ថាប័នរដ្ឋ​ និង​ឯកជន​ ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​កិច្ច​សន្ទនា​ និង​កិច្ច​សហប្រតិបត្តិ​ការ​ថ្នាក់​តំបន់​ ថ្នាក់​ជាតិ​ និង​កម្រិត​សហគ្រាស​ គ្រឹះស្ថាន​ ដើម្បី​ពង្រឹង​អនុលោម​ភាព​តាម​បទដ្ឋាន​សង្គម​ និង​ការងារ​ដូច​មាន​ចែង​នៅក្នុង​ច្បាប់​ស្តី​ពី​ ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អនុសញ្ញា​អន្តរជាតិ​នានា​ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមភាព​យេនឌ័រ​នៅកន្លែង​ធ្វើការ​។

ទី២​ ផ្ដល់​ជំនួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ពី​គម្រោង​ GIZ​, FABRIC​ ដល់​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​អធិការកិច្ច​ការងារ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សមត្ថភាព​ តម្លាភាព​ ប្រសិទ្ធភាព​ និង​ទទួល​បានការ​ជឿជាក់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ និង​ទី៣​ ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សម្រាប់​អនុវត្ត​សកម្មភាព​ទាំងឡាយ​ដែល​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​ វិជ្ជាជីវៈ​ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ​ និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ដែល​ ធ្វើការ​ក្នុង​វិស័យ​វាយនភណ្ឌ​ និង​កាត់ដេរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here