រដ្ឋមន្ត្រី​សាធារណៈ​ការ​បង្ហើប​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ជាថ្មី​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ទេស​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​លោក​ស៊ុន​ ចាន់​ថុល​ បាន​បង្ហើប​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ជាថ្មី​ ដែល​គំរោង​នេះ​នឹង​សាងសង់​នា​ពេល​ខាងមុខ​។

លោក​បាន​មានប្រសាសន៍​ក្នុង​ជំនួប​ជាមួយ​ប្រតិភូ​ធុរកិច្ច​អាមេរិក​ អាស៊ាន​កាលពី​ថ្ងៃទី៨​ កក្កដា​កន្លងមក​ថា​ រដ្ឋាភិបាល​កម្ពុជា​មាន​គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ទៅកាន់​ក្រុង​បាវិត​ ខេត្តស្វាយរៀង​ នា​ពេល​ខាងមុខ​ ហើយនិង​គំរោង​សាងសង់​ផ្លូវ​រថភ្លើង​អាកាស​ និង​ផ្លូវ​រថភ្លើង​ក្រោម​ដី​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ​។

ទោះជាយ៉ាងណា​លោក​ស៊ុន​ ចាន់​ថុ​លមិ​នប​ញ្ជា​ក់​ពី​ពេលវេលា​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​នា​ពេលណា​នៅឡើយ​ទេ​។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ ជា​ផ្លូវ​ដ៏​សំខាន់​មួយ​ដែល​តភ្ជាប់​ជាមួយនឹង​គោលនយោបាយ​ខ្សែ​ក្រ​វ៉ាត់១​ ផ្លូវ១របស់​ប្រទេស​ចិន​ និង​ជា​ផ្លូវ​តភ្ជាប់​តំបន់​អាស៊ាន​ តាមរយៈ​ការ​តភ្ជាប់​ពី​ប្រទេស​ថៃ​ មក​កម្ពុជា​តាមផ្លូវ​ជាតិ​លេខ៥​ ដែល​បាន​និង​កំពុង​ពង្រីក​ដោយ​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​។ផ្លូវ​នេះ​នឹង​តភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ១​ តាមរយៈ​ផ្លូវ​ល្បឿន​លឿន​ ដែល​នឹង​សាងសង់​នា​ពេល​ខាងមុខ​។

ក្នុង​ជំនួប​ជាមួយ​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ កំឡុង​ពេល​សម្តេច​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​កាលពី​ពេល​ថ្មី​ៗនេះ​ ប្រធាន​ក្រុមហ៊ុន​ស្ពាន​ថ្នល់​របស់​ចិន​ បាន​លើកឡើង​ពី​គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ផង​ដែរ​។

សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ធ្លាប់​បាន​លើកឡើង​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ក្នុង​កំឡុង​ពេល​សម្តេច​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃទី២២​ មិនា​ ឆ្នាំ ២០១៩ កន្លងមក​នេះ​ និង​បង្ហើប​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ទៅកាន់​ព្រំដែន​ឡាវ​នា​ពេល​អនាគត​ផង​ដែរ​។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ ត្រូវ​បាន​សិក្សា​ដោយ​អ្នកជំនាញ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​(JICA​) ដែល​បាន​សិក្សា​បញ្ចប់​លើ​គំរោង​ផ្លូវ​ប្រវែង១៦០គីឡូម៉ែត្រ​ ដោយ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ ឆ្លងកាត់​ខេត្តកណ្តាល​ ព្រៃវែង​ និង​ឆ្ពោះទៅ​កាន់​ព្រំដែន​បាវិត​ ក្នុង​ខេត្តស្វាយរៀង​។ គំរោង​នេះ​គ្រោង​ចំណាយ​ទឹកប្រាក់​រហូតដល់៣៨០០លាន​ដុល្លារ​អាមេរិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here