ប្រែសម្រួលដោយ ប៊ី
បាងកកៈ នាយកដ្ឋានគយថៃ មានបំណងភ្ជាប់បណ្តាញច្រកចេញចូលតែមួយជាមួយប្រទេសបីទៀតនៅឆ្នាំនេះ ដោយពង្រីកប្រព័ន្ធផ្លាស់ប្តូរអេឡិចត្រូនិក នៃទិន្នន័យទាក់ទងនឹងពាណិជ្ជកម្ម។
អគ្គនាយកលោក Krisada Chinavicharana និយាយថា ប្រទេសបីបន្ថែមទៀតគឺមីយ៉ាន់ម៉ា កម្ពុជា និងហ្វីលីពីន។លោកបានបន្ថែមថា ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការសាកល្បងបណ្តាញច្រកចេញចូលតែមួយនេះ ជាមួយប្រទេសថៃ នៅដើមខែ កក្កដានេះ។
-->
នាយកដ្ឋានគយក៏កំពុងអភិវឌ្ឍប្រព័ន្ធផ្លាស់ប្តូរអេឡិចត្រូនិច នៃច្រកចេញចូលតែមួយនេះសម្រាប់ប្រទេសចិន និងកូរ៉េខាងត្បូង ដើម្បីបន្ធូរបន្ថយរបាំងពាណិជ្ជកម្មជាមួយប្រទេសទាំងនេះ។
លោក Krisada បាននិយាយថា ច្រកចេញចូលតែមួយនេះ ត្រូវបានរំពឹងថានឹងធ្វើឲ្យប្រសើរឡើងនូវពិន្ទុរបស់ប្រទេសថៃ នៅក្នុងរបាយការណ៍ធុរកិច្ចរបស់ធនាគារពិភពលោក។លោបានបន្តថា ច្រកចេញចូលតែមួយនេះ គឺធ្វើឡើងដើម្បីជួយកាត់បន្ថយការដឹកជញ្ជូនរបស់ថៃពី ១៣,៨ភាគរយ ទៅ១២ភាគរយ នៅឆ្នាំ២០២១។
ទំហំនៃការដាក់ស្នើទិន្នន័យពាណិជ្ជកម្ម តាមរយៈច្រកចេញចូលតែមួយនេះ បានកើនឡើងពី ៧៨,៨លាននៅក្នុងឆ្នាំ ២០១៦ ដល់១០៣លានដុល្លារ នៃការស្នើទិន្នន័យពាណិជ្ជកម្មនៅក្នុងឆ្នាំ ២០១៧ និង ១២៣លានលានដុល្លារនៅក្នុងឆ្នាំ ២០១៨។
សម្រាប់ប្រាំខែដំបូងនៃឆ្នាំនេះ មាន៥១លានប្រតិបត្តិការទិន្នន័យពាណិជ្ជកម្មត្រូវបានធ្វើឡើងតាមរយៈច្រកចេញចូលតែមួយនេះ។
នាយកដ្ឋានគយបានចូលរួមជាមួយភ្នាក់ងាររដ្ឋាភិបាល និងសហគ្រាសរដ្ឋចំនួន ៣៦ធនាគារពាណិជ្ជចំនួន១៧ និងប្រតិបត្តិករចំនួន ៩,៩០០ ដើម្បីភ្ជាប់ទិន្នន័យពាណិជ្ជកម្មតាមអេឡិចត្រូនិច តាមរយៈច្រកចេញចូលតែមួយនេះ ដើម្បីជួយសម្រួលដល់អ្នកនាំចេញ អ្នកនាំចូល និងភ័ស្តុភារស្របតាមគោលនយោបាយថៃ។
ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ដល់ថ្ងៃទី៤ ខែកក្កដាឆ្នាំ ២០១៩ នាយកដ្ឋានបានប្រមូលប្រាក់ចំនួន៨៣,២ពាន់លានបាត ពោលគឺកើនឡើង៦៨៤លានបាត ធៀបនឹងឆ្នាំមុន និងលើសពីគោលដៅ៦,៥ ពាន់លានបាត។
ប្រាក់ចំណូលដែលកើនឡើងនេះ អាចដោយសារតែមានការកើនឡើង២០ភាគរយនៃពន្ធដែលពាក់ព័ន្ធនឹងរថយន្ត។

លោក Krisada បានឲ្យដឹងថា “ដោយសារតែការប្រមូលពន្ធច្រើនជាងមុន នាយកដ្ឋានគយបានប៉ាន់ប្រមាណថា ប្រាក់ចំណូលនឹងអាចទទួលបានប្រមាណស្មើនឹង១០៨ ពាន់លានបាតដែលដូចទៅនឹងឆ្នាំ២០១៨”៕
ប្រភព៖ កាសែតបាងកកប៉ុស្តិ៍