ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ម៉ាឡេស៊ី​ និង​ចិន​កើនឡើង​ដល់​ ១០០ពាន់​លាន​ដុល្លារ​

0

ដោយ​ Donald​ Lee​

គួ​ឡា​ឡាំ​ពួៈ​ ទំហំ​ពាណិជ្ជកម្ម​រួម​រវាង​ប្រទេស​ម៉ាឡេស៊ី​ និង​ចិន​មាន​ទំហំ​ដល់១០០ពាន់​លាន​ដុល្លារ​ ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ និង​កំពុង​បន្ត​ជំរុញ​វិនិយោគទុន​ដោយ​ផ្ទាល់​ពី​បរទេស​របស់​ខ្លួន​ដ៏​ធំ​សម្បើម​ ចូល​ទៅ​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​។

ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ លោក​ Bai​ Tian​ បាន​ថ្លែង​ក្នុង​វេទិកា​មួយ​នៅ​ម៉ាឡេស៊ី​កាលពី​ម្សិលមិញ​ថា​ “ប្រទេស​ម៉ាឡេស៊ី​ ស្ថិត​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​ដែល​គាំទ្រ​ដល់​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ ផ្លូវ​មួយ​ (BRI​) ហើយក៏​ជាផ្នែក​មួយ​ដែល​មានការ​ប្រមូល​ផលដំបូង​បំផុត​ផង​ដែរ​”។

លោក​បាន​បន្ថែម​ថា​ ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​ តាមរយៈ​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ផ្លូវ​មួយ​ កិច្ច​សហប្រតិបត្តិ​ការ​រវាង​ចិន​ និង​ម៉ាឡេស៊ី​ក្នុង​វិ​ស័យ​ផ្សេង​ៗបាន​កើនឡើង​។

ប្រទេស​ចិន​បាន​បញ្ចេញ​ការ​វិនិយោគទុន​ ដោយ​ផ្ទាល់​ពី​បរទេស​ (FDI​) ដ៏​ធំ​នៅក្នុង​វិស័យ​ផលិតកម្ម​របស់​ប្រទេស​ម៉ាឡេស៊ី​ ដែល​បង្កើន​លំហូរ​ទុន​វិនិយោគ​ដល់៤ដង​ក្នុងរយៈពេល៥ឆ្នាំ​កន្លងមក​នេះ​។

ក្នុង​ឆ្នាំ២០១៨​ ក្រុមហ៊ុន​ចិន​បាន​វិនិយោគ​លើ​គម្រោង​ផលិតកម្ម​ នៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន៤២២គម្រោង​ និង​បង្កើត​ការងារ​ចំនួន៧៣​,០០០​ កន្លែង​។

គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ ផ្លូវ​មួយ​របស់​ប្រទេស​ចិន​ មាន​គោលដៅ​គ្រប​ដណ្តប់​លើ​បណ្តា​ប្រទេស​ចំនួន១២៤​។ ពាណិជ្ជកម្ម​រួម​រវាង​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​ក្នុង​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ ផ្លូវ​មួយ​បាន​ឈាន​ដល់​ទឹកប្រាក់​ជាង៦ពាន់​ពាន់​លាន​ដុល្លារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here