ដោយនៅ ស៊ីវុត្ថា
បន្ទាយមានជ័យៈ ក្រុងប៉ោយប៉ែតបានចងចំណងមេត្រីភាពជាមួយខ័ណ្ឌចុងណូហ្គូ នៃក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ តាមរយៈកិច្ចប្រជុំទ្វេរភាគីស្តីពី ចំណងមេត្រីភាពរវាងរដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា និងប្រតិភូខណ្ឌចុងណូហ្គូ ក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

-->
កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលាក្រុងប៉ោយប៉ែត កាលពីដើមសប្តាហ៍នេះ ដោយភាគីកម្ពុជាដឹកនាំដោយលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងប្រតិភូភាគីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក គីម យ៉ុងជុង អភិបាល នៃគណៈអភិបាលខណ្ឌចុងណូហ្គូ ក្រុងសេអ៊ូល។
រដ្ឋបាលក្រុងប៉ោយប៉ែត និងប្រតិភូរដ្ឋបាលខណ្ឌចុងណូហ្គូ បានប្រជុំផ្លាស់ប្តូរបទពិសោធន៍ និងធ្វើបទបង្ហាញពីសក្តានុពលនៃក្រុង និងខណ្ឌទាំងពីរទៅវិញទៅមក និងបានផ្តួចផ្តើមគំនិតនឹងឈានទៅចុះអនុស្សរណៈយោគយល់គ្នា ក្រោយពីទទួលបានគោលការអនុញ្ញាតពីរាជរដ្ឋាភិបាល។
គណៈប្រតិភូខណ្ឌចុងណូហ្គូ ក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ បានកោតសរសើរខ្ពស់ចំពោះការរីកចម្រើនរបស់ក្រុងប៉ោយប៉ែត ដែលបានអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជាគោលដៅចំណាប់អារម្មណ៍នៃអ្នកវិនិយោគមកពីគ្រប់មជ្ឈដ្ឋាន។
កិច្ចប្រជុំទ្វេភាគីនេះ ផ្តោតសំខាន់ទៅលើគោលដៅសំខាន់ៗចំនួន៦ចំណុច ដូចជាទី១ បង្កើនទំនាក់ទំនងជាមិត្តភាពជិតស្និទ្ធ ដោយផ្អែកទៅលើការគោរព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងក្រុងប៉ោយប៉ែត និងខណ្ឌចុងណូហ្គូ។ ទី ២-លើកកម្ពស់ការយល់ដឹងពីគ្នា និងប្រជាពលរដ្ឋ ព្រមទាំងគាំទ្រសកម្មភាពផ្លាស់ប្តូរនៅក្នុងវិស័យដែលមានចំណាប់អារម្មណ៍រួមគ្នា ដូចជាៈ សេដ្ឋកិច្ច វប្បធម៌ សិល្បៈ កីឡា និងការអប់រំ។ ទី ៣-បង្កើនបរិយាកាសជាមិត្តភាព ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត តាមរយៈការផ្លាស់ប្តូរព័ត៌មានចំណេះដឹងដើម្បីបម្រើផលប្រយោជន៍ និងការអភិវឌ្ឍន៍នៃក្រុង និងខណ្ឌទាំងពីរ។ទី៤-លើកទឹកចិត្តដល់ការិយាល័យ អង្គភាពពាក់ព័ន្ធ ដើម្បីលើកកម្ពស់កិច្ចសហការនៅក្នុងតំបន់ដែលបានឯកភាពគ្នា តាមរយៈកិច្ចព្រមព្រាងដាច់ដោយឡែកពីគ្នា នៅក្នុងទម្រង់អនុស្សារណៈ នៃការយោគយល់គ្នានៅពេលចាំបាច់។

ទី ៥-ធ្វើទស្សនកិច្ចគ្នាទៅវិញទៅមក ក្នុងការផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ ដែលជាកិច្ចការមានប្រយោជន៍រួមគ្នា ដើម្បីលើកកម្ពស់មិត្តភាព និងគាំទ្រយ៉ាងសកម្មដល់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមិនមែនរដ្ឋាភិបាល ពាណិជ្ជករ និងប្រជាជនក្នុងតំបន់វប្បធម៌។ និងទី៦ ៦-ខ្លឹមសារទាំងអស់ខាងលើនេះ គឺសម្រាប់បញ្ជាក់ពីឆន្ទៈនៃការធ្វើទំនាក់ទំនងរវាងក្រុងប៉ោយប៉ែត និងខណ្ឌចុងណូហ្គូ។ អនុស្សារណៈនៃការយោគយល់គ្នានឹងត្រូវបង្កើត ដើម្បីចុះហត្ថលេខានៅខណ្ឌចុងណូហ្គូ ក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ បន្ទាប់ពីទទួលបានការយល់ព្រមពី រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕