ខេត្តកំពត​កាន់តែ​មាន​សក្ដានុពល​ក្រោយ​ការ​ចាប់ផ្តើម​អនុវត្ត​តាម​ប្លង់​គោល​អភិវឌ្ឍន៍​

0

ដោយៈ​ រ៉ា​ណេត​

កំពតៈ​ រាជរដ្ឋាភិបាល​បានសម្រេច​អនុញ្ញាត​ដាក់​ឱ្យ​ប្រើប្រាស់​ និង​អនុវត្ត​តាម​ប្លង់​គោល​ជាស្ថាពរ​សំរាប់​ខេត្តកំពត​ ដើម្បី​ធ្វើជា​ផែនទី​ចង្អុល​ផ្លូវ (Road​ Map​) នៃ​ផែនការ​អភិវឌ្ឍន៍​ ដែល​កាន់តែ​ធ្វើ​ឱ្យ​ខេត្ត​មួយ​នេះ​ កាន់តែ​មាន​ភាព​ទាក់ទាញ​លើ​ការ​វិនិយោគ​រួម​។

យោង​តាម​លិខិត​ ដែល​មានការ​ចុះហត្ថលេខា​របស់​អភិបាលខេត្ត​កំពត​កាលពី​ពេល​ថ្មី​ៗនេះ​បាន​ឲ្យដឹង​ថា​ សមិទ្ឋិ​ផល​ជា​ប្រវត្តិសាស្ត្រ​ នៃ​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​ក្នុង​ខេត្ត​ និង​ក្រុង​កំពត​ ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ដោយ​សេចក្តី​សម្រេច​លេខ០០៣​ សសរ​ ចុះ​ថ្ងៃទី៥​ កក្កដា​ ឆ្នាំ២០១៨​ ដើម្បី​ជួយ​គាំទ្រ​ និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ បរិស្ថាន​ និង​កិច្ចធានា​ធនធាន​ធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​ និរន្តរភាព​សម្រាប់​គ្រប់​សម័យកាល​។

លិខិត​ដដែល​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​អនុវត្តន៍​ដោយ​សហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​អង្គភាព​ពាក់​ព័ន្ឋលើ​ចំណុច​សំ​ខាន់​ៗរួមមាន​ ទី១​ ធ្វើការ​ផ្សព្វផ្សាយ​អំពី​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​ខេត្តកំពត​ ដល់​មហាជន​ និង​អ្នក​ពាក់ព័ន្ធ​ឱ្យ​បាន​ទូលំទូលាយ​ ទី២​ លើក​គំរោង​និង​រៀបចំផែនការ​អភិវឌ្ឍ​នានា​ ដោយ​យោង​លើ​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​ក្រុង​ជាគោល​គ្រឹះ​ ។ ទី៣​ ទប់ស្កាត់​រាល់​ការសាងសង់​ និង​អភិវឌ្ឍន៍​ដី​ ដែល​មិន​គោរព​តាមច្បាប់​ និង​ផ្ទុយពី​ខ្លឹមសារ​ប្លង់​គោល​ប្រើប្រាស់​ដី​ដែល​បាន​កំណត់​។

​ទី៤​ បន្ត​កសាង​ផែនការ​ប្រើប្រាស់​ដី​នៅ​តាម​គ្រប់​ឃុំ​ សង្កាត់​ និង​ធ្វើការ​តាមដាន​ ត្រួតពិនិត្យ​ សិក្សា​ កែសម្រួល​ និង​វាយ​តម្លៃ​ប្រសិ​ទ្ឋ​ភាព​នៃ​ការអនុវត្ត​ប្លង់​គោល​ប្រើប្រាស់​ដី​ខេត្តកំពត​ និង​ទី៥​ ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ប្លង់​គោល​ប្រើប្រាស់​ដី​ក្នុង​ខេត្តកំពត​ក្នុងរយៈពេល៥ឆ្នាំ​ម្តង​ តាម​ករណី​ចាំបាច់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​។

នៅក្នុង​ប្លង​គោល​សំដៅ​ដល់​ការ​អភិវឌ្ឍ​ខេត្ត​ ចាប់់​ពីឆ្នាំ២០១៩​ ដល់​ឆ្នាំ២០៣០​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ នៅក្នុង​ខេត្តកំពត​ ជាពិសេស​តំបន់​ទីរួមខេត្ត​តែម្ដង​ ក្រៅពី​មានការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដូចជា​ ពង្រីក​ផ្លូវថ្នល់​បន្ថែម​ មានការ​ដាក់​បំភ្លឺ​អគ្គិសនី​នៅ​តាម​ដងផ្លូវ​ និង​សួនច្បារ​នោះ​ ថែមទាំង​មានការ​សាងសង់​ស្ពាន​បន្ថែមចំនួន៣កន្លែង​ ឆ្លងកាត់​ព្រែក​កំពត​។ លើស​ពីនេះ​ នៅ​មានការ​អភិវឌ្ឍ​ផ្សារ​រាត្រី​ និង​ការ​កសាង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ថ្មី​ ដោយ​ភ្ជាប់​ជាមួយ​ផ្លូវវាង​ក្រុង​ដែល​មានស្រាប់​។

លោក​បណ្ឌិត​ វ៉ាន់​ វ៉ា​ត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ បាន​មានប្រសាសន៍​ថា​ ​ប្លង់​គោល​អភិវឌ្ឍន៍​និ​មួយ​ៗ ពិតជា​មាន​សារៈសំខាន់​ណាស់​ ព្រោះ​ប្លង់​គោល​បាន​កំណត់​និយាម​ការណ៍​ទំហំ​ផ្លូវ​ ដើម្បី​កំណត់​ពី​ផែនការ​ប្រើប្រាស់​ដីធ្លី​ នៅក្នុង​មូលដ្ឋាន​ណាមួយ​មាន​ភាព​សមស្រប​ និង​ដើម្បី​ជំរុញ​ការប្រើ​ប្រាស់​ដី​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។ លោក​បន្ត​ថា​ ប្លង់​គោល​បាន​កំណត់​តំបន់​អភិវឌ្ឍ​ន៍​ផ្សេង​ៗគ្នា​ ដូចជា​ តំបន់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ តំបន់​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ តំបន់​ធ្វើ​កសិកម្ម​ និង​តំបន់​ទេសចរណ៍​ជាដើម​។

លោក​បន្ត​ថា​“ប្លង់​គោល​អាច​អនុវត្តន៍​បាន​ ក៏​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​នេះ​មានប្រសិទ្ធភាព​ និង​ទទួល​បាន​ជោគជ័យ​”។

លោក​ជាវ​ តាយ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចិន​ កូរ៉េ​ តៃវ៉ាន់​ ជប៉ុន​ និង​ក្រុមហ៊ុន​បរទេស​ជាច្រើន​ទៀត​ បាន​ចូល​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅក្នុង​ខេត្តកំពត​ ប៉ុន្តែ​គម្រោង​ណាមួយ​ជាក់លាក់​មិនទាន់​បាន​ចាប់ផ្តើម​នៅឡើយ​ទេ​។ លោក​បន្ត​ថា​ ពួកគេ​កំពុង​សិក្សា​និង​ស្វែងយល់​ពី​សក្តា​នុ​ពល​របស់​ខេត្ត​ ដែល​កំពុង​មាន​សក្តា​នុ​ពល​ជាច្រើន​ ដែល​បាន​និង​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​។

លោក​បាន​បញ្ជាក់​ថា​ “ខ្ញុំ​គិតថា​នៅ​ចុងឆ្នាំ​នេះ​ ឬដើមឆ្នាំ២០២០ខាងមុខ​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​នឹង​រីកចម្រើន​ខ្លាំង​នៅក្នុង​ខេត្ត​នេះ​ ដោយសារ​ខេត្តកំពត​មាន​សក្តា​នុ​ពល​ជាច្រើន​”។ លោក​បន្ត​ថា​ “ខេត្តកំពត​មាន​សក្តា​នុ​ពល​ជាច្រើន​ ដោយមាន​កំពង់ផែ​ទឹកជ្រៅ​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ធនធាន​ធម្មជាតិ​ កំពង់ផែ​ទេសចរណ៍​ និង​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​ សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​”។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ R Investment​ Group​ លោក​ឧកញ៉ា​ តេង​ រិទ្ធី​ បាន​មានប្រសាសន៍​ថា​ “ខេត្តកំពត​ពេលនេះ​ បាន​ចាប់ផ្តើម​មានការ​ផ្លាស់ប្ដូរ​មុខមាត់​ជា​បណ្ដើរ​ៗហើយ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here