ដោយៈ រ៉ាណេត
កំពតៈ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតដាក់ឱ្យប្រើប្រាស់ និងអនុវត្តតាមប្លង់គោលជាស្ថាពរសំរាប់ខេត្តកំពត ដើម្បីធ្វើជាផែនទីចង្អុលផ្លូវ (Road Map) នៃផែនការអភិវឌ្ឍន៍ ដែលកាន់តែធ្វើឱ្យខេត្តមួយនេះ កាន់តែមានភាពទាក់ទាញលើការវិនិយោគរួម។
យោងតាមលិខិត ដែលមានការចុះហត្ថលេខារបស់អភិបាលខេត្តកំពតកាលពីពេលថ្មីៗនេះបានឲ្យដឹងថា សមិទ្ឋិផលជាប្រវត្តិសាស្ត្រ នៃប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្ត និងក្រុងកំពត ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយសេចក្តីសម្រេចលេខ០០៣ សសរ ចុះថ្ងៃទី៥ កក្កដា ឆ្នាំ២០១៨ ដើម្បីជួយគាំទ្រ និងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងកិច្ចធានាធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និរន្តរភាពសម្រាប់គ្រប់សម័យកាល។
-->
លិខិតដដែលបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តន៍ដោយសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គភាពពាក់ព័ន្ឋលើចំណុចសំខាន់ៗរួមមាន ទី១ ធ្វើការផ្សព្វផ្សាយអំពីប្លង់គោលប្រើប្រាស់ដីធ្លីខេត្តកំពត ដល់មហាជន និងអ្នកពាក់ព័ន្ធឱ្យបានទូលំទូលាយ ទី២ លើកគំរោងនិងរៀបចំផែនការអភិវឌ្ឍនានា ដោយយោងលើប្លង់គោលប្រើប្រាស់ដីធ្លីក្រុងជាគោលគ្រឹះ ។ ទី៣ ទប់ស្កាត់រាល់ការសាងសង់ និងអភិវឌ្ឍន៍ដី ដែលមិនគោរពតាមច្បាប់ និងផ្ទុយពីខ្លឹមសារប្លង់គោលប្រើប្រាស់ដីដែលបានកំណត់។
ទី៤ បន្តកសាងផែនការប្រើប្រាស់ដីនៅតាមគ្រប់ឃុំ សង្កាត់ និងធ្វើការតាមដាន ត្រួតពិនិត្យ សិក្សា កែសម្រួល និងវាយតម្លៃប្រសិទ្ឋភាពនៃការអនុវត្តប្លង់គោលប្រើប្រាស់ដីខេត្តកំពត និងទី៥ ត្រូវធ្វើបច្ចុប្បន្នភាពប្លង់គោលប្រើប្រាស់ដីក្នុងខេត្តកំពតក្នុងរយៈពេល៥ឆ្នាំម្តង តាមករណីចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
នៅក្នុងប្លងគោលសំដៅដល់ការអភិវឌ្ឍខេត្ត ចាប់់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៣០ បានបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងខេត្តកំពត ជាពិសេសតំបន់ទីរួមខេត្តតែម្ដង ក្រៅពីមានការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ពង្រីកផ្លូវថ្នល់បន្ថែម មានការដាក់បំភ្លឺអគ្គិសនីនៅតាមដងផ្លូវ និងសួនច្បារនោះ ថែមទាំងមានការសាងសង់ស្ពានបន្ថែមចំនួន៣កន្លែង ឆ្លងកាត់ព្រែកកំពត។ លើសពីនេះ នៅមានការអភិវឌ្ឍផ្សាររាត្រី និងការកសាងផ្លូវក្រវ៉ាត់ក្រុងថ្មី ដោយភ្ជាប់ជាមួយផ្លូវវាងក្រុងដែលមានស្រាប់។
លោកបណ្ឌិត វ៉ាន់ វ៉ាត អ្នកឯកទេសផ្នែកនគរូបនីយកម្ម បានមានប្រសាសន៍ថា ប្លង់គោលអភិវឌ្ឍន៍និមួយៗ ពិតជាមានសារៈសំខាន់ណាស់ ព្រោះប្លង់គោលបានកំណត់និយាមការណ៍ទំហំផ្លូវ ដើម្បីកំណត់ពីផែនការប្រើប្រាស់ដីធ្លី នៅក្នុងមូលដ្ឋានណាមួយមានភាពសមស្រប និងដើម្បីជំរុញការប្រើប្រាស់ដី និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ លោកបន្តថា ប្លង់គោលបានកំណត់តំបន់អភិវឌ្ឍន៍ផ្សេងៗគ្នា ដូចជា តំបន់សម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម តំបន់អភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្ម តំបន់ធ្វើកសិកម្ម និងតំបន់ទេសចរណ៍ជាដើម។
លោកបន្តថា“ប្លង់គោលអាចអនុវត្តន៍បាន ក៏ទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឱ្យការងារនេះមានប្រសិទ្ធភាព និងទទួលបានជោគជ័យ”។
លោកជាវ តាយអភិបាលខេត្តកំពតបានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នមានក្រុមហ៊ុនចិន កូរ៉េ តៃវ៉ាន់ ជប៉ុន និងក្រុមហ៊ុនបរទេសជាច្រើនទៀត បានចូលមកស្វែងរកឱកាសវិនិយោគនៅក្នុងខេត្តកំពត ប៉ុន្តែគម្រោងណាមួយជាក់លាក់មិនទាន់បានចាប់ផ្តើមនៅឡើយទេ។ លោកបន្តថា ពួកគេកំពុងសិក្សានិងស្វែងយល់ពីសក្តានុពលរបស់ខេត្ត ដែលកំពុងមានសក្តានុពលជាច្រើន ដែលបាននិងកំពុងទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិ។
លោកបានបញ្ជាក់ថា “ខ្ញុំគិតថានៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២០ខាងមុខ វិស័យសំណង់ និងអចលនទ្រព្យនឹងរីកចម្រើនខ្លាំងនៅក្នុងខេត្តនេះ ដោយសារខេត្តកំពតមានសក្តានុពលជាច្រើន”។ លោកបន្តថា “ខេត្តកំពតមានសក្តានុពលជាច្រើន ដោយមានកំពង់ផែទឹកជ្រៅ មានតំបន់សេដ្ឋកិច្ចពិសេស ធនធានធម្មជាតិ កំពង់ផែទេសចរណ៍ និងរមណីយដ្ឋានធម្មជាតិជាច្រើន សម្រាប់បម្រើវិស័យទេសចរណ៍”។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ថា “ខេត្តកំពតពេលនេះ បានចាប់ផ្តើមមានការផ្លាស់ប្ដូរមុខមាត់ជាបណ្ដើរៗហើយ”៕




