ដោយ Donald Lee
ហូជីមិញៈ រដ្ឋាភិបាលវៀតណាមកំពុងពន្លឿនការសាងសង់ ផ្លូវល្បឿនលឿនតភ្ជាប់ជាមួយក្រុងបាវិត ជាប់ព្រំប្រទល់ប្រទេសវៀតណាម ដែលគំរោងនេះនឹងតភ្ជាប់ជាមួយផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ទីក្រុងបាវិតនាពេលអនាគត។
អាជ្ញាធរ វៀតណាមក៏បានអនុម័តផ្សារទំនើប និងអភិវឌ្ឍន៍ស្ថានីយសេវាកម្មតាមបណ្តោយផ្លូវហាយវេ ហូជីមិញ-ម៉ុកបាយផងដែរ។
-->
គំរោងផ្លូវល្បឿនលឿននេះ នឹងចែកចេញជាបីដំណាក់កាល ដោយគម្រោងដំណាក់កាលទី១ នៃគម្រោងផ្លូវទីក្រុងហូជីមិញ ម៉ុកបាយនឹងផ្តោតលើផ្លូវ៣៣គីឡូម៉ែត្រពីទីក្រុងហូជីមិញ ទៅខេត្តតៃនីង វៀតណាម។ បន្ទាប់ពីការបញ្ចប់ការសាងសង់ផ្លូវដែលអាចបើកបរ ក្នុងល្បឿនរហូតដល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង។ គំរោងផ្លូវល្បឿនលឿន ដំណាក់កាលទី២នឹងមានប្រវែង២០,៥គីឡូម៉ែត្រពីតាយនីងទៅម៉ុកបាយ ដែលអាចបង្កើនល្បឿនបើកបររហូតដល់៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ និងដំណាក់កាលទីបី នឹងរួមបញ្ចូលការពង្រីកទទឹងផ្លូវហាយវេពីផ្លូវ៦គន្លង ទៅ៨គន្លង។
គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅផ្លូវជាតិលេខ១ សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនឹងពង្រីកចាប់ពីគីឡូម៉ែត្រ១៥៩ ដល់គីឡូម៉ែត្រលេខ១៦៤និងពង្រីកទទឹងផ្លូវ ដើម្បីសម្រួលរថយន្ដកុងតឺន័រពីភ្នំពេញ ទៅទីក្រុងហូជីមិញតាមរយៈទីក្រុងបាវិត។ ផ្លូវល្បឿនលឿនភ្នំពេញ បាវិតមានប្រវែងប្រមាណ១៦០គីឡូម៉ែត្រ។
ក្រុងបាវិត ដែលជាទីក្រុងព្រំដែនរវាងកម្ពុជា និងវៀតណាម នឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មឆ្លងកាត់ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ បន្ទាប់ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា និងវៀតណាមបានបញ្ចប់។
វិស័យឯកជនរួមជាមួយវិនិយោគិនបរទេស មកពីប្រទេសចិន ជប៉ុន និងកូរ៉េ បានវិនិយោគរួចទៅហើយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅទីក្រុងបាវិត ដែលមានការគាំទ្រដោយការធ្វើឲ្យភាពប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ធ។
ក្រៅពីវិស័យឧស្សាហកម្ម វិស័យលក់រាយបានវិនិយោគយ៉ាងច្រើន នៅមជ្ឈមណ្ឌលផ្សារទំនើប និងស្ថានីយ៍សេវាកម្ម។
វិស័យអចលនទ្រព្យនៅកម្ពុជាក៏ទទួលបានការចាប់អារម្មណ៍ ហើយបានចាប់ផ្តើមការសាងសង់ និងអភិវឌ្ឍទីក្រុងរណប ដែលមានឈ្មោះថាទីក្រុងរណប ហេង ហេង និងទីក្រុងរណប Empire World។
ដោយមានការវិនិយោគជាមួយកាស៊ីណូ សណ្ឋាគារ និងការអភិវឌ្ឍរមណីយដ្ឋាននៅតំបន់នោះ អ្នកវិភាគរំពឹងថា វិស័យអចលនទ្រព្យនឹងរីកចំរើននាពេលអនាគត។
អនុប្រធានក្រុមប្រឹក្សាភិបាក សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាលោកយិន លាងគង់បានមានប្រសាសន៍ថា “ការវិនិយោគនៅក្នុងទីក្រុងបាវិតនឹងកើនឡើង ខណៈដែលក្រុមអ្នកវិភាគ អចលនទ្រព្យបានកំណត់រួចមកហើយថា វាជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនាពេលអនាគត ដោយសារទីតាំងស្ថិតនៅកណ្តាលរបស់ខ្លួន រវាងប្រទេសទាំងពីរដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតលើពិភពលោក”។
លោកបន្តថា “ក្រុមបាវិតត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ឋយ៉ាងល្អ និងមានទីតាំងភូមិសាស្រ្តដ៏មានអំណោយផល ក្នុងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ទៅកាន់កំពង់ផែទឹកជ្រៅរបស់វៀតណាម”។លោកបន្តថា “ដោយមើលឃើញនូវលក្ខខ័ណ្ឌអំណោយផលនេះហើយ ទើបរដ្ឋាភិបាលកម្ពុជាបានដាក់ក្រុងបាវិត ជាទីក្រុងមួយក្នុងចំណោមទីក្រុង២ទៀត ដើម្បីប្រែក្លាយតំបន់នេះជាតំបន់់ឧស្សាហកម្មពិសេស ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥”។

ជាក់ស្តែងបច្ចុប្បន្នក្រុងបាវិតមានតំបន់សេដ្ឋកិច្ចពិសេសចំនួន១០ និងបានផ្តល់ការងារដល់កម្មករ និយោជិតរាប់ម៉ឺននាក់។
ក្នុងអំឡុងពេលពិធីបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុក្នុងឆ្នាំនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បានមានប្រសាសន៍ថា ផែនការកសាងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា និងវៀតណាមនឹងពន្លឿនកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា “វានឹងជួយបង្កើនសមាហរណកម្មផ្ទៃក្នុងរបស់ប្រទេសកម្ពុជា និងបង្កើនល្បឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេស”៕