វៀតណាម​ពន្លឿន​ផ្លូវ​ល្បឿន​លឿន​ពី​ហូ​ជី​ម៉ិញ​មកកាន់​ព្រំដែន​បាវិត​ដើម្បី​តភ្ជាប់​ជាមួយ​គំរោង​ផ្លូវ​ល្បឿន​លឿន​នា​ពេល​ខាងមុខ​

0

ដោយ​ Donald​ Lee​

ហូជីមិញៈ​ រដ្ឋាភិបាល​វៀតណាម​កំពុង​ពន្លឿន​ការសាងសង់​ ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ជាមួយ​ក្រុង​បាវិត​ ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​ ដែល​គំរោង​នេះ​នឹង​តភ្ជាប់​ជាមួយ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ ទៅកាន់​ទីក្រុង​បាវិត​នា​ពេល​អនាគត​។

អាជ្ញាធរ​ វៀតណាម​ក៏បាន​អនុម័ត​ផ្សារ​ទំនើប​ និង​អភិវឌ្ឍន៍​ស្ថានីយ​សេវាកម្ម​តាម​បណ្តោយ​ផ្លូវ​ហាយ​វេ​ ហូជីមិញ​-ម៉ុ​កបាយ​ផង​ដែរ​។

គំរោង​ផ្លូវ​ល្បឿន​លឿន​នេះ​ នឹង​ចែកចេញជា​បី​ដំណាក់កាល​ ដោយ​គម្រោង​ដំណាក់កាល​ទី១​ នៃ​គម្រោង​ផ្លូវ​ទីក្រុង​ហូជីមិញ​ ម៉ុ​កបាយ​នឹង​ផ្តោត​លើ​ផ្លូវ៣៣គីឡូម៉ែត្រ​ពីទី​ក្រុង​ហូជីមិញ​ ទៅ​ខេត្ត​តៃ​នីង​ វៀតណាម​។ បន្ទាប់ពី​ការ​បញ្ចប់​ការសាងសង់​ផ្លូវ​ដែល​អាច​បើកបរ​ ក្នុង​ល្បឿន​រហូតដល់១២០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ គំរោង​ផ្លូវ​ល្បឿន​លឿន​ ដំណាក់កាល​ទី២នឹង​មាន​ប្រវែង២០​,៥គីឡូម៉ែត្រ​ពី​តាយ​នីង​ទៅ​ម៉ុ​កបាយ​ ដែល​អាច​បង្កើន​ល្បឿន​បើកបរ​រហូតដល់៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ និង​ដំណាក់កាល​ទីបី​ នឹង​រួមបញ្ចូល​ការពង្រីក​ទទឹង​ផ្លូវ​ហាយ​វេ​ពី​ផ្លូវ៦គន្លង​ ទៅ៨គន្លង​។

គម្រោង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ផ្លូវជាតិ​លេខ១​ សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត​នឹង​ពង្រីក​ចាប់ពី​គីឡូម៉ែត្រ១៥៩​ ដល់​គីឡូម៉ែត្រ​លេខ១៦៤និង​ពង្រីក​ទទឹង​ផ្លូវ​ ដើម្បី​សម្រួល​រថយន្ដ​កុងតឺន័រ​ពី​ភ្នំពេញ​ ទៅ​ទីក្រុង​ហូជីមិញ​តាមរយៈ​ទីក្រុង​បាវិត​។ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​មាន​ប្រវែង​ប្រមាណ១៦០គីឡូម៉ែត្រ​។

ក្រុង​បាវិត​ ដែល​ជាទី​ក្រុង​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម​ នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឆ្លងកាត់​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​ បន្ទាប់ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ និង​វៀតណាម​បាន​បញ្ចប់​។

វិស័យ​ឯកជន​រួម​ជាមួយ​វិនិយោគិន​បរទេស​ មក​ពី​ប្រទេស​ចិន​ ជប៉ុន​ និង​កូរ៉េ​ បាន​វិនិយោគ​រួច​ទៅ​ហើយ​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ទីក្រុង​បាវិត​ ដែល​មានការ​គាំទ្រ​ដោយ​ការ​ធ្វើឲ្យ​ភាព​ប្រសើរ​ឡើង​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​។

ក្រៅពី​វិស័យ​ឧស្សាហកម្ម​ វិស័យ​លក់រាយ​បាន​វិនិយោគ​យ៉ាងច្រើន​ នៅ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ និង​ស្ថានីយ៍​សេវាកម្ម​។

វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ ហើយ​បាន​ចាប់ផ្តើម​ការសាងសង់​ និង​អភិវឌ្ឍ​ទីក្រុង​រណប​ ដែល​មានឈ្មោះ​ថា​ទីក្រុង​រណប​ ហេង​ ហេង​ និង​ទីក្រុង​រណប​ Empire​ World​។

ដោយមាន​ការ​វិនិយោគ​ជាមួយ​កាស៊ីណូ​ សណ្ឋាគារ​ និង​ការ​អភិវឌ្ឍ​រមណីយដ្ឋាន​នៅ​តំបន់​នោះ​ អ្នកវិភាគ​រំពឹង​ថា​ វិស័យ​អចលនទ្រព្យ​នឹង​រីក​ចំរើន​នា​ពេល​អនាគត​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិ​បា​ក សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ “ការ​វិនិយោគ​នៅក្នុង​ទីក្រុង​បាវិត​នឹង​កើនឡើង​ ខណៈ​ដែល​ក្រុម​អ្នកវិភាគ​ អចលនទ្រព្យ​បាន​កំណត់​រួចមក​ហើយ​ថា​ វា​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​នា​ពេល​អនាគត​ ដោយសារ​ទីតាំង​ស្ថិតនៅ​កណ្តាល​របស់​ខ្លួន​ រវាង​ប្រទេស​ទាំងពីរ​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​លើ​ពិភពលោក​”។

លោក​បន្ត​ថា​ “ក្រុម​បាវិត​ត្រូវ​បាន​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​យ៉ាង​ល្អ​ និង​មាន​ទីតាំង​ភូមិ​សាស្រ្ត​ដ៏​មាន​អំណោយផល​ ក្នុង​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ទៅកាន់​កំពង់ផែ​ទឹកជ្រៅ​របស់​វៀតណាម​”។លោក​បន្ត​ថា​ “ដោយ​មើលឃើញ​នូវ​លក្ខខ័ណ្ឌ​អំណោយផល​នេះ​ហើយ​ ទើប​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ក្រុង​បាវិត​ ជាទី​ក្រុង​មួយ​ក្នុងចំណោម​ទីក្រុង២ទៀត​ ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ជា​តំបន់់​ឧស្សាហកម្ម​ពិសេស​ ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ២០២៥​”។

ជាក់ស្តែង​បច្ចុប្បន្ន​ក្រុង​បាវិត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន១០​ និង​បាន​ផ្តល់​ការងារ​ដល់​កម្មករ​ និយោជិត​រាប់​ម៉ឺន​នាក់​។

ក្នុងអំឡុងពេល​ពិធី​បើក​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ព្រះសីហនុ​ក្នុង​ឆ្នាំនេះ​ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​ ផែនការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ និង​វៀតណាម​នឹង​ពន្លឿន​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​បន្ថែម​ថា​ “វា​នឹង​ជួយ​បង្កើន​សមាហរណកម្ម​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​ និង​បង្កើន​ល្បឿន​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here