ដោយ វុត្ថា
ព្រះសីហនុៈ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងអាជ្ញាធរខេត្តបើកកិច្ចប្រជុំស្តីពី គម្រោងវឌ្ឍនភាពជួសជុលផ្លូវ២២ខ្សែ ក្នុងក្រុងព្រះសីហនុ ដើម្បីលើកមុខមាត់ខេត្តព្រះសីហនុ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានបង្ហាញ នៃវឌ្ឍនភាពគម្រោង កែលម្អផ្លូវ ២២ខ្សែ ក្នុងក្រុងព្រះសីហនុ ក្នុងនោះបង្ហាញ ឱ្យឃើញរួមមាន១. គម្រោងអនុវត្តប្រើប្រាស់ថវិកាក្រសួងសាធារណការ និងដឹកជញ្ជូន។ ២.ផែនការគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរទេសចរណ៍នាគរាជ។ ៣.ផែនការស្តាបនាផ្លូវក្នុងតំបន់អភិវឌ្ឍន៍ក្នុងកំពង់ផែឧកញ៉ាម៉ុង។ ៤.គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ជាការងារអទិភាព ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២។
-->
ក្រសួងនឹងប្រើប្រាស់ថវិកាជាតិជួសជុលផ្លូវចំនួន៣កំណាត់ ។ ក្រសួងក៏មានគម្រោងប្រើប្រាស់ឥណទានថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជួសជុលផ្លូវក្នុងក្រុងចំនួន១២ខ្សែ ក្នុងនោះមានផ្លូវចំនួន៦ខ្សែ គ្រោងនឹងប្រើប្រាស់ថវិកា ដែលបានមកពីសំណង់បណ្តាក្រុមហ៊ុន ឬវិនិយោគដែលធ្វើឱ្យផ្លូវខូចខាតក្នុងក្រុងព្រះសីហនុ ដោយសារការដឹកជញ្ជូនសំភារៈផ្សេងៗបំរើការ ក្នុងការសាងសង់អាគារប្រកបអាជីវកម្មធំៗតាមផ្លូវ ផ្វើឱ្យខូចខាតផ្លូវក្នុងខេត្ត។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានគម្រោងប្រើប្រាស់ថវិកាផ្ទាល់របស់កំពង់ផែទទួលបន្ទុក (Overlay) ផ្លូវលេខ៧០០ ។ សរុបជារួមគម្រោងផ្លូវដែលត្រូវជួសជុលទាំង១២ខ្សែ មានផ្លូវលេខ ១០០ , ៨១៤ , ៨១៨ , ១០៣ ,១៤៣ ,៧០១ ,១០៨៣ ,២០៩ ,៨២៣ ,៨២៧ ,៨២១ , ៨២៥ ដែលមានតម្រូវការថវិកា ២៥.២៨៨លានរៀល។
ដោយឡែកគម្រោងឥណទានថ្នាក់ក្រោមជាតិ ក្នុងការជួសជុលផ្លូវទាំង១២ខ្សែក្នុងក្រុង បានបើកដំណើរការការដ្ឋានជួលជុលផ្លូវចំនួន៦ខ្សែរួចមកហើយ រីឯ៦ខ្សែផ្សេងទៀត រដ្ឋបាលខេត្តកំពុងមានការខ្វះខាតថវិកា រង់ចាំប្រើប្រាស់គម្រោងថវិកាក្នុងឆ្នាំ២០២០។
លោក គួច ចំរើនបានថ្លែងអំណរគុណដល់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានជួយពន្លឿនគម្រោងប្រើប្រាស់ឥណទានថ្នាក់ក្រោមជាតិ ក្នុងការជួសជុលកំណាត់ផ្លូវ ១២ខ្សែ ក្នុងក្រុងព្រះសីហនុឡើងវិញ ដើម្បីជួយសម្រួលចរាចរណ៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងកែលម្អសោភ័ណភាព និងបរិស្ថាន។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជម្រុញឱ្យក្រុមការងារជំនាញ ពិនិត្យមើលលទ្ធភាព ក្នុងការកៀរគរ ឬខ្ចីប្រភពថវិកាផ្សេងៗ ដើម្បីយកមកស្ថាបនា ជួសជុលកំណាត់ផ្លូវ៦ខ្សែ ដែលខ្វះប្រភពថវិកាដែលជាឥណទានថវិកាថ្នាក់ក្រោមជាតិ និងកែលម្អផ្លូវផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំព្រឹត្តិការសំខាន់ៗនៅពេលខាងមុខមានដូចជា បុណ្យសមុទ្រនៅឆ្នាំ២០២០ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ខាងមុខ៕