រដ្ឋាភិបាល​គ្រោង​ជួល​ជុល​ផ្លូវ ២២ខ្សែ​ដើម្បី​លើក​កំពស់​សោភ័ណភាព​ក្នុង​ក្រុង​ព្រះសីហនុ​

0

ដោយ​ វុត្ថា​

ព្រះ​សី​ហនុៈ​ រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ព្រមទាំង​អាជ្ញាធរ​ខេត្ត​បើក​កិច្ចប្រជុំ​ស្តី​ពី​ គម្រោង​វឌ្ឍនភាព​ជួសជុល​ផ្លូវ២២ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​ ដើម្បី​លើកមុខ​មាត់​ខេត្ត​ព្រះសីហនុ​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ និង​លោក​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​បង្ហាញ​ នៃ​វឌ្ឍនភាព​គម្រោង​ កែ​លម្អ​ផ្លូវ​ ២២ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​ ក្នុង​នោះ​បង្ហាញ​ ឱ្យ​ឃើញ​រួមមាន១​. គម្រោង​អនុវត្ត​ប្រើប្រាស់​ថវិកា​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​។ ២.ផែនការ​គម្រោង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ទេសចរណ៍​នាគរាជ​។ ៣.ផែនការ​ស្តា​បនា​ផ្លូវ​ក្នុង​តំបន់​អភិវឌ្ឍន៍​ក្នុង​កំពង់ផែ​ឧកញ៉ា​ម៉ុង​។ ​៤.គម្រោង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ជា​ការងារ​អទិ​ភាព​ ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ២០២២​។

ក្រសួង​នឹង​ប្រើប្រាស់​ថវិកាជាតិ​ជួសជុល​ផ្លូវ​ចំនួន៣កំណាត់​ ។ ក្រសួង​ក៏​មាន​គម្រោង​ប្រើប្រាស់​ឥណទាន​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ជួសជុល​ផ្លូវ​ក្នុង​ក្រុង​ចំនួន១២ខ្សែ​ ក្នុង​នោះ​មានផ្លូវ​ចំនួន៦ខ្សែ​ គ្រោង​នឹង​ប្រើប្រាស់​ថវិកា​ ដែល​បាន​មក​ពី​សំណង់​បណ្តា​ក្រុមហ៊ុន​ ឬវិនិយោគ​ដែល​ធ្វើ​ឱ្យ​ផ្លូវ​ខូចខាត​ក្នុង​ក្រុង​ព្រះសីហនុ​ ដោយសារ​ការ​ដឹកជញ្ជូន​សំភា​រៈ​ផ្សេង​ៗបំរើ​ការ​ ក្នុង​ការសាងសង់​អាគារ​ប្រកប​អាជីវ​កម្ម​ធំៗ​តាមផ្លូវ​ ផ្វើ​ឱ្យ​ខូចខាត​ផ្លូវ​ក្នុង​ខេត្ត​។

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ក៏​មាន​គម្រោង​ប្រើប្រាស់​ថវិកា​ផ្ទាល់​របស់​កំពង់ផែ​ទទួលបន្ទុក​ (Overlay​) ផ្លូវ​លេខ៧០០​ ។ សរុប​ជា​រួម​គម្រោង​ផ្លូវ​ដែល​ត្រូវ​ជួសជុល​ទាំង១២ខ្សែ​ មានផ្លូវ​លេខ​ ១០០​ , ៨១៤​ , ៨១៨​ , ១០៣​ ,១៤៣​ ,៧០១​ ,១០៨៣​ ,២០៩​ ,៨២៣​ ,៨២៧​ ,៨២១​ , ៨២៥​ ដែល​មាន​តម្រូវការ​ថវិកា​ ២៥.២៨៨លាន​រៀល​។

ដោយឡែក​គម្រោង​ឥណទាន​ថ្នាក់ក្រោម​ជាតិ​ ក្នុង​ការ​ជួសជុល​ផ្លូវ​ទាំង១២ខ្សែ​ក្នុង​ក្រុង​ បាន​បើក​ដំណើរការ​ការដ្ឋាន​ជួល​ជុល​ផ្លូវ​ចំនួន៦ខ្សែ​រួចមក​ហើយ​ រីឯ៦ខ្សែ​ផ្សេងទៀត​ រដ្ឋបាល​ខេត្ត​កំពុង​មានការ​ខ្វះខាត​ថវិកា​ រង់ចាំ​ប្រើប្រាស់​គម្រោងថវិកា​ក្នុង​ឆ្នាំ២០២០​។

លោក​ គួច​ ចំរើន​បាន​ថ្លែងអំណរគុណ​ដល់​លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ ដែល​បាន​ជួយ​ពន្លឿន​គម្រោង​ប្រើប្រាស់​ឥណទាន​ថ្នាក់ក្រោម​ជាតិ​ ក្នុង​ការ​ជួសជុល​កំណាត់ផ្លូវ​ ១២ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​ឡើងវិញ​ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​ និង​កែ​លម្អ​សោភ័ណភាព​ និង​បរិស្ថាន​។

លោក​ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ជម្រុ​ញឱ្យ​ក្រុមការងារ​ជំនាញ​ ពិនិត្យមើល​លទ្ធភាព​ ក្នុង​ការ​កៀរគរ​ ឬខ្ចី​ប្រភព​ថវិ​កា​ផ្សេង​ៗ ដើម្បី​យក​មក​ស្ថាបនា​ ជួសជុល​កំណាត់ផ្លូវ៦ខ្សែ​ ដែល​ខ្វះ​ប្រភព​ថវិកា​ដែល​ជា​ឥណទាន​ថវិកា​ថ្នាក់ក្រោម​ជាតិ​ និង​កែ​លម្អ​ផ្លូវ​ផ្សេង​ៗទៀត​ក្នុង​ក្រុង​ព្រះសីហនុ​ ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិការ​សំ​ខាន់​ៗនៅពេល​ខាងមុខ​មាន​ដូចជា​ បុណ្យ​សមុទ្រ​នៅ​ឆ្នាំ២០២០​ និង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ២០២២ខាងមុខ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here