ដោយនៅ វឌ្ឈនា
សៀមរាបៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោកថោង ខុនបានស្នើដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ត្រូវខិតខំបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពង្រីការហោះហើរត្រង់បន្ថែម ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើន ព្រមទាំងត្រូវដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនទៀត។

-->
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំកម្រិតអគ្គនាយកទេសចរណ៍អាស៊ានលើកទី៥០ (ASEAN NTOs) ជាផ្លូវការ ខេត្តសៀមរាបនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៩ នេះ បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធនៅកម្ពុជា ឱ្យចូលរួមជំរុញនូវកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ជាតិនោះឡើយ ដោយលោកតែងតែលើកទឹកចិត្តឱ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងទាក់ទាញការតភ្ជាប់ការហោះហើរត្រង់ពីបណ្ដាប្រទេសគោលដៅនានាជារឿយៗ។
លោករដ្ឋមន្ត្រីថោង ខុន បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលប្រទេសជាសមាជិកអាស៊ាន ត្រូវមានកិច្ចសហប្រតិបត្តិការដោះស្រាយរួមគ្នា ក្នុងនោះត្រូវជំរុញការធ្វើដំណើរទស្សនាកម្សាន្តផ្ទៃក្នុងអាស៊ាន ឱ្យបានផុសផុលឡើង សំដៅធ្វើយ៉ាងណាឱ្យទទួលបានកំណើនជាមធ្យម ៤%ក្នុងមួយឆ្នាំ និងជំរុញឱ្យទេសចរអាចធ្វើដំណើរទស្សនាកម្សាន្តបានដោយខ្លួនឯង ពិសេសដំណើរកម្សាន្តឆ្លងប្រទេស។
លោករដ្ឋមន្រ្តីបានជំរុញឱ្យអង្គប្រជុំ ASEAN NTOs រួមគ្នាពិភាក្សាពីចំណុចដ៏សំខាន់មួយនេះសំដៅធ្វើយ៉ាងសម្រេចឱ្យបាននូវ «ស្ដង់ដាទេសចរណ៍ម្ហូបអាហារអាស៊ាន» នេះឱ្យបាន។
ដោយសារតែនៅតំបន់អាស៊ាន សម្បូរទៅដោយធនធានធម្មជាតិ វប្បធម៌រូបិយ-អរូបិយ ដែលអំណោយផលដល់ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងតំបន់ ឱ្យក្លាយទៅជាផលិតផលដ៏ល្អឯក និងផ្ដល់នូវការចងចាំដ៏ជក់ចិត្តដល់ទេសចរ ដែលចាំបាច់ប្រទេសសមាជិកអាស៊ាន ត្រូវធ្វើយ៉ាងណាបង្កើតផលិតផលទេសចរណ៍ថ្មីៗឱ្យបានច្រើន ដើម្បីទាក់ទាញទេសចរឱ្យមកទស្សនាកើនឡើងកាន់តែច្រើនថែមទៀត។
យោងតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោកបានបង្ហាញថា ពេញមួយឆ្នាំ២០១៨តំបន់អាស៊ានទាំងមូល ទទួលបានភ្ញៀវទេសចរប្រមាណ១៣៥លាននាក់ កើនឡើង ៧.៦%។
លោកទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាននៃក្រសួងទេសចរណ៍បានថ្លែងថា កិច្ចប្រជុំASEAN NTOs នេះផ្ដោតសំខាន់លើការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់អាស៊ាន ក្នុងនោះមានការត្រួតពិនិត្យលទ្ធផលការងារ ដែលបានអនុវត្តតាំងពីឆ្នាំ២០១៦ និងដាក់ចេញទិសដៅការងារបន្តរហូតទៅដល់ឆ្នាំ២០២៥។
ក្រៅពីនោះ មានការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអាស៊ាន និងគម្រោងអភិវឌ្ឍន៍នានា ដែលចូលរួមដល់ការអភិវឌ្ឍក្នុងតំបន់អាស៊ានទាំងមូល ក៏ដូចជាវិស័យទេសចរណ៍កម្ពុជា តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការអនុវត្តស្តង់ដាគុណភាពអាស៊ានរួម និងការបណ្ដុះបណ្ដាលធនធានមនុស្ស ស្របតាមកម្មវិធីបណ្ដុះបណ្ដាលស្ដង់ដាអាស៊ាន។
កិច្ចប្រជុំ ASEAN NTOs ខាងលើមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០១៩។ ក្រៅពីកិច្ចប្រជុំ ASEAN NTOs អាស៊ាននេះក៏មានកិច្ចប្រជុំ ASEAN NTOs បូក៣ ដែលមានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ហើយនឹងមានកិច្ចប្រជុំក្នុងក្របខណ្ឌមជ្ឈមណ្ឌលអាស៊ាន-ចិន មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង ព្រមទាំងមានកិច្ចប្រជុំជាមួយដៃគូសន្ទនាផ្សេងទៀតផងដែរ៕