កម្ពុជា​ស្នើ​សមាជិក​អាស៊ាន​ខំប្រឹង​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ និង​ពង្រីក​ការហោះហើរ​ត្រង់​

0

ដោយ​នៅ​ វឌ្ឈ​នា​

សៀម​រា​បៈ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​ លោក​ថោង​ ខុន​បាន​ស្នើ​ដល់​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ទាំងអស់​ ត្រូវ​ខិតខំ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ និង​ពង្រីកា​រហោះ​ហើរ​ត្រង់​បន្ថែម​ ឱ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​កាន់តែ​ច្រើន​ ព្រមទាំង​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​មួយចំនួន​ទៀត​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កម្រិត​អគ្គនាយក​ទេសចរណ៍​អាស៊ាន​លើក​ទី៥០​ (ASEAN​ NTOs​) ជា​ផ្លូវការ​ ខេត្តសៀមរាប​នៅ​ថ្ងៃទី​ ១០​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​ជំរុញ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា​ ឱ្យ​ចូលរួម​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ជាតិ​នោះ​ឡើយ​ ដោយ​លោក​តែងតែ​លើកទឹកចិត្ត​ឱ្យ​មានការ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ និង​ទាក់ទាញ​ការ​តភ្ជាប់​ការហោះហើរ​ត្រង់​ពី​បណ្ដា​ប្រទេស​គោលដៅ​នានា​ជា​រឿយ​ៗ។

លោក​រដ្ឋមន្ត្រី​ថោង​ ខុន​ បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ ត្រូវ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ដោះស្រាយ​រួមគ្នា​ ក្នុង​នោះ​ត្រូវ​ជំរុញ​ការ​ធ្វើដំណើរ​ទស្សនា​កម្សាន្ត​ផ្ទៃក្នុង​អាស៊ាន​ ឱ្យ​បាន​ផុសផុល​ឡើង​ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ទទួល​បាន​កំណើន​ជាមធ្យម ៤​%ក្នុង​មួយឆ្នាំ​ និង​ជំរុញ​ឱ្យ​ទេសចរ​អាច​ធ្វើដំណើរ​ទស្សនា​កម្សាន្ត​បាន​ដោយខ្លួនឯង​ ពិសេស​ដំណើរ​កម្សាន្ត​ឆ្លង​ប្រទេស​។

លោក​រដ្ឋមន្រ្តី​បាន​ជំរុញ​ឱ្យ​អង្គប្រជុំ​ ASEAN​ NTOs​ រួមគ្នា​ពិភាក្សា​ពី​ចំណុច​ដ៏​សំខាន់​មួយ​នេះ​សំដៅ​ធ្វើ​យ៉ាង​សម្រេច​ឱ្យ​បាន​នូវ​ «ស្ដ​ង់​ដា​ទេសចរណ៍​ម្ហូបអាហារ​អាស៊ាន​» នេះ​ឱ្យ​បាន​។

ដោយសារតែ​នៅ​តំបន់​អាស៊ាន​ សម្បូរទៅដោយ​ធនធាន​ធម្មជាតិ​ វប្បធម៌​រូបិយ​-អរូបិយ​ ដែល​អំណោយផល​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ ឱ្យ​ក្លាយទៅជា​ផលិតផល​ដ៏​ល្អឯក​ និង​ផ្ដល់​នូវ​ការ​ចងចាំ​ដ៏​ជក់ចិត្ត​ដល់​ទេសចរ​ ដែល​ចាំបាច់​ប្រទេស​សមាជិក​អាស៊ាន​ ត្រូវ​ធ្វើ​យ៉ាងណា​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗឱ្យ​បាន​ច្រើន​ ដើម្បី​ទាក់ទាញ​ទេសចរ​ឱ្យមក​ទស្សនា​កើនឡើង​កាន់តែ​ច្រើន​ថែមទៀត​។

យោង​តាម​របាយការណ៍​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​បាន​បង្ហាញថា​ ពេញ​មួយឆ្នាំ២០១៨តំបន់​អាស៊ាន​ទាំងមូល​ ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ១៣៥លាន​នាក់​ កើនឡើង​ ៧.៦​%។

លោ​កទ្រី​ ឈីវ​ ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការអន្តរជាតិ​ និង​អាស៊ាន​នៃ​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា​ កិច្ចប្រជុំ​ASEAN​ NTOs​ នេះ​ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ ក្នុង​នោះ​មានការ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ ដែល​បាន​អនុវត្ត​តាំងពី​ឆ្នាំ២០១៦​ និង​ដាក់ចេញ​ទិសដៅ​ការងារ​បន្ត​រហូត​ទៅដល់​ឆ្នាំ២០២៥​។

ក្រៅពីនោះ​ មានការ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ ក្នុង​ក្របខណ្ឌ​អាស៊ាន​ និង​គម្រោង​អភិវឌ្ឍន៍​នានា​ ដែល​ចូលរួម​ដល់​ការ​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​ ក៏ដូចជា​វិស័យ​ទេសចរណ៍​កម្ពុជា​ តាមរយៈ​ការផ្លាស់ប្ដូរ​បទពិសោធន៍​ និង​ការអនុវត្ត​ស្តង់​ដា​គុណភាព​អាស៊ាន​រួម​ និង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ស្របតាម​កម្មវិធី​បណ្ដុះ​បណ្ដាល​ស្ដ​ង់​ដា​អាស៊ាន​។

កិច្ចប្រជុំ​ ASEAN​ NTOs​ ខាងលើ​មាន​រយៈពេល៣ថ្ងៃ​ ចាប់ពី​ថ្ងៃទី១០​-១២​ ខែកក្កដា​ ឆ្នាំ២០១៩​។ ក្រៅពី​កិច្ចប្រជុំ​ ASEAN​ NTOs​ អាស៊ាន​នេះ​ក៏​មាន​កិច្ចប្រជុំ​ ASEAN​ NTOs​ បូក៣​ ដែល​មាន​ប្រទេស​ចិន​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ ហើយនឹង​មាន​កិច្ចប្រជុំ​ក្នុង​ក្របខណ្ឌ​មជ្ឈមណ្ឌល​អាស៊ាន​-ចិន​ មជ្ឈមណ្ឌល​អាស៊ាន​-ជប៉ុន​ និង​មជ្ឈមណ្ឌល​អាស៊ាន​-កូរ៉េ​ខាងត្បូង​ ព្រមទាំង​មាន​កិច្ចប្រជុំ​ជាមួយ​ដៃគូ​សន្ទនា​ផ្សេងទៀត​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here