ប្រធាន​ CVEA​ ៖ បើ​ធ្វើការ​បាន​ប្រាក់ខែ​តិច​គួរ​សាកល្បង​ចាប់​អាជីព​ភ្នាក់ងារ​លក់​អចលនទ្រព្យ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ យុវជន​ភាគច្រើន​ក្រោយពេល​បញ្ចប់​ការសិក្សា​ថ្នាក់​ឧត្តម​សិក្សា​ ឬចប់​មហាវិទ្យាល័យ​ តែង​ប្រាថ្នា​ការងារ​ល្អ​មាន​ប្រាក់ខែ​ច្រើន​ និង​អង្គុយ​នៅក្នុង​ក្រុមហ៊ុន​ដ៏​ធំ​ដែល​ល្បីឈ្មោះ​។ ទាំងនេះ​វា​គ្រាន់តែ​ជា​ក្ដី​ប្រាថ្នា​ និង​ការ​ចង់បាន​តែប៉ុណ្ណោះ​ ប៉ុន្តែ​ធាតុ​ពិត​ជាក់ស្ដែង​ ហាក់​មិនបាន​សម្រេច​នោះ​ឡើយ​។

អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​បាន​លើកឡើង​ថា​ ការបម្រើ​ការងារ​ផ្នែក​វិស័យ​អចលនទ្រព្យ​ក្នុងនាម​ជា​ភ្នាក់ងារ​ គេ​មិនសូវ​ជា​រំពឹង​ទៅលើ​ប្រាក់ខែ​នោះ​ទេ​ ប៉ុន្តែ​បើ​ចង់​ទទួល​បាន​ចំណូល​ច្រើន​ ត្រូវតែ​ពង្រឹង​សមត្ថភាព​ក្នុង​ការ​លក់​ ទើប​អាច​ទទួល​បាន​កម្រៃ​ជើង​សារ​ច្រើន​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ Century​ 21​ Mekong​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ប្រាប់​ថា​ ជា​ផ្នត់គំនិត​ទូទៅ​ ចំពោះ​ការ​ចូល​បម្រើការ​ងារ​នៅក្នុង​ក្រុមហ៊ុន​មួយ​ គឺ​គេ​តែង​គិតទៅ​លើ​ប្រាក់ខែ​ ប៉ុន្តែ​ចំពោះ​ការងារ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ មាន​ភាព​ខុសគ្នា​ពី​ការងារ​ទូទៅ​ ដោយសារតែ​នៅក្នុង​ការ​បំពេញភារកិច្ច​ ជា​ភ្នាក់ងារ​អាច​ទទួល​បាន​កម្រៃ​ជើង​សារ​ តប​ទៅ​នឹង​លទ្ធផល​របស់​ពួកគេ​។

​លោក​បាន​បន្ត​ទៀត​ថា​ “ការ​បំពេញ​តួនាទី​ជា​ភ្នាក់ងារ​លក់​អចលនវត្ថុ​ ប្រៀបបានទៅ​នឹង​ការ​ធ្វើជំនួញ​ផ្ទាល់ខ្លួន​យ៉ាង​ដូច្នោះ​”។ លោក​បន្ត​ទៀត​ថា​ “អ្វី​ដែល​ជា​ភាពល្អ​ប្រសើរ​ គឺ​ពួកគាត់​មាន​ក្រុមហ៊ុន​ស្រាប់​រួច​ទៅ​ហើយ​ គ្រាន់តែ​គាត់​ខំប្រឹង​លើ​តួនាទី​ ដើម្បី​ទទួល​បាន​ចំណូល​ជាការស្រេច​”។

លោក​បន្ថែម​ថា​ “បើ​បុគ្គលិក​ផ្នែក​នេះ​ខំប្រឹង​កាន់តែ​ខ្លាំង​ ចំណូល​ដែល​ទទួល​បាន​កាន់តែ​ច្រើន​”។លោក​បន្ត​ទៀត​ថា​ “តាមពិត​ការ​ទន្ទឹងរង់ចាំ​ទទួល​ចំណូល​ពី​ប្រាក់ខែ​ វា​ប្រៀបបានទៅ​នឹង​ការ​ដាក់​សម្ពាធ​ និង​បិទ​ឱកាស​របស់​ខ្លួន​យ៉ាង​ដូច្នោះ​។

លោក​សុ​ខនី​មបាន​បន្ត​ថា​ ភាព​ជាក់ស្ដែង​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ការងារ​ជា​ភ្នាក់ងារ​លក់​ អាច​មានលទ្ធភាព​ទទួល​បាន​ប្រយោជន៍​ និង​ចំណូល​ច្រើនជាង​ប្រាក់ខែ​ដោយ​ឥត​កំណត់​។ ទាំងអស់​នេះ​មិនមែន​មានន័យថា​ លើកទឹកចិត្ត​ និង​ជំរុញ​ឱ្យ​បោះបង់​ការងារ​ដែល​ខ្លួន​កំពុងតែ​ធ្វើ​ដោយ​ក្ដី​ស្រឡាញ់​ទាំងស្រុង​នោះ​ទេ​ ប៉ុន្តែ​វា​គ្រាន់​ជា​ចំណុច​ដែល​ត្រូវ​ពិចារណា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here