ដោយៈ រ៉ាណេត
ភ្នំពេញៈ យុវជនភាគច្រើនក្រោយពេលបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា ឬចប់មហាវិទ្យាល័យ តែងប្រាថ្នាការងារល្អមានប្រាក់ខែច្រើន និងអង្គុយនៅក្នុងក្រុមហ៊ុនដ៏ធំដែលល្បីឈ្មោះ។ ទាំងនេះវាគ្រាន់តែជាក្ដីប្រាថ្នា និងការចង់បានតែប៉ុណ្ណោះ ប៉ុន្តែធាតុពិតជាក់ស្ដែង ហាក់មិនបានសម្រេចនោះឡើយ។
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានលើកឡើងថា ការបម្រើការងារផ្នែកវិស័យអចលនទ្រព្យក្នុងនាមជាភ្នាក់ងារ គេមិនសូវជារំពឹងទៅលើប្រាក់ខែនោះទេ ប៉ុន្តែបើចង់ទទួលបានចំណូលច្រើន ត្រូវតែពង្រឹងសមត្ថភាពក្នុងការលក់ ទើបអាចទទួលបានកម្រៃជើងសារច្រើន។
-->
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Century 21 Mekong លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់ថា ជាផ្នត់គំនិតទូទៅ ចំពោះការចូលបម្រើការងារនៅក្នុងក្រុមហ៊ុនមួយ គឺគេតែងគិតទៅលើប្រាក់ខែ ប៉ុន្តែចំពោះការងារនៅក្នុងវិស័យអចលនទ្រព្យ មានភាពខុសគ្នាពីការងារទូទៅ ដោយសារតែនៅក្នុងការបំពេញភារកិច្ច ជាភ្នាក់ងារអាចទទួលបានកម្រៃជើងសារ តបទៅនឹងលទ្ធផលរបស់ពួកគេ។
លោកបានបន្តទៀតថា “ការបំពេញតួនាទីជាភ្នាក់ងារលក់អចលនវត្ថុ ប្រៀបបានទៅនឹងការធ្វើជំនួញផ្ទាល់ខ្លួនយ៉ាងដូច្នោះ”។ លោកបន្តទៀតថា “អ្វីដែលជាភាពល្អប្រសើរ គឺពួកគាត់មានក្រុមហ៊ុនស្រាប់រួចទៅហើយ គ្រាន់តែគាត់ខំប្រឹងលើតួនាទី ដើម្បីទទួលបានចំណូលជាការស្រេច”។
លោកបន្ថែមថា “បើបុគ្គលិកផ្នែកនេះខំប្រឹងកាន់តែខ្លាំង ចំណូលដែលទទួលបានកាន់តែច្រើន”។លោកបន្តទៀតថា “តាមពិតការទន្ទឹងរង់ចាំទទួលចំណូលពីប្រាក់ខែ វាប្រៀបបានទៅនឹងការដាក់សម្ពាធ និងបិទឱកាសរបស់ខ្លួនយ៉ាងដូច្នោះ។

លោកសុខនីមបានបន្តថា ភាពជាក់ស្ដែងនៅក្នុងវិស័យអចលនទ្រព្យ ការងារជាភ្នាក់ងារលក់ អាចមានលទ្ធភាពទទួលបានប្រយោជន៍ និងចំណូលច្រើនជាងប្រាក់ខែដោយឥតកំណត់។ ទាំងអស់នេះមិនមែនមានន័យថា លើកទឹកចិត្ត និងជំរុញឱ្យបោះបង់ការងារដែលខ្លួនកំពុងតែធ្វើដោយក្ដីស្រឡាញ់ទាំងស្រុងនោះទេ ប៉ុន្តែវាគ្រាន់ជាចំណុចដែលត្រូវពិចារណា៕