ដោយ៖ រ៉ាណេត
កោះកុងៈ ក្រុមហ៊ុន Bangkok Airway កំពុងស្ថិតក្នុងដំណើរការសាងសង់ព្រលានយន្តចាស់ ស្ថិតនៅក្នុងទីរួមខេត្តកោះកុង ដែលជាក្រុងខេមរភូមិន្ទ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍នេះបានទទួលការអនុញ្ញាត្តជាគោលការណ៍ពីរដ្ឋាភិបាលរួចហើយ។

-->
បន្ថែមពីលើព្រលានយន្តហោះតារាសាគរ ដែលវិនិយោគដោយក្រុមហ៊ុនចិន ត្រៀមនឹងដាក់ឱ្យដំណើរការនៅឆ្នាំក្រោយនេះ រដ្ឋាភិបាលបានអនុញ្ញាត្តជាគោលការណ៍យ៉ាងជាក់លាក់ទៅលើការកែលម្អ និងអភិវឌ្ឍបន្ថែមទៅលើព្រលានយន្តហោះ ដែលមានស្រាប់ ប៉ុន្តែត្រូវបានផ្អាកដំណើរការតាំងពីឆ្នាំ២០០១ ដោយការផ្តល់សិទ្ធិវិនិយោគទៅឱ្យក្រុមហ៊ុន Bangkok Airway របស់ថៃ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្រុមអ្នកជំនាញសាងសង់ព្រលានយន្តហោះ នៃក្រុមហ៊ុន Bangkok Airway មកធ្វើការសិក្សាមិនតិចជាង៦លើកនោះទេ ដើម្បីលម្អិតពីស្ថានភាពជាក់ស្ដែង និងពេលវេលាជាក់លាក់ក្នុងការចាប់ផ្តើមកែលម្អរ និងអភិវឌ្ឍព្រលានយន្តហោះចាស់ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងខេមរិន្ទ។
លោកបានបន្តទៀតថា “ដើម្បីអោយទីតាំងចុះចត និងដឹកជញ្ជូនអ្នកដំណើរប្រកបដោយសុវត្ថិភាព អាកាសចរណ៍ស៊ីវិល និងអ្នកពាក់ព័ន្ធចាំបាច់ពិនិត្យឱ្យបានលម្អិតលម្អន់ទៅលើស្តង់ដារនៃព្រលានយន្តហោះជាមុនសិន”។ លោកបានបញ្ជាក់ទៀតថា “រាជរដ្ឋាភិបាលបានអនុញ្ញាត្ត ជាគោលការណ៍ឱ្យក្រុមហ៊ុនអាកាសចរណ៍ Bangkok Airway មានសិទ្ធិវិនិយោគសាងសង់ព្រលានយន្តហោះមួយនេះរួចរាល់ហើយ”។
បច្ចុប្បន្នក្រុមអ្នកជំនាញការ បានផ្តោតទៅលើផលប៉ះពាល់ចំនួន៣ ទៅលើបរិបទទូទៅពាក់ព័ន្ធនឹងព្រលានយន្តហោះមួយនេះ ដោយទី១ កត្តាបរិស្ថាន ទី២ ការរស់នៅពលរដ្ឋក្នុងសង្គម និងទី៣-លក្ខណៈបទដ្ឋានបច្ចេកទេស។ បន្ទាប់ពីសិក្សារួចរាល់ ការសម្រេចកំណត់ពេលវេលា បើកការដ្ឋានអភិវឌ្ឍន៍នៅពេលណាឱ្យប្រាកដនោះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ ខណៈដែលទំហំទឹកប្រាក់វិនិយោគ និងកែលម្អឡើងវិញនេះតម្រូវចំណាយយ៉ាងតិច៤០លានដុល្លារ និងចំណាយប្រមាណ៣-៤ ឆ្នាំ។
លោក ឃុត ពុធ អ្នកគ្រប់គ្រងអតីតព្រលានយន្តហោះក្នុងទីរួមខេត្តកោះកុង បានឱ្យដឹងថា ព្រលានយន្តហោះដែលមិនដំណើរការរាប់ឆ្នាំមកនេះ បានកកើតឡើងនៅអំឡុងទសវត្ស១៩៧០ នៅលើផ្ទៃដីទំហំ១២៥ ហិកតា ដោយមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ ដាក់ការហោះហើរទៅមកពីខេត្តកោះកុង ទៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងទៅខេត្តសៀមរាប។
ព្រលាននេះផ្តើមហោះហើរជាលើកទី២ នៅចន្លោះឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០០១ បិទផ្អាកដំណើរការទៅវិញ ព្រោះតែខាតបង់ចំណូល មិនសូវមានការគាំទ្រពីសាធារណៈជនទូទៅ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន បានស្វាគមន៍ចំពោះកែលម្អ និងអភិវឌ្ឍគម្រោងព្រលានយន្តហោះនេះ ព្រោះប្រសិនជាមានព្រលានមួយទៀតនៅក្នុងខេត្តនេះ ព្រលាននេះអាចទាក់ទាញការហោះហើរ ពីកម្រិតតំបន់បាន ពិតជាប្រសើរសំរាប់ពេលអនាគត និងធ្វើឱ្យខេត្តនេះកាន់តែពង្រីកសក្តានុពលទេសចរណ៍របស់ខ្លួន ព្រោះខេត្តកោះកុងមានសក្តានុពលទេសចរណ៍ធម្មជាតិច្រើនណាស់ ដែលយើងមិនទាន់មានលទ្ឋភាពទាញយកមកប្រើប្រាស់អស់នៅឡើយ។
លោកស្រីបញ្ជាក់ថា “វាមិនប្រកួតប្រជែងជាមួយព្រលានយន្តហោះ តារាសាគរ ដែលកំពុងសាងសង់ក្នុងខេត្តនេះទេ ព្រោះអ្នកវិនិយោគគំរោងនេះ អាចចាប់យកគោលដៅអាកាសចរណ៍ខុសៗគ្នា ដោយមួយអាចភ្ជាប់កម្រិតតំបន់ និងមួយទៀតអាចពង្រីកការតភ្ជាប់ជាមួយប្រទេសចិន”៕