ក្រុមហ៊ុន​ Bangkok​ Airway​ គ្រោង​សាងសង់​ឡើងវិញ​នូវ​ព្រលា​នយន្តហោះ​ក្នុង​ទីរួមខេត្ត​កោះកុង​

0

ដោយ​៖​ រ៉ា​ណេត​

កោះ​កុងៈ​ ​ក្រុមហ៊ុន ​Bangkok​ Airway​ កំពុង​ស្ថិត​ក្នុង​ដំណើរការ​សាង​សង់​ព្រលា​នយន្តចាស់​ ស្ថិតនៅ​ក្នុង​ទីរួមខេត្ត​កោះកុង​ ដែល​ជា​ក្រុង​ខេមរភូមិន្ទ​ បន្ទាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​ទទួលការ​អនុញ្ញាត្ត​ជាគោល​ការណ៍​ពី​រដ្ឋាភិបាល​រួចហើយ​។

បន្ថែម​ពី​លើ​ព្រលា​នយន្តហោះ​តារា​សាគរ​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ចិន​ ត្រៀម​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំក្រោយ​នេះ​ រដ្ឋាភិបាល​បាន​អនុញ្ញាត្ត​ជាគោល​ការណ៍​យ៉ាង​ជាក់លាក់​ទៅលើ​ការ​កែ​លម្អ​ និង​អភិវឌ្ឍ​បន្ថែម​ទៅ​លើ​ព្រលា​នយន្តហោះ​ ដែល​មានស្រាប់​ ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​ដំណើរការ​តាំងពី​ឆ្នាំ២០០១​ ដោយ​ការ​ផ្តល់​សិទ្ធិ​វិនិយោគ​ទៅ​ឱ្យ​ក្រុមហ៊ុន​ Bangkok​ Airway​ របស់​ថៃ​។

អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ លោក​ ស៊ិន​ ចាន់​សិរី​វុត្ថា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ កាលពី​រសៀល​ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ ក្រុម​អ្នកជំនាញ​សាង​សង់​ព្រលា​នយន្តហោះ​ នៃ​ក្រុមហ៊ុន​ Bangkok​ Airway​ មក​ធ្វើការ​សិក្សា​មិន​តិច​ជាង៦លើក​នោះ​ទេ​ ដើម្បី​លម្អិត​ពី​ស្ថានភាព​ជាក់ស្ដែង​ និង​ពេលវេលា​ជាក់លាក់​ក្នុង​ការ​ចាប់ផ្តើម​កែ​លម្អ​រ និង​អភិ​វឌ្ឍ​ព្រលា​នយន្តហោះ​ចាស់​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ក្រុង​ខេ​មរិន្ទ​។

លោក​បាន​បន្ត​ទៀត​ថា​ “ដើម្បីអោយ​ទីតាំង​ចុះចត​ និង​ដឹកជញ្ជូន​អ្នកដំណើរ​ប្រកបដោយ​សុវត្ថិភាព​ អាកាសចរណ៍​ស៊ីវិល​ និង​អ្នក​ពាក់ព័ន្ធ​ចាំបាច់​ពិនិត្យ​ឱ្យ​បាន​លម្អិតលម្អន់​ទៅលើ​ស្តង់ដារ​នៃ​ព្រលា​នយន្តហោះ​ជាមុន​សិន​”។ លោក​បាន​បញ្ជាក់​ទៀត​ថា​ “រាជរដ្ឋាភិបាល​បាន​អនុញ្ញាត្ត​ ជាគោល​ការណ៍​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ Bangkok​ Airway​ មាន​សិទ្ធិ​វិនិយោគ​សាង​សង់​ព្រលា​នយន្តហោះ​មួយ​នេះ​រួចរាល់​ហើយ​”។

បច្ចុប្បន្ន​ក្រុម​អ្នកជំនាញ​ការ​ បាន​ផ្តោត​ទៅលើ​ផល​ប៉ះពាល់​ចំនួន៣​ ទៅលើ​បរិបទ​ទូទៅ​ពាក់ព័ន្ធ​នឹង​ព្រលា​នយន្តហោះ​មួយ​នេះ​ ដោយ​ទី១​ កត្តា​បរិស្ថាន​ ទី២​ ការរស់នៅ​ពលរដ្ឋ​ក្នុង​សង្គម​ និង​ទី៣​-លក្ខណៈ​បទដ្ឋាន​បច្ចេកទេស​។ បន្ទាប់ពី​សិក្សា​រួចរាល់​ ការសម្រេច​កំណត់ពេលវេលា​ បើក​ការដ្ឋាន​អភិវឌ្ឍន៍​នៅពេល​ណា​ឱ្យ​ប្រាកដ​នោះ​នៅ​មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ​ ខណៈ​ដែល​ទំហំ​ទឹកប្រាក់​វិនិយោគ​ និង​កែ​លម្អ​ឡើងវិញ​នេះ​តម្រូវ​ចំណាយ​យ៉ាងតិច៤០លាន​ដុល្លារ​ និង​ចំណាយ​ប្រមាណ៣​-៤ ឆ្នាំ​។

លោក​ ឃុត​ ពុធ​ អ្នកគ្រប់គ្រង​អតី​តព្រលា​នយន្តហោះ​ក្នុង​ទីរួមខេត្ត​កោះកុង​ បានឱ្យ​ដឹង​ថា​ ព្រលា​នយន្តហោះ​ដែល​មិន​ដំណើរការ​រាប់​ឆ្នាំ​មកនេះ​ បាន​កកើត​ឡើង​នៅ​អំឡុង​ទសវត្ស១៩៧០​ នៅ​លើ​ផ្ទៃដី​ទំហំ១២៥​ ហិ​កតា​ ដោយមាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន៣​ ​ដាក់​ការហោះហើរ​ទៅមក​ពី​ខេត្តកោះកុង​ ទៅ​ខេត្ត​ព្រះសីហនុ​ រាជធានី​ភ្នំពេញ​ និង​ទៅ​ខេត្តសៀមរាប​។

ព្រលា​ននេះ​ផ្តើម​ហោះហើរ​ជា​លើក​ទី២​ នៅចន្លោះ​ឆ្នាំ១៩៩៣​ រហូតដល់​ឆ្នាំ២០០១​ បិទ​ផ្អាក​ដំណើរការ​ទៅវិញ​ ព្រោះតែ​ខាតបង់​ចំណូល​ មិនសូវ​មានការ​គាំទ្រ​ពីសា​ធា​រណៈ​ជន​ទូទៅ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ី​វលី​ន បាន​ស្វាគមន៍​ចំពោះ​កែ​លម្អ​ និង​អភិវឌ្ឍ​គម្រោ​ងព្រលា​នយន្តហោះ​នេះ​ ព្រោះ​ប្រសិនជា​មា​នព្រ​លាន​មួយទៀត​នៅក្នុង​ខេត្ត​នេះ​ ព្រលា​ននេះ​អាច​ទាក់ទាញ​ការហោះហើរ​ ពី​កម្រិត​តំបន់​បាន​ ពិតជា​ប្រសើរ​សំរាប់​ពេល​អនាគត​ និង​ធ្វើ​ឱ្យ​ខេត្ត​នេះ​កាន់តែ​ពង្រីក​សក្តា​នុ​ពល​ទេសចរណ៍​របស់​ខ្លួន​ ព្រោះ​ខេត្តកោះកុង​មាន​សក្តា​នុ​ពល​ទេសចរណ៍​ធម្មជាតិ​ច្រើនណាស់​ ដែល​យើង​មិន​ទាន់​មាន​លទ្ឋ​ភាព​ទាញ​យក​មក​ប្រើប្រាស់​អស់​នៅឡើយ​។

លោកស្រី​បញ្ជាក់​ថា​ “វា​មិន​ប្រកួតប្រជែង​ជា​មួយ​ព្រលា​នយន្តហោះ​ តារា​សាគរ​ ដែល​កំពុង​សាងសង់​ក្នុង​ខេត្ត​នេះ​ទេ​ ព្រោះ​អ្នក​វិនិយោគ​គំរោង​នេះ​ អាច​ចាប់​យក​គោលដៅ​អាកាស​ចរ​ណ៍​ខុស​ៗគ្នា​ ដោយ​មួយ​អាច​ភ្ជាប់​កម្រិត​តំបន់​ និង​មួយទៀត​អាច​ពង្រីក​ការ​តភ្ជាប់​ជាមួយ​ប្រទេស​ចិន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here