ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ីបានហក់ឡើងខ្ពស់បន្ទាប់ពីមានការភ្ជាប់ជើងហោះហើរត្រង់

0

ដោយវុត្ថា

ភ្នំពេញៈ គិតត្រឹមខែមេសា ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌូនេស៊ីមានចំនួន ១៩៦.២៦ លានដុល្លារ បានកើនឡើង ១០.៤៨% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មចេញផ្សាយនៅថ្ងៃនេះ។

របាយការណ៍ដដែលបន្តថា សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានចុះអនុស្សរណៈស្តីពីការមិនយកពន្ធត្រួតគ្នា និងការបង្ការអំពើបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល ព្រមទាំងអនុស្សរណៈស្តីពីការកសាងសមត្ថភាពលើវិស័យកសិកម្ម និងសេដ្ឋកិច្ច។

ដោយឡែកសម្រាប់វិស័យទេសចរណ៍ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ឥណ្ឌូនេស៊ី បានបង្កើតជើងហោះហើរត្រង់ពីទីក្រុងហ្សាការតា-ភ្នំពេញ ហ្សាកាតាដោយក្រុមហ៊ុន City Link Indonesia ដែលហោះហើររៀងរាល់ថ្ងៃច័ន្ទ-ពុធ-សុក្រ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus 320 ដែលអាចផ្ទុកអ្នកដំណើរបាន១៨០នាក់។

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ឥណ្ឌូនេស៊ីកាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ចំនួន ៥៥៨.៦២ លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី មានទឹកប្រាក់ ៣៣ លានដុល្លារ និងនាំចូលមានទឹកប្រាក់ ៥២៥.៦ លានដុល្លារ។

ក្រសួងពាណិជ្ជកម្ម នៅទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ  បានរៀបចំសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា ឥណ្ឌូនេស៊ី ឆ្នាំ២០១៩ ដែលគ្រោងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែកក្កដា ឆ្នាំ២០១៩ នៅលើទឹកដីអង្គរនៃខេត្តសៀមរាប ដើម្បីអបអរសាទរខួបអនុស្សាវរិយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌូនេស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here