ដោយ ចេស្តា
ភ្នំពេញ៖ ក្រុមហ៊ុនលី យ៉ុងផាត់គ្រុប របស់លោកឧកញ្ញ៉ា លី យ៉ុងផាត់ ស្តេចជំនួញខេត្តកោះកុង បានសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ថៃ Bangkok Airway បោះទុនប្រមាណ ៤០លានដុល្លារសហរដ្ឋអាមេរិក នឹងសាងសង់ឡើងវិញនូវអតីតព្រលានយន្តហោះកោះកុង ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកកាលពីម្សិលមិញនេះថា គម្រោងសាងសង់ព្រលានយន្តហោះខេត្តកោះកុងឡើងវិញ ដែលវិនិយោគរួមគ្នានេះ រំពឹងថា នឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ ២០២០ ខាងមុខនេះ។
-->
លោកថា សម្រាប់គម្រោងសាងសង់ ព្រលានយន្តហោះកោះកុង ក្នុងក្រុងខេមរភូមិន្ទឡើងវិញនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាល សិក្សាពីផលប៉ះពាល់ទាំងផ្នែកបរិស្ថាន សង្គម និងបច្ចេកទេស ហើយគោលបំណងរបស់ក្រុមហ៊ុនវិនិយោគ គឺពួកគាត់ចង់ទាក់ទាញការវិនិយោគ នៅខេត្តកោះកុងឲ្យកាន់តែខ្លាំងក្លាឡើង ដែលផ្ទុយពីអតីតកាលដែលជាខេត្តគេបំភ្លេចចោល និងសម្រាប់ដាក់អ្នកទោស។
អ្នកនាំពាក្យរូបនេះបានបន្តថា ព្រលានយន្តហោះកោះកុង អាចនឹងចំណាយពេលវេលា ក្នុងការសាងសង់ឡើងវិញពីចន្លោះ៣ ទៅ៥ឆ្នាំ ដោយសារតែព្រលានយន្តហោះនេះ នៅមានហេដ្ឋារចនាសម្ព័ន្ធសេសសល់ខ្លះ។
លោក ធួន សីណា ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានឱ្យដឹងថា ផែនការសាងសង់ឡើងវិញនូវព្រលាន្តហោះខេត្តកោះកុងនេះ ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airway ទទួលបានការអនុញ្ញាតសាងសង់ពីរដ្ឋាភិាបាលតាំងពីឆ្នាំមុនកន្លងទៅនេះ តែគ្មានឃើញសកម្មភាពសាងសង់ឡើយ។
លោកបន្ថែមថា ហើយអ្វីដែលក្រុមហ៊ុននេះ ចាប់ផ្តើមសាងសង់ឡើងវិញ គឺជាចំណុចល្អប្រសើរខ្លាំងណាស់ ព្រោះខេត្តកោះកុងមានតំបន់ទេសចរណ៍ច្រើន ដើម្បីទាក់ទាញភ្ញៀវឱ្យមកលេងកម្សាន្ត ជំនួសដោយការទៅលេងកម្សាន្តក្រុងកំពង់សោម ព្រោះទៅខាងមុខក្រុងកំពង់សោមមិនមែនជាក្រុងទេសចរណ៍ទៀតទេ វានឹងក្លាយទៅជាក្រុងពាណិជ្ជកម្ម ។
លោកបន្តថា ម្យ៉ាងវិញទៀត ខេត្តកំពត និងកែបមិនអាចទទួលភ្ញៀវទេសចរណ៍បានច្រើននោះទេ ពួកគេនឹងបែទៅលេងកម្សាន្តនៅក្នុងខេត្តកោះកុង វិញ តែអ្វីដែលសំខាន់ខេត្តកោះកុងមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធល្អ ធនធានមនុស្ស និងសណ្ឋាគារ និងផ្ទះសំណាក់ច្រើននោះទេ ដែលតម្រូវឱ្យមានការសាងសង់ឱ្យបានច្រើនថែមទៀតដើម្បីឆ្លើយតបទៅការកើនឡើងនៃភ្ញៀវទេសចរណ៍នាពេលខាងមុខ។
រដ្ឋាភិបាលកម្ពុជា មានគម្រោងសាងសង់ និងកែលំអអាកាសយានយន្ត ចំនួន៦ទីតាំងទៀត គឺមាននៅរាជធានីភ្នំពេញ ខេត្តកោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងតំបន់ភូមិភាគឦសាន៕