ក្រុមហ៊ុន​លី​ យ៉ុងផាត់​ និង​ Bangkok​ Airway​ នឹង​សាង​សង់​ព្រលា​នយន្តហោះ​កោះកុង​ឡើងវិញ​នៅ​ឆ្នាំ​ ២០២០ខាងមុខ​

0

ដោយ​ ចេស្តា

​ភ្នំពេញ​៖ ​ក្រុមហ៊ុន​លី​ យ៉ុង​ផាត់​គ្រុប​ របស់​លោ​កឧក​ញ្ញ៉ា​ លី​ យ៉ុង​ផាត់​ ស្តេច​ជំនួញ​ខេត្តកោះកុង​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ Bangkok​ Airway​ បោះទុន​ប្រមាណ​ ៤០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ នឹង​សាងសង់​ឡើងវិញ​នូវ​អតី​តព្រលា​នយន្តហោះ​កោះកុង​ ស្ថិតនៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​។

លោក​ ស៊ិន​ ចាន់​សេ​រី​វុត្ថា​ អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាលពី​ម្សិលមិញ​នេះ​ថា​ គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខេត្តកោះកុង​ឡើងវិញ​ ដែល​វិនិយោគ​រួមគ្នា​នេះ​ រំពឹង​ថា​ នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ឆ្នាំ​ ២០២០​ ខាងមុខនេះ​។

លោក​ថា​ សម្រាប់​គម្រោង​សាងសង់​ ព្រលា​នយន្តហោះ​កោះកុង​ ក្នុង​ក្រុង​ខេមរភូមិន្ទ​ឡើងវិញ​នេះ​ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ សិក្សា​ពី​ផល​ប៉ះពាល់​ទាំង​ផ្នែក​បរិស្ថាន​ សង្គម​ និង​បច្ចេកទេស​ ហើយ​គោលបំណង​របស់​ក្រុមហ៊ុន​វិនិយោគ​ គឺ​ពួកគាត់​ចង់​ទាក់ទាញ​ការ​វិនិយោគ​ នៅ​ខេត្តកោះកុង​ឲ្យ​កាន់តែ​ខ្លាំងក្លា​ឡើង​ ដែល​ផ្ទុយពី​អតីតកាល​ដែល​ជា​ខេត្ត​គេ​បំភ្លេច​ចោល​ និង​សម្រាប់​ដាក់​អ្នកទោស​។

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ត​ថា​ ព្រលា​នយន្តហោះ​កោះកុង​ អាច​នឹង​ចំណាយពេល​វេលា​ ក្នុង​ការសាងសង់​ឡើងវិញ​ពី​ចន្លោះ៣​ ទៅ៥ឆ្នាំ​ ដោយសារ​តែ​ព្រលា​នយន្តហោះ​នេះ​ នៅ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សេសសល់​ខ្លះ​។

លោក​ ធួន​ សី​ណា​ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ (PATA​) បានឱ្យ​ដឹង​ថា​ ផែនការ​សាងសង់​ឡើងវិញ​នូវ​ព្រលា​ន្ត​ហោះ​ខេត្តកោះកុង​នេះ​ ក្រុមហ៊ុន​អាកាសចរណ៍​ Bangkok​ Airway​ ទទួល​បានការ​អនុញ្ញាត​សាងសង់​ពី​រដ្ឋា​ភិា​បាល​តាំងពី​ឆ្នាំមុន​កន្លងទៅ​នេះ​ តែ​គ្មាន​ឃើញ​សកម្មភាព​សាងសង់​ឡើយ​។

លោក​បន្ថែម​ថា​ ហើយ​អ្វី​ដែល​ក្រុមហ៊ុន​នេះ​ ចាប់ផ្តើម​សាងសង់​ឡើងវិញ​ គឺជា​ចំណុច​ល្អ​ប្រសើរ​ខ្លាំង​ណាស់​ ព្រោះ​ខេត្តកោះកុង​មាន​តំបន់​ទេសចរណ៍​ច្រើន​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឱ្យមក​លេងកម្សាន្ត​ ជំនួស​ដោយ​ការ​ទៅលេង​កម្សាន្ត​ក្រុង​កំពង់សោម​ ព្រោះ​ទៅខាងមុខ​ក្រុង​កំពង់សោម​មិនមែន​ជា​ក្រុង​ទេសចរណ៍​ទៀត​ទេ​ វា​នឹង​ក្លាយទៅជា​ក្រុង​ពាណិជ្ជកម្ម​ ។

លោក​បន្ត​ថា​ ម្យ៉ាងវិញទៀត​ ខេត្តកំពត​ និង​កែប​មិន​អាច​ទទួលភ្ញៀវ​ទេសចរណ៍​បាន​ច្រើន​នោះ​ទេ​ ​ពួកគេ​នឹង​បែ​ទៅលេង​កម្សាន្ត​នៅក្នុង​ខេត្តកោះកុង​ វិញ​ តែ​អ្វី​ដែល​សំខាន់​ខេត្តកោះកុង​មិនទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ ​ធនធានមនុស្ស​ និង​សណ្ឋាគារ​ និង​ផ្ទះសំណាក់​ច្រើន​នោះ​ទេ​ ដែល​តម្រូវ​ឱ្យ​មានការ​សាងសង់​ឱ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​ឆ្លើយតប​ទៅ​ការ​កើនឡើង​នៃ​ភ្ញៀវ​ទេសចរណ៍​នា​ពេល​ខាងមុខ​។

រដ្ឋាភិបាល​កម្ពុជា​ មាន​គម្រោង​សាងសង់​ និង​កែលំអ​អាកាសយាន​យន្ត​ ចំនួន៦ទីតាំង​ទៀត​ គឺ​មាននៅ​រាជធានី​ភ្នំពេញ​ ខេត្តកោះកុង​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ និង​តំបន់ភូមិភាគ​ឦសាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here