គោលដៅ​ទេស​ណ៍​ធម្ម​ជា​តិ​ធំៗ​ចំនួន​ពីរ​ទៀត​ ភ្នំ​គូលែន​ បឹងទន្លេសាប​ត្រូវ​បាន​រៀបចំ​ដើម្បី​បង្កើន​ការ​ទាក់ទាញ​ទេសចរណ៍​

0

ដោយ​ នៅ​ វឌ្ឍនា​

សៀមរាប​៖ ក្នុង​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ខេត្តសៀមរាប​ កាន់តែ​ច្រើន​ និង​ស្នាក់នៅ​កាន់តែ​យូរ​រដ្ឋាភិបាល​បាន​ជ្រើសរើស​តំបន់​ភ្នំ​គូលែន​ និង​ទន្លេសាប​ជាគោល​ដៅ​ទេសចរណ៍​ថ្មី​របស់​ខ្លួន​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​សិក្ខាសាលា​ទាក់ទង​នឹង​ការសិក្សា​ រៀបចំ​ផែនការ​មេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ខេត្តសៀមរាប​ តំបន់​ជុំវិញ​អង្គរ​ ភ្នំ​គូលែន​ បឹងទន្លេសាប​ និង​តំបន់​ដែល​មាន​សក្ដានុពល​នៅ​ជុំវិញ​នោះ​ ត្រូវតែ​អភិវឌ្ឍន៍​ទៅជា​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​ខេត្តសៀមរាប​បន្ថែម​ ប៉ុន្តែ​ការ​អភិវឌ្ឍ​នេះ​ក៏​ត្រូវ​គិតគូរ​ដល់​ការ​អភិរក្ស​ និរន្តរភាព​ និង​ការទទួលខុសត្រូវ​ខ្ពស់​ផង​ដែរ​។

លោក​ថោង​ ខុន​លើកឡើង​ថា​ សៀមរាប​-អង្គរ​ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ដោយ​បាន​ធ្វើ​ឱ្យ​កំណើន​ទេសចរ​កាន់តែ​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ តួយ៉ាង​នៅ​ឆ្នាំ២០១៨កន្លងទៅ​ មាន​ភ្ញៀវ​ទេសចរ​ប្រមាណ៥លាន​នាក់​ បាន​ទៅ​ទស្សនា​តំបន់​សៀមរាប​-អង្គរ​ទាំងមូល​ ក្នុងចំណោម​នោះ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ ២លាន៥០ម៉ឺន​នាក់​ផង​ដែរ​។

ប៉ុន្តែ​កំណើន​នេះ​អាច​នឹង​ថមថយ​ទៅវិញ​ ប្រសិនបើ​កម្ពុជា​មិនព្រម​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ សម្រាប់​ជា​កត្តា​ទាក់ទាញ​បន្ថែម​ ពីព្រោះ​ភ្ញៀវ​ទេសចរ​មួយចំនួន​មិន​ប្រាកដ​ថា​ មក​មើលតែ​ប្រាសាទ​អង្គរ​ និង​ប្រាសាទ​ដទៃទៀត​ ដែល​ស្ថិតនៅ​ក្នុង​តំបន់​បេតិកភណ្ឌ​អង្គរ​នោះ​ឡើយ​ ពោល​គឺ​ពួកគេ​ប្រាកដជា​ត្រូវការ​ដើរកម្សាន្ត​ នៅកន្លែង​ផ្សេងទៀត​ ដែល​នៅ​មិន​ឆ្ងាយ​ពី​តំបន់​អង្គរ​។

ដោយ​មើលឃើញ​ពី​និន្នាការ​របស់​ភ្ញៀវ​ទេសចរ​យ៉ាង​ដូច្នេះហើយ​ បាន​ជា​ក្រសួងទេសចរណ៍​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​ និង​ពង្រីក​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗសម្រាប់​ទឹកដី​ដ៏​ប្រសិទ្ធ​មួយ​នេះ​ ក្នុង​នោះ​លោក​បាន​សម្លឹងឃើញ​សក្ដានុពល​ដែល​មាននៅ​ឧទ្យានជាតិ​ភ្នំ​គូលែន​ (មហិន្ទ្រ​បព៌ត​) តំបន់​បឹងទន្លេសាប​ និង​តំបន់​ជុំវិញ​អង្គរ​។

នៅក្នុង​ការសិក្សា​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​ វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ លោក​រដ្ឋមន្ត្រី​ ក៏បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ជំនាញ​ចុះ​សិក្សា​ ពី​ការរៀបចំ​តំបន់​ទេស​ចរ​ណ៍​ថ្មី​ៗ នៅ​តាម​ទីតាំង​ខាងលើ​ផង​ដែរ​។

ពាក់ព័ន្ធ​ការ​ចុះ​សិក្សា​នៅ​តំបន់​ទាំងនោះ​ លោ​កណេប​ សា​មុត​ អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​ នៃ​ក្រសួង​ទេសចរណ៍​បានឱ្យ​ដឹង​ថា​ ក្រុម​ជំនាញការ​របស់​គណៈកម្មការ​អន្តរក្រសួង​ បាន​ចុះទៅ​ដល់​តំបន់​ទាំងនោះ​ហើយ​ ពិសេស​គឺ​ភ្នំ​គូលែន​ និង​ទន្លេសាប​ ដោយ​បាន​សាកសួរ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ និង​ទទួល​បាន​ព័ត៌មាន​មួយចំនួន​។

បើ​តាម​ការអង្កេត​របស់​ក្រុម​ជំនាញការ​ ក្រៅពី​ទស្សនា​កម្សាន្ត​នៅ​តំបន់​អង្គរ​ ភ្ញៀវ​ទេសចរ​ ក៏​និយម​ចូលចិត្ត​ទៅ​ទស្សនា​តំបន់​ឧទ្យានជាតិ​ភ្នំ​គូលែន​ និង​តំបន់​បឹងទន្លេសាប​ផង​ដែរ​ ដូច្នេះ​បានន័យ​ថា​ តំបន់​ជុំវិញ​ទាំងនោះ​ពិតជា​មាន​សក្ដានុពល​ខ្លាំង​ណាស់​ ទាំង​វប្បធម៌​ និង​ប្រវត្តិសាស្ត្រ​។

លោក​បន្ត​ថា​ ក្រៅពី​សក្ដានុពល​ទេសចរណ៍​វប្បធម៌​ និង​ប្រវត្តិសាស្ត្រ​ ឧទ្យានជាតិ​ភ្នំ​គូលែន​ និង​តំបន់​បឹងទន្លេសាប​ ក៏អាច​រៀបចំ​អភិវឌ្ឍន៍​ទៅជា​តំបន់​អេកូ​ទេសចរណ៍​ និង​កសិ​ទេសចរណ៍​ ប្រកបដោយ​ភាព​ទាក់ទាញ​បន្ថែម​ទៀតផង​ដែរ​។

ការសិក្សា​រៀបចំ​លើ​ផែនការមេ​នេះ​ នឹង​ត្រូវ​បញ្ចប់​ជា​ដំ​ណា​ក់​កាល​ៗ ហើយនឹង​បញ្ចប់​ទាំងស្រុង​នៅ​អំលុង​ដើមឆ្នាំ២០២០​។ ផែនការមេ​នេះ​នឹង​ត្រូវ​គេ​យក​មក​អនុវត្ត​ចាប់ពី​ឆ្នាំ២០២០​-២០៣៥​។

ជាមួយគ្នា​នេះ​ទិ​ត ចន្ថា​ រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍​ ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ដើម្បី​សិក្សា​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ រាជរដ្ឋាភិបាល​កម្ពុជា​ បានសម្រេច​បង្កើត​គណៈកម្មការ​អន្តរក្រសួង​មួយ​ សម្រាប់​អនុវត្ត​លើ​ការងារ​នានា​ មិនមែន​តែ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះទេ​ គឺ​មាន​វិស័យ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។

លោក​បន្ថែម​ថា​ ការ​អភិវឌ្ឍ​ឱ្យ​មាន​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗយ៉ាងណា​ខ្លះ​នោះ​ គឺ​ត្រូវ​គិតគូរ​ដល់​បញ្ហា​ «ស្អាត​ និង​បៃតង​» ធ្វើ​យ៉ាងណា​ត្រូវ​ធានា​ឱ្យ​បាន​ថា​ ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​សៀមរាប​-អង្គរ​ហើយ​ ត្រលប់​ទៅវិញ​នឹង​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​ល្អ​ៗ ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

ការរៀបចំ​ផែនការមេ​នេះ​ គឺ​ដើម្បី​ចូលរួម​សម្រេច​តាម​ចក្ខុវិស័យ​របស់​កម្ពុជា​ ដែល​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ១០លាន​នាក់​ នៅ​ឆ្នាំ២០២៥​ និង​ប្រមាណ​ ១៥លាន​នាក់​ នៅ​ឆ្នាំ២០៣០​៕

LEAVE A REPLY

Please enter your comment!
Please enter your name here