ដោយ នៅ វឌ្ឍនា
សៀមរាប៖ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាខេត្តសៀមរាប កាន់តែច្រើន និងស្នាក់នៅកាន់តែយូររដ្ឋាភិបាលបានជ្រើសរើសតំបន់ភ្នំគូលែន និងទន្លេសាបជាគោលដៅទេសចរណ៍ថ្មីរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាទាក់ទងនឹងការសិក្សា រៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តសៀមរាប តំបន់ជុំវិញអង្គរ ភ្នំគូលែន បឹងទន្លេសាប និងតំបន់ដែលមានសក្ដានុពលនៅជុំវិញនោះ ត្រូវតែអភិវឌ្ឍន៍ទៅជាផលិតផលទេសចរណ៍ថ្មីៗ សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាបបន្ថែម ប៉ុន្តែការអភិវឌ្ឍនេះក៏ត្រូវគិតគូរដល់ការអភិរក្ស និរន្តរភាព និងការទទួលខុសត្រូវខ្ពស់ផងដែរ។
លោកថោង ខុនលើកឡើងថា សៀមរាប-អង្គរ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ ដោយបានធ្វើឱ្យកំណើនទេសចរកាន់តែកើនឡើងជារៀងរាល់ឆ្នាំ តួយ៉ាងនៅឆ្នាំ២០១៨កន្លងទៅ មានភ្ញៀវទេសចរប្រមាណ៥លាននាក់ បានទៅទស្សនាតំបន់សៀមរាប-អង្គរទាំងមូល ក្នុងចំណោមនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២លាន៥០ម៉ឺននាក់ផងដែរ។
ប៉ុន្តែកំណើននេះអាចនឹងថមថយទៅវិញ ប្រសិនបើកម្ពុជាមិនព្រមបង្កើតផលិតផលទេសចរណ៍ថ្មីៗ សម្រាប់ជាកត្តាទាក់ទាញបន្ថែម ពីព្រោះភ្ញៀវទេសចរមួយចំនួនមិនប្រាកដថា មកមើលតែប្រាសាទអង្គរ និងប្រាសាទដទៃទៀត ដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌអង្គរនោះឡើយ ពោលគឺពួកគេប្រាកដជាត្រូវការដើរកម្សាន្ត នៅកន្លែងផ្សេងទៀត ដែលនៅមិនឆ្ងាយពីតំបន់អង្គរ។
ដោយមើលឃើញពីនិន្នាការរបស់ភ្ញៀវទេសចរយ៉ាងដូច្នេះហើយ បានជាក្រសួងទេសចរណ៍ខិតខំប្រឹងប្រែងជំរុញឱ្យមានការអភិវឌ្ឍ និងពង្រីកផលិតផលទេសចរណ៍ថ្មីៗសម្រាប់ទឹកដីដ៏ប្រសិទ្ធមួយនេះ ក្នុងនោះលោកបានសម្លឹងឃើញសក្ដានុពលដែលមាននៅឧទ្យានជាតិភ្នំគូលែន (មហិន្ទ្របព៌ត) តំបន់បឹងទន្លេសាប និងតំបន់ជុំវិញអង្គរ។
នៅក្នុងការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តសៀមរាប លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមការងារជំនាញចុះសិក្សា ពីការរៀបចំតំបន់ទេសចរណ៍ថ្មីៗ នៅតាមទីតាំងខាងលើផងដែរ។
ពាក់ព័ន្ធការចុះសិក្សានៅតំបន់ទាំងនោះ លោកណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រុមជំនាញការរបស់គណៈកម្មការអន្តរក្រសួង បានចុះទៅដល់តំបន់ទាំងនោះហើយ ពិសេសគឺភ្នំគូលែន និងទន្លេសាប ដោយបានសាកសួរផ្ទាល់ជាមួយប្រជាពលរដ្ឋ និងទទួលបានព័ត៌មានមួយចំនួន។
បើតាមការអង្កេតរបស់ក្រុមជំនាញការ ក្រៅពីទស្សនាកម្សាន្តនៅតំបន់អង្គរ ភ្ញៀវទេសចរ ក៏និយមចូលចិត្តទៅទស្សនាតំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់បឹងទន្លេសាបផងដែរ ដូច្នេះបានន័យថា តំបន់ជុំវិញទាំងនោះពិតជាមានសក្ដានុពលខ្លាំងណាស់ ទាំងវប្បធម៌ និងប្រវត្តិសាស្ត្រ។
លោកបន្តថា ក្រៅពីសក្ដានុពលទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ឧទ្យានជាតិភ្នំគូលែន និងតំបន់បឹងទន្លេសាប ក៏អាចរៀបចំអភិវឌ្ឍន៍ទៅជាតំបន់អេកូទេសចរណ៍ និងកសិទេសចរណ៍ ប្រកបដោយភាពទាក់ទាញបន្ថែមទៀតផងដែរ។
ការសិក្សារៀបចំលើផែនការមេនេះ នឹងត្រូវបញ្ចប់ជាដំណាក់កាលៗ ហើយនឹងបញ្ចប់ទាំងស្រុងនៅអំលុងដើមឆ្នាំ២០២០។ ផែនការមេនេះនឹងត្រូវគេយកមកអនុវត្តចាប់ពីឆ្នាំ២០២០-២០៣៥។
ជាមួយគ្នានេះទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ ក៏បានឱ្យដឹងដែរថា ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយ សម្រាប់អនុវត្តលើការងារនានា មិនមែនតែវិស័យទេសចរណ៍ប៉ុណ្ណោះទេ គឺមានវិស័យពាក់ព័ន្ធជាច្រើនទៀត។
លោកបន្ថែមថា ការអភិវឌ្ឍឱ្យមានផលិតផលទេសចរណ៍ថ្មីៗយ៉ាងណាខ្លះនោះ គឺត្រូវគិតគូរដល់បញ្ហា «ស្អាត និងបៃតង» ធ្វើយ៉ាងណាត្រូវធានាឱ្យបានថា ភ្ញៀវទេសចរដែលមកទស្សនាសៀមរាប-អង្គរហើយ ត្រលប់ទៅវិញនឹងផ្សព្វផ្សាយពីព័ត៌មានល្អៗ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា។
ការរៀបចំផែនការមេនេះ គឺដើម្បីចូលរួមសម្រេចតាមចក្ខុវិស័យរបស់កម្ពុជា ដែលនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១០លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០៕