អ្នកជំនាញ​ថា​ ក្រុង​ព្រះសីហនុ​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា​

0

ដោយ​ រ៉ា​ណេត​

ព្រះសីហនុ​៖ ក្រុង​ព្រះសីហនុ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ ក៏ដូចជា​អន្តរជាតិ​ប្រសិទ្ធនាម​ឱ្យ​ថា​ ជាតា​រា​រះ​នៅ​ទិសនិរតី​ ក្នុងនាម​ជា​ប៉ូល​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​នៃ​តំបន់ឆ្នេរ​សមុទ្រ​យ៉ាង​ស្រស់​ស្អាត​លំដាប់​ពិភពលោក​។

ទោះជាយ៉ាងណា​ នៅពេល​បច្ចុប្បន្ន​នេះ​ និង​ទៅ​ថ្ងៃ​អនាគត​ តំបន់​ដ៏​មាន​ប្រជាប្រិយ​ភា​ពមូយ​នេះ​ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា​ នឹង​ក្លាយទៅជា​ប៉ូល​សេដ្ឋកិច្ច​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​យ៉ាងសកម្ម​វិញ​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា​ (PATA​) លោក​ ធួន​ ស៊ី​ណាន​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន​ថា​ មិនយូរ​ទៀត​នោះ​ទេ​ ក្រុង​ព្រះសីហនុ​ នឹង​លែង​ជា​តំបន់​ទេសចរណ៍​ដ៏​មមាញឹក​ទៀតហើយ​ ដែល​វា​នឹង​ប្រែក្លាយ​ទៅជា​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​សកម្ម​ និង​ធំ​បំផុត​នៅ​កម្ពុជា​។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ក្រុង​ព្រះសីហនុ​ បាន​និង​កំពុងតែ​អភិវឌ្ឍ​ខ្លួន​ ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ទំនើប​ជា​បណ្តើរ​ហើយ​ ជាមួយនឹង​វត្តមាន​អគារ​ពាណិជ្ជកម្ម​យ៉ាង​ស្អេកស្កះ​”។ លោក​បន្ត​ទៀត​ថា​ “ថ្វីត្បិតតែ​ក្រុង​ព្រះសីហនុ​ប្រែក្លាយ​ទៅជា​ក្រុង​ពាណិជ្ជកម្ម​បែប​ទំនើប​ ប៉ុន្តែ​ចំណុច​ដែល​នៅតែ​ជាគោល​ដៅ​ទេសចរណ៍​ នៅក្នុង​ខេត្ត​មួយ​នេះ​ គឺ​រុញច្រាន​ទៅតាម​តំបន់​កោះ​នានា​ដែល​ពោរពេញ​ទៅ​សម្រស់​ធម្មជាតិ​”។

បច្ចុប្បន្ន​នេះ​ តំបន់​កោះ​មួយចំនួន​ក្នុងចំណោម​កោះ​ទាំង៣២​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​ក្លាយជា​ចំណាប់​អារម្មណ៍​របស់​បណ្តា​អ្នកទេសចរ​ ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​។ ជាក់ស្ដែង​ដូចជា​ កោះពស់​ កោះ​រ៉ុង​ កោះ​រ៉ុង​សន្លឹម​ ដែល​មាន​ឆ្នេរខ្សាច់​យ៉ាង​ស្រស់​ស្អាត​គួរ​ជាទី​ទាក់ទាញ​ រួម​ជាមួយនឹង​កោះ​ជាច្រើន​ទៀត​ ដែល​ស្ថិតនៅ​ព័ទ្ធជុំវិញ​ក្រុង​ព្រះសីហនុ​ កំពុងតែ​ស្ថិតនៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ ក្រោម​ការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ឯកជន​ ដែល​ប្រគល់​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​ ធួន​ ស៊ី​ណា​ន បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ក្រៅពី​តំបន់​ទេសចរ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នៃ​តំបន់​កោះ​ និង​សមុទ្រ​ អ្នកទេសចរ​មួយចំនួន​ធំ​ក៏​ងាក​ទៅ​កម្សាន្ត​នៅ​ខេត្ត​កែប​ និង​កំពត​ ដោយសារតែ​ខេត្ត​ទាំង២នេះ​ ក៏​មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ និង​ជា​តំបន់​កម្សាន្ត​ឆ្នេរ​ដ៏​ស្រស់​ស្អាត​មិនចាញ់​កំពង់សោម​ ឬក្រុង​ព្រះសីហនុ​នោះ​ទេ​”។

ខុសពី​ការ​លើកឡើង​ខាងនេះ​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ លោក​ តាំង​ សុចិត្រ​គ្រឹះ​ស្នា​ បាន​មានប្រសាសន៍​ថា​ វិស័យ​ទេសចរណ៍​ និង​វិស័យ​ពាណិជ្ជកម្ម​មិន​អាច​កាត់ផ្ដាច់​ចេញពី​គ្នា​បាន​នោះ​ទេ​ ហើយ​ក្រុង​ព្រះសីហនុ​នៅតែ​ជាគោល​ដៅ​ទេសចរណ៍​ដ៏​សកម្ម​ និង​មមាញឹក​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​“ជា​ការពិត​ វិស័យ​ពាណិជ្ជកម្ម​នៅក្នុង​ខេត្ត​ព្រះសីហនុ​ កំពុងតែ​ផ្លាស់ប្ដូរ​ខេត្ត​មួយ​នេះ​ឱ្យ​កា្លយ​ជា​តំបន់​ដ៏​ស៊ីវិល័យ​”។ លោក​បន្ត​ទៀត​ថា​ “នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ ក៏​មានការ​រួមផ្សំ​ពី​វិស័យ​ពាណិជ្ជកម្ម​ដែរ​”។

​លោក​បន្ត​ទៀត​ថា​ អ្វី​ៗភាគច្រើន​ស្ទើរគ្រប់​វិស័យ​ គឺ​សុទ្ធតែ​បម្រើ​ និង​ស្ថិតនៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ទាំងអស់​។ ព្រះសីហនុ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​ជា​ប៉ូល​សេដ្ឋកិច្ច​ ១ ក្នុងចំណោម៤ប្រចាំ​នៅ​កម្ពុជា​ ជាពិសេស​តំបន់ឆ្នេរ​ ដែល​ជា​ចំណុច​ដ៏​ទាក់ទាញ​លំដាប់​សាកលលោក​ ដូច្នេះ​ព្រះសីហនុ​នៅតែ​រក្សា​បាន​នូវ​ប្រជាប្រិយ​ភាព​ក្នុងនាម​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here