ដោយ រ៉ាណេត
ព្រះសីហនុ៖ ក្រុងព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាល ក៏ដូចជាអន្តរជាតិប្រសិទ្ធនាមឱ្យថា ជាតារារះនៅទិសនិរតី ក្នុងនាមជាប៉ូលទេសចរណ៍ដ៏មានសក្ដានុពលនៃតំបន់ឆ្នេរសមុទ្រយ៉ាងស្រស់ស្អាតលំដាប់ពិភពលោក។
ទោះជាយ៉ាងណា នៅពេលបច្ចុប្បន្ននេះ និងទៅថ្ងៃអនាគត តំបន់ដ៏មានប្រជាប្រិយភាពមូយនេះត្រូវបានអ្នកជំនាញអះអាងថា នឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ច និងមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងសកម្មវិញ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) លោក ធួន ស៊ីណាន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា មិនយូរទៀតនោះទេ ក្រុងព្រះសីហនុ នឹងលែងជាតំបន់ទេសចរណ៍ដ៏មមាញឹកទៀតហើយ ដែលវានឹងប្រែក្លាយទៅជាទីក្រុងពាណិជ្ជកម្មដ៏សកម្ម និងធំបំផុតនៅកម្ពុជា។
លោកបានបន្តទៀតថា “បច្ចុប្បន្ននេះក្រុងព្រះសីហនុ បាននិងកំពុងតែអភិវឌ្ឍខ្លួន ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទំនើបជាបណ្តើរហើយ ជាមួយនឹងវត្តមានអគារពាណិជ្ជកម្មយ៉ាងស្អេកស្កះ”។ លោកបន្តទៀតថា “ថ្វីត្បិតតែក្រុងព្រះសីហនុប្រែក្លាយទៅជាក្រុងពាណិជ្ជកម្មបែបទំនើប ប៉ុន្តែចំណុចដែលនៅតែជាគោលដៅទេសចរណ៍ នៅក្នុងខេត្តមួយនេះ គឺរុញច្រានទៅតាមតំបន់កោះនានាដែលពោរពេញទៅសម្រស់ធម្មជាតិ”។
បច្ចុប្បន្ននេះ តំបន់កោះមួយចំនួនក្នុងចំណោមកោះទាំង៣២ នៅក្នុងខេត្តព្រះសីហនុ ត្រូវបានក្លាយជាចំណាប់អារម្មណ៍របស់បណ្តាអ្នកទេសចរ ទាំងក្នុង និងក្រៅស្រុក។ ជាក់ស្ដែងដូចជា កោះពស់ កោះរ៉ុង កោះរ៉ុងសន្លឹម ដែលមានឆ្នេរខ្សាច់យ៉ាងស្រស់ស្អាតគួរជាទីទាក់ទាញ រួមជាមួយនឹងកោះជាច្រើនទៀត ដែលស្ថិតនៅព័ទ្ធជុំវិញក្រុងព្រះសីហនុ កំពុងតែស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ ក្រោមការវិនិយោគពីសំណាក់ក្រុមហ៊ុនឯកជន ដែលប្រគល់សិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា។
លោក ធួន ស៊ីណាន បានមានប្រសាសន៍បន្តទៀតថា “ក្រៅពីតំបន់ទេសចរធម្មជាតិដ៏ស្រស់ស្អាតនៃតំបន់កោះ និងសមុទ្រ អ្នកទេសចរមួយចំនួនធំក៏ងាកទៅកម្សាន្តនៅខេត្តកែប និងកំពត ដោយសារតែខេត្តទាំង២នេះ ក៏មានលក្ខណៈពិសេសក្នុងការទាក់ទាញចំណាប់អារម្មណ៍ និងជាតំបន់កម្សាន្តឆ្នេរដ៏ស្រស់ស្អាតមិនចាញ់កំពង់សោម ឬក្រុងព្រះសីហនុនោះទេ”។
ខុសពីការលើកឡើងខាងនេះ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹះស្នា បានមានប្រសាសន៍ថា វិស័យទេសចរណ៍ និងវិស័យពាណិជ្ជកម្មមិនអាចកាត់ផ្ដាច់ចេញពីគ្នាបាននោះទេ ហើយក្រុងព្រះសីហនុនៅតែជាគោលដៅទេសចរណ៍ដ៏សកម្ម និងមមាញឹកផងដែរ។
លោកបានបន្តទៀតថា“ជាការពិត វិស័យពាណិជ្ជកម្មនៅក្នុងខេត្តព្រះសីហនុ កំពុងតែផ្លាស់ប្ដូរខេត្តមួយនេះឱ្យកា្លយជាតំបន់ដ៏ស៊ីវិល័យ”។ លោកបន្តទៀតថា “នៅក្នុងឧស្សាហកម្មទេសចរណ៍ ក៏មានការរួមផ្សំពីវិស័យពាណិជ្ជកម្មដែរ”។
លោកបន្តទៀតថា អ្វីៗភាគច្រើនស្ទើរគ្រប់វិស័យ គឺសុទ្ធតែបម្រើ និងស្ថិតនៅក្នុងឧស្សាហកម្មទេសចរណ៍ទាំងអស់។ ព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកំណត់ជាប៉ូលសេដ្ឋកិច្ច ១ ក្នុងចំណោម៤ប្រចាំនៅកម្ពុជា ជាពិសេសតំបន់ឆ្នេរ ដែលជាចំណុចដ៏ទាក់ទាញលំដាប់សាកលលោក ដូច្នេះព្រះសីហនុនៅតែរក្សាបាននូវប្រជាប្រិយភាពក្នុងនាមជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ”៕