ដោយ វុត្ថា
ភ្នំពេញៈ ហាងកាហ្វេដ៏ល្បីល្បាញ Amazon នឹងបើកសាខានៅក្នុងទីតាំងផ្សារទំនើប Furi Times Square ជាផ្សារទំនើបតំបូងគេ នៅក្នុងខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកដំណើរជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។
លោកស្រី ទូច សម្ភស្ស ម្ចាស់ហាង Amazon សាខាច្បារអំពៅបានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ កក្កដានេះថា លោកស្រីបានបើកហាងកាហ្វេ Amazon នៅក្នុងខេត្តព្រះសីហនុចំនួន៣ ទីតាំងនៅតាមការ៉ាស់សុំាង និង១ទៀតនៅដាច់តែឯង និងនៅខាងមុខនេះ នឹងពង្រីកហាងមួយទៀតនៅក្នុងផ្សារទំនើប Furi Mall ដែលជាផ្សារល្បីមួយនៅក្នុងខេត្តព្រះសីហនុ។
លោកស្រីបន្តថា “នាពេលបច្ចុប្បន្ននេះ ក្រុមការងារបានគូប្លង់រួចរាល់ហើយ និង កំពុងតែរៀបចំតុបតែង ដោយរង់ចាំតែខាងផ្សារទំនើបហ្នឹង បើកដំណើរការជាផ្លូវការប៉ុណ្ណោះ”។ លោកស្រីបន្តថា “សម្រាប់ទីផ្សារនៅខេត្តព្រះសីហនុនេះ មានការទាក់ទាញខ្លាំងមែនទែន ដោយសារតែជាខេត្តព្រះសីនុ ជាខេត្តទាក់ទាញទេសចរណ៍ក្នុងចំណោមខេត្តផ្សេងទៀត”។
លោកទូច សម្ភស្សបានបន្ថែមទៀតថា ការសម្រេចចិត្តយកហាងកាហ្វេ Amazon ទៅកាន់ផ្សារទំនើប Furi Mall ដោយសារតែផ្សារមួយនេះមានហាងម៉ាកល្បីៗទាំងអស់ ដាក់លក់នៅទីនេះ ដែលនឹងធ្វើឱ្យមានភាពទាក់ទាញកាន់ខ្លាំងថែមទៀត។
នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន FURI Real Estate កញ្ញា លឹម សុខាដាវីន បានមានប្រសាសន៍ឲ្យដឹងថា តាមរយៈការជួបជុំជាមួយអតិថិជនកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានទទួលបានយោបល់ល្អ និងមានការកោតសរសើរពីអតិថិជនអ្នកជួលផ្សារទំនើបនេះ ដោយសារផ្សារនេះ ផ្តោតលើការរៀបចំប្រព័ន្ធនៃការលក់ទូលាយល្អ មានទីធ្លាសាធារណៈធំទូលាយ ការឌីសាញមានភាពទាក់ទាញ និងទីតាំងនៃគម្រោងនេះល្អ។
ផ្សារទំនើបកំពស់៥ជាន់នេះ ស្ថិតនៅលើផ្លូវឯករាជ្យ ស្ថិតក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។
កញ្ញាដាវីនបានបន្តថា “ការទទួលបានការសរសើរពីអតិថិជន អ្នកជួលទីតាំងលក់រាយក្នុងគំរោងនេះ ដោយសារការវិនិយោគរបស់អ្នកវិនិយោគផ្សារទំនើបនេះ ផ្តោតលើការវិនិយោគរយៈពេលវែងជាជាងរកផលចំណេញ”។ កញ្ញាបន្ថែមថា“រហូតមកទល់ពេលនេះហាងអាហារ និងផលិតផលល្បីឈ្មោះជាង ២០ក្រុមហ៊ុន បានចុះកុងត្រាលក់នៅផ្សារនេះ ហើយផលិតផលល្បីៗជាច្រើនទៀតកំពុងដំណើរការនិតិវិធី”។
ផ្សារទំនើប FURI TIMES SQUARE ក៏មានការវិនិយោគលើ Sky Bar ទំនើបជាងគេ នៅក្នុងក្រុងព្រះសីហនុ ដោយគ្រាន់តែ Sky Bar នេះវិនិយោគអស់ទឹកប្រាក់ជាង១លានដុល្លារអាមេរិក។
កញ្ញាលឹម សុខាដាវីនបានបន្តថា ជាមួយនឹងភាពអំណោយផលនៃទីតាំង កំនើនប្រជាសាស្រ្ត និងកំណើននៃការវិនិយោគនៅខេត្តព្រះសីហនុ បានធ្វើឲ្យគំរោងនេះសម្រេចបានជោគជ័យលើសការរំពឹងទុក ដោយពេលបើកដំណើរការសាកល្បងនៅចុងខែកញ្ញាខាងមុខនេះ ទីតាំងលក់ទំនិញ និងសេវាកម្មប្រមាណ ៨០ភាគរយនឹងបើកដំណើរការ រួមទាំងរោងភាពយន្តផងដែរ។កាលពីពេលថ្មីៗនេះ ផ្សារទំនើបនេះបានទទួលពានរង្វាន់ជាផ្សារដែលមានការឌីសាញដ៏ទាក់ទាញបំផុតពីកម្មវិធី Cambodia Property Award ដែលបានប្រារពឡើងនៅរាជធានីភ្នំពេញ៕