ដោយៈ រ៉ាណេត
ភ្នំពេញៈ ទុនវិនិយោគក្នុងវិស័យសំណង់កើន ដល់ទឹកប្រាក់ជាង៣០០០លានដុល្លារអាមេរិក នៅត្រឹមរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ កើនឡើង ៥៧,៧៥ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយៈ រ៉ាណេត
ភ្នំពេញៈ ទុនវិនិយោគក្នុងវិស័យសំណង់កើន ដល់ទឹកប្រាក់ជាង៣០០០លានដុល្លារអាមេរិក នៅត្រឹមរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ កើនឡើង ៥៧,៧៥ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងនាព្រឹកថ្ងៃទី១៦ កក្កដានេះថា ទំហំទុនវិនិយោគសរុបក្នុងរយៈពេល៦ខែឆ្នាំនេះមានចំនួន៣៣៩២លានដុល្លារ និងមានគម្រោងចំនួន២០៤៧ និងស្ថិតនៅលើទំហំផ្ទៃដីប្រមាណ៧លានម៉ែត្រការ៉េ ដែលក្នុងនោះគម្រោងសាងសង់ចំនួន១៥៤ ស្មើនឹងទឹកប្រាក់វិនិយោគប្រមាណ៣.០៧ ពាន់លានដុល្លារ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ដោយឡែកគម្រោងចំនួន១៨៩៣ ស្មើនឹងទំហំទឹកប្រាក់វិនិយោគប្រមាណ៣១៨លានដុល្លារ ស្ថិតនៅក្រោមការគ្រប់គ្រងថ្នាក់ក្រោមជាតិ ដែលរួមមានរដ្ឋបាលខេត្ត-ក្រុង ជាសេនាធិកាទទួលបន្ទុក។
អនុរដ្ឋលេខាធិកាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ប៊ិន សម្បត្តិថារ័ត្ន បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះអាគារសំណង់ដែលមានកម្ពស់ចាប់ពី៥ជាន់ឡើងទៅ នៅទូទាំងប្រទេសមានចំនួន១៣២៩ អាគារ ហើយបណ្តុំសំណង់លំនៅដ្ឋានបែបបុរីមានចំនួន២៥៨ទីតាំង ដោយមិនរាប់បញ្ចូលសំណង់លំនៅដ្ឋានរាយប៉ាយនៅតាមតំបន់នោះទេ។
លោកបានបញ្ជាក់ថា “បច្ចុប្បន្ននេះគ្រប់ការសាងសង់សំណង់ ឬអគារទាំងអស់ចាំបាច់តម្រូវឱ្យមានលិខិតអនុញ្ញាតពីក្រសួង មន្ទីរ ដែលមានសមត្ថកិច្ចក្នុងវិស័យមួយនេះ”។
ជាមួយនឹងរបាយការណ៍ ដែលបង្ហាញពីទិន្នន័យនៃទំហំវិនិយោគ ក្នុងវិស័យសំណង់ខាងលើនេះ មានទស្សនៈមួយចំនួនលើកឡើងថា ទិន្នន័យ គឺគ្រាន់តែជាតូលេខនៃទំហំវិនិយោគ ក៏ដូចគម្រោងសំណង់ ដែលត្រូវបានដាក់ពាក្យស្នើសុំចុះបញ្ជីតែប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងហាក់មិនសមស្របនោះឡើយ អាស្រ័យដោយគម្រោងខ្លះ គ្រាន់តែបានស្នើសុំ និងទទួលបានសិទ្ធិសាងសង់ តែសកម្មភាពនៅមិនទាន់កើតមាននៅឡើយ។
ផ្ទុយពីការលើកឡើងខាងលើនេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍវិស័យសំណង់ផងដែរបានមានប្រសាសន៍សាទរ ជាមួយនឹងលទ្ធផលដែលបង្ហាញនៅក្នុងរបាយការណ៍របស់ក្រសួង។ លោកឧកញ៉ាបានមានប្រសាសន៍ គ្មានអ្វីដែលអាចទុកចិត្តបានជាងរបាយការណ៍របស់ក្រសួងនោះទេ ហើយកំណើននៃវិស័យសំណង់នៅកម្ពុជា មិនមែនជារឿងចៃដន្យនោះទេ ពោលគឺគេបានមើលឃើញ និងរំពឹងទុកតាំងពីឆ្នាំកន្លងទៅម៉្លេះ។

លោកបន្តទៀតថា “ការកើនឡើងនូវវិស័យសំណង់ ក៏ដូចជាវិស័យផ្សេងទៀត គឺដោយសារតែគោលនយោបាយរបស់រដ្ឋាភិបាល មានភាពល្អប្រសើរ ដែលបានជំរុញនិងលើកទឹកចិត្តបណ្តាអ្នកវិនិយោគជាតិ និងអន្តរជាតិ ជាពិសេសការទទួលបានផលពីគោលនយោបាយខ្សែក្រវ៉ាត់១ ផ្លូវ១ ដែលជាប្រភពមួយយ៉ាងសំខាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែកើនឡើងគួរជាទីមោទន”៕