លំហូរ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទឹកប្រាក់​ជាង​ ៣ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី១ឆ្នាំនេះ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​កើន​ ដល់​ទឹកប្រាក់​ជាង៣០០០លាន​ដុល្លារ​អាមេរិក​ នៅ​ត្រឹម​រយៈពេល៦ខែ​ដើមឆ្នាំ២០១៩នេះ​ កើនឡើង ៥៧​,៧៥ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១៦​ កក្កដា​នេះ​ថា​ ទំហំ​ទុន​វិនិយោគ​សរុប​ក្នុងរយៈពេល៦ខែ​ឆ្នាំនេះ​មាន​ចំនួន៣៣៩២លាន​ដុល្លារ​ និង​មាន​គម្រោង​ចំនួន២០៤៧​ និង​ស្ថិតនៅ​លើ​ទំហំផ្ទៃ​ដី​ប្រមាណ៧លាន​ម៉ែត្រការ៉េ​ ដែល​ក្នុង​នោះ​គម្រោង​សាងសង់​ចំនួន១៥៤​ ស្មើនឹង​ទឹកប្រាក់​វិនិយោគ​ប្រមាណ៣.០៧​ ពាន់​លាន​ដុល្លារ​ ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។

ដោយឡែក​គម្រោង​ចំនួន១៨៩៣​ ស្មើនឹង​ទំហំ​ទឹកប្រាក់​វិនិយោគ​ប្រមាណ៣១៨លាន​ដុល្លារ​ ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​ថ្នាក់ក្រោម​ជាតិ​ ដែល​រួមមាន​រដ្ឋបាល​ខេត្ត​-ក្រុង​ ជា​សេ​នា​ធិ​កា​ទទួលបន្ទុក​។

អនុរដ្ឋ​លេខាធិ​កា​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​ ប៊ិន​ សម្បត្តិ​ថា​រ័ត្ន​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ បច្ចុប្បន្ន​នេះ​អាគារ​សំណង់​ដែល​មាន​កម្ពស់​ចាប់ពី៥ជាន់ឡើង​ទៅ​ នៅ​ទូទាំង​ប្រទេស​មាន​ចំនួន១៣២៩​ អាគារ​ ហើយ​បណ្តុំ​សំណង់​លំនៅ​ដ្ឋាន​បែប​បុរី​មាន​ចំនួន២៥៨ទីតាំង​ ដោយ​មិនរាប់​បញ្ចូល​សំណង់​លំនៅ​ដ្ឋាន​រាយប៉ាយ​នៅ​តាម​តំបន់​នោះ​ទេ​។

លោក​បាន​បញ្ជាក់​ថា​ “បច្ចុប្បន្ន​នេះ​គ្រប់ការ​សាងសង់​សំណង់​ ឬអគារ​ទាំងអស់​ចាំបាច់​តម្រូវ​ឱ្យ​មាន​លិខិតអនុញ្ញាត​ពី​ក្រសួង​ មន្ទីរ​ ដែល​មានសមត្ថកិច្ច​ក្នុង​វិស័យ​មួយ​នេះ​”។

ជាមួយនឹង​របាយការណ៍​ ដែល​បង្ហាញ​ពី​ទិន្នន័យ​នៃ​ទំហំ​វិនិយោគ​ ក្នុង​វិស័យ​សំណង់​ខាងលើ​នេះ​ មាន​ទស្សនៈ​មួយចំនួន​លើកឡើង​ថា​ ទិន្នន័យ​ គឺ​គ្រាន់តែ​ជា​តូ​លេខ​នៃ​ទំហំ​វិនិយោគ​ ក៏​ដូច​គម្រោង​សំណង់​ ដែល​ត្រូវ​បាន​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​តែប៉ុណ្ណោះ​ ប៉ុន្តែ​ជាក់ស្ដែង​ហាក់​មិន​សមស្រប​នោះ​ឡើយ​ អាស្រ័យ​ដោយ​គម្រោង​ខ្លះ​ គ្រាន់តែ​បាន​ស្នើសុំ​ និង​ទទួល​បាន​សិទ្ធិ​សាងសង់​ តែ​សកម្មភាព​នៅ​មិនទាន់​កើតមាន​នៅឡើយ​។

ផ្ទុយពី​ការ​លើកឡើង​ខាងលើ​នេះ​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ ដែល​ជា​អ្នក​វិនិយោគ​ និង​អភិវឌ្ឍ​វិស័យ​សំណង់​ផង​ដែរ​បាន​មានប្រសាសន៍​សាទរ​ ជាមួយនឹង​លទ្ធផល​ដែល​បង្ហាញ​នៅក្នុង​របាយការណ៍​របស់ក្រ​សួង​។ លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ គ្មានអ្វី​ដែល​អាច​ទុកចិត្ត​បាន​ជាង​របាយការណ៍​របស់ក្រ​សួង​នោះ​ទេ​ ហើយ​កំណើន​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ពោល​គឺ​គេ​បាន​មើលឃើញ​ និង​រំពឹង​ទុក​តាំងពី​ឆ្នាំ​កន្លងទៅ​ម៉្លេះ​។

​លោក​បន្ត​ទៀត​ថា​ “ការ​កើនឡើង​នូវ​វិស័យ​សំណង់​ ក៏ដូចជា​វិស័យ​ផ្សេងទៀត​ គឺ​ដោយសារតែ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ មាន​ភាពល្អ​ប្រសើរ​ ដែល​បាន​ជំរុញ​និង​លើកទឹកចិត្ត​បណ្តា​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ ជាពិសេស​ការ​ទទួល​បានផល​ពី​គោលនយោបាយ​ខ្សែ​ក្រ​វ៉ាត់១​ ផ្លូវ១​ ដែល​ជា​ប្រភព​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​កើនឡើង​គួរ​ជា​ទី​មោទន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here