ទីលានប្រណាំង​រថយន្ត​លំដាប់​ពិភពលោក​នៅ​កម្ពុជា​នឹង​ដាក់​ឱ្យ​ដំណើរ​សាកល្បង​នៅដើម​ឆ្នាំ២០២០​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ទីលានប្រណាំង​រថយន្ត​លំដាប់​ពិភពលោក​ របស់​ក្រុមហ៊ុន​ម៉ុង​ ឬទ្ធី​ និង​ ក្រុមហ៊ុន​ជប៉ុន​ YAMAMOTO​ ROCK​ PRODOUCTS​ Co.Ltd​ ​នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​ដើម្បី​ឆ្នាំ២០២០ខាងមុខនេះ​។

លោក​ ឧកញ៉ា​ ម៉ុង​ ឬទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ម៉ុង​ឬទ្ធី​គ្រុប​បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​លោក​នៅ​ថ្ងៃទី ១៦​ ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​ថា​ ​ថ្ងៃនេះ​យើង​ចាប់ផ្ដើម​អ៊ុត​បេ​ទីម​ នៅ​លើ​ផ្លូវ​រត់ប្រណាំង​រថយន្ត​ប្រវែង ២.២១៧ម៉ែត្រ​ ដែល​បាន​រួមគ្នា​បង្កើត​អោយ​មាន​ជា​លើកទីមួយ​ នៅក្នុង​តំបន់​អភិវឌ្ឍន៍​ម៉ុង​ ឫទ្ធី​សែន​ជ័យ​ឃុំ​សែនដី​ ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​រវៀង​ក្រុមហ៊ុន​ម៉ុង​ ឫទ្ធី​គ្រុប​ ជាមួយ​លោក​ Yamamoto​ Japan​ គំរោង​នេះ​ នឹង​ចាប់ផ្ដើម​ដំណើរការ​សាកល្បង​ដើមឆ្នាំ​ 2020​ខាងមុខនេះ​ ពេលនោះ​និង​មាន​ភ្ញៀវ​ជាតិ​អន្តរជាតិ​មក​ចូលរួម​ ព្រមទាំង​មាន​ព្រឹត្តិ​ការណ៍​ជាច្រើន​ទៀត​នៅក្នុង​តំបន់​នោះ​។

ក្រុមហ៊ុន​ ម៉ុង​ ឫទ្ធី​គ្រុប​ ជាមួយនឹង​ក្រុមហ៊ុន YAMAMOTO​ ROCK​ PRODOUCTS​ Co.Ltd​ កាលពីដើម​ខែមករា​ ឆ្នាំ២០១៩កន្លងមក​នេះ​ បាន​ធ្វើពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ គំរោង​សហប្រតិបត្តិ​ការ​អាជីវកម្ម​ សាងសង់​ទីលានប្រណាំង​រថយន្ត​លំដាប់ថ្នាក់​លេខ២ពិភពលោក​ ជាលើកដំបូង​បំផុត​នៅ​លើទឹក​ដី​ឃុំ​សែនដី​ ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​ ប្រទេស​កម្ពុជា​។

គំរោង​កសាង​ទីលានកីឡា​យានយន្ត​នេះ​ មិនសូវ​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​ទេ​ តែ​វា​នឹងអាច​ធ្វើជា​ស្ពាន​ចម្លង​ ឲ្យ​រវាង​ទំនាក់ទំនង​ក្រុមកីឡា​ករ​នៃ​ប្រទេស​ទាំងពីរ​ រួម​ជាមួយនឹង​បណ្ដា​ប្រទេស​ជាច្រើន​ ទៀត​នៅ​លើ​ពិភពលោក​ ដែល​ប្រជាជន​ស្រឡាញ់​ចូលចិត្ត​កីឡា​យានយន្ត​នេះ​ផង​ដែរ​។

ក្រុមហ៊ុន​របស់​លោក​ Yamamoto​ ​មាន​ទីលានប្រណាំង​រថយន្ត​ដូច​ខាងលើ​នេះ​ មួយ​កន្លែងនៅ​ក្នុង​ប្រទេស​ជប៉ុន​មាន​អាយុ​កាល ១៦ឆ្នាំ​រួចមក​ហើយ​ ។ យោង​តាម​បទពិសោធន៍​នេះ​ ក្រុមហ៊ុន​ទាំងពីរ​បាន​ឯកភាព​គា្ន​ ចាប់ផ្តើម​សាងសង់​ទីលានប្រណាំង​រថយន្ត​នេះ​កាលពី​កន្លងមក​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here