ដោយ Donald Lee
ភ្នំពេញៈ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ថា ការបង្កើត និងការពង្រីកភាពជាដៃគូជាមួយសមាជិកសំខាន់ៗ នៃបណ្តាប្រទេសអាស៊ាន គឺជាការចាំបាច់សម្រាប់ជួយដល់សេដ្ឋកិច្ចខ្លួន។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Yoon Soon-gu បានប្រាប់ភ្នាក់ងារសារព័ត៌មានកូរ៉េមួយកាលពីពេលថ្មីៗនេះថា “ការចូលរួមជាមួយអាស៊ានមិនមែនគ្រាន់តែជាជម្រើសទេ ប៉ុន្តែជាផ្លូវមួយដែលឥឡូវយើងបានបង្ហាញយ៉ាងច្បាស់ ដល់យើង។ លោកបន្តថា បើមិនមានការយកចិត្តទុកដាក់ក្នុងការចាប់យកតំបន់នេះទេ ប្រទេសដូចជាកូរ៉េខាងត្បូង មិនអាចរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពទេ”។
-->
ខណៈពេលដែលសេដ្ឋកិច្ចកូរ៉េខាងត្បូង ទទួលរងការធ្លាក់ចុះប្រចាំត្រីមាស ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ប្រទេសនេះកំពុងបង្កើនយុទ្ធសាស្រ្ត វិនិយោគទ្វេដងក្នុងតំបន់អាស៊ាន។
សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងបាន និងកំពុងព្យាយាមងើបឡើងវិញចាប់តាំងពីដើមឆ្នាំ។ អត្រាអត់ការងារធ្វើបានឈានដល់កម្រិតខ្ពស់បំផុតក្នុង៩ឆ្នាំ ហើយផលិតផលសរុបក្នុងស្រុករបស់ខ្លួន បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីវិបត្តិ សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០០៨មក។
ភាពយឺតយ៉ាវនេះ គឺជាលទ្ធផលពីការធ្លាក់ចុះសេដ្ឋកិច្ចចិន ដោយមានការធ្លាក់ចុះនៅក្នុងវិស័យបច្ចេកវិទ្យា និងការធ្លាក់ចុះសេដ្ឋកិច្ចសកល ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មពិភពលោក។
ជាការឆ្លើយតប លោកប្រធានាធិបតី Moon Jae-in បានបង្កើនការវិនិយោគទ្វេដងលើវិស័យសេដ្ឋកិច្ច ដែលរីកចម្រើនឆាប់រហ័សក្នុងតំបន់អាស៊ាន ដូចជា ប្រទេសកម្ពុជា ដែលជាប្រទេស ដែលចុងក្រោយបង្អស់នៅលើពិភពលោក នៅតែទទួលបានកំណើនសេដ្ឋកិច្ចល្អ។
លោក Yoon មានប្រសាសន៍ថា “តំបន់មេគង្គមានអត្រាកំណើនប្រចាំឆ្នាំយ៉ាងហោចណាស់៦ភាគរយជាទីផ្សារមួយ ដែលមានប្រជាជនប្រមាណ២៥០លាននាក់ដែលមានប្រជាជនវ័យក្មេងភាគច្រើន ហើយដើម្បីធ្វើឲ្យងាយយល់ សក្តានុពលសម្រាប់តំបន់នេះគឺអស្ចារ្យ”។
នៅឆ្នាំនេះ ក្រុមហ៊ុនផលិតកម្ម ក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង បានបង្កើតសាខាយ៉ាងច្រើននៅកម្ពុជា ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្ត ដើម្បីបង្កើតទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីជំរុញសេដ្ឋកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូង។
ការវិនិយោគរបស់កូរ៉េខាងត្បូង ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាគឺមានទំហំធំផងដែរ។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងបានឈានដល់៨៥លានដុល្លារក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ។ ការនាំចេញរបស់កម្ពុជាទៅកូរ៉េខាងត្បូងមានតម្លៃ ២១,៦លានដុល្លារ កើនឡើង៤,៣៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីចិនក្នុងការវិនិយោគផ្ទាល់ពីបរទេសចូលមកក្នុងប្រទេសកម្ពុជា។
រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគកូរ៉េចំនួន២១២ គម្រោងដែលមានតម្លៃ ៤,៥៦ពាន់លានដុល្លារ។ ក្រុមហ៊ុនធុរកិច្ចកូរ៉េខាងត្បូងជាង៣០០ក្រុមហ៊ុន កំពុងប្រតិបត្តិការនៅកម្ពុជា ដោយផ្តល់ឲ្យការងារដល់ប្រជាជនរាប់ពាន់នាក់។
លើសពីនេះទៅទៀត សារៈសំខាន់នៃអាស៊ានទៅកូរ៉េខាងត្បូង មិនអាចត្រូវបានប៉ាន់ប្រមាណបានឡើយ។
អាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី២ របស់កូរ៉េខាងត្បូងដែលមានទំហំពាណិជ្ជកម្មឈានដល់ ១៦០ពាន់លានដុល្លារកាលពីឆ្នាំមុន។ ភាគីទាំងពីររំពឹងថា ទំហំពាណិជ្ជកម្មនឹងកើនដល់២០០ពាន់លានដុល្លារនៅឆ្នាំក្រោយ។
អ្នកទេសចរកូរ៉េដែលធ្វើដំណើរទៅ និងមកពីតំបន់អាស៊ាន បានឈានដល់ជាង ១០លាននាក់កាលពីឆ្នាំមុន ខណៈនិស្សិតអាស៊ានមកសិក្សានៅកូរ៉េខាងត្បូងជិតទ្វេដងរហូតដល់ ៣២,៥៧៤ នាក់កាលពីឆ្នាំមុន។
ក្រុមអ្នកវិភាគកត់សម្គាល់ថា កូរ៉េខាងត្បូងត្រូវបានរំពឹងថា នឹងពឹងផ្អែកកាន់តែខ្លាំងទៅលើតំបន់អាស៊ានក្នុងរយៈពេលវែង ជាពិសេសនៅពេលដែលបែកចែកសង្គ្រាមពាណិជ្ជកម្មអាម៉េរិក ចិនបាននិងកំពុងបន្តធ្វើឲ្យរង្គោះរង្គើដល់ទីផ្សារពិភពលោក និងរុញច្រានសេដ្ឋកិច្ចសកលលោកទៅរកការធ្លាក់ចុះ។

លោក Yoon បាននិយាយថា “កូរ៉េខាងត្បូងបានព្យាយាមស្ថាបនា កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីស្វែងរកមូលដ្ឋានគ្រឹះ ដែលរដ្ឋាភិបាលបន្តនៅអនាគតនៅសេអ៊ូល អាចគ្រប់គ្រងទំនាក់ទំនងទ្វេភាគីឱ្យបានខ្ជាប់ខ្ជួន”៕