ដោយៈ រ៉ាណេត
ភ្នំពេញៈ ចាប់តាំងពីដើមឆ្នាំ២០១៩ វិស័យដីធ្លីដែលស្ថិតនៅតំបន់ភ្នំប្រសិទ្ធ តំបន់ភ្នំរាប ក៏ដូចជាតំបន់នៅជុំវិញ ត្រូវបានគេមើលឃើញថា កំពុងតែបង្ហាញពីសក្ដានុពលនិងភាពទាក់ទាញក្នុងវិនិយោគ ជាពិសេសក្រោយពេលមានគម្រោងនិងសកម្មភាពអភិវឌ្ឍនៅតំបន់ទំនប់កប់ស្រូវ តំបន់បឹងតាមោឃ និងតំបន់ផ្លូវ៥១ ដែលធ្វើឱ្យតម្លៃកាន់តែមានភាពល្អប្រសើរ។
ភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ ក្រៅពីសកម្មភាពពុះដីឡូតិ៍ជាច្រើនគម្រោងនៅតំបន់ភ្នំប្រសិទ្ធិ ភ្នំរាប និងតំបន់ជុំវិញ ក៏មានបណ្តាអ្នកវិនិយោគលើវិស័យលំនៅដ្ឋានមួយចំនួនចូលទៅធ្វើការអភិវឌ្ឍជាបន្តទបន្ទាប់ ដែលភាគច្រើនជាប្រភេទលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម។
-->
នាយកគ្រប់គ្រងផ្នែកទីផ្សារ និងការលក់របស់ក្រុមហ៊ុន អចលនទ្រព្យភ្នំរាប លោក ពៅ ចាន់ថន ដែលកំពុងពុះដីឡូតិ៍ជាច្រើន គម្រោងនៅក្នុងតំបន់នេះបានមានប្រសាសន៍ប្រាប់ឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះថា ត្រឹមរយៈពេលមិនដល់មួយឆ្នាំផង ក្រុមហ៊ុនរបស់លោកទទួលបានជោគជ័យ លើការលក់រហូតដល់៤គម្រោង។ លោកបានបន្តទៀតថា បច្ចុប្បន្ននេះគម្រោងទី៥ និងទី៦ របស់ក្រុមហ៊ុនអចលនទ្រព្យភ្នំរាបជិតបានបញ្ចប់ទៅហើយ ដោយកំពុងតែរៀបដំណើរការគម្រោងថ្មីបន្តទៀត។
លោកថា “ការទទួលបានជោគជ័យលើការលក់ទាំងនេះ មិនមែនពឹងផ្អែកតែទៅលើជំនាញក្នុងលក់តែមួយមុខនោះទេ ប៉ុន្តែក៏ព្រោះតែទីតាំងអំណោយផល មានភាពទាក់ទាញ ទើបអតិថិជន ក៏ដូចជាអ្នកវិនិយោគចាប់អារម្មណ៍”។
លោកបន្តថា ពេលនេះសកម្មភាពពុះដីឡូតិ៍នៅតាមផ្លូវ១៣០ ចេញពីផ្សារព្រែកព្នៅឆ្ពោះទៅកាន់តំបន់ភ្នំប្រសិទ្ធមិនមានទៀតនោះទេ ព្រោះតម្លៃបានឡើងខ្ពស់រហូតដល់ប្រមាណជាង៣០០ដុល្លាររួចទៅហើយ។ ការពុះដីឡូតិ៍គឺមានតែនៅតំបន់ផ្នែកខាងក្នុង ឆ្ងាយពីផ្លូវធំ ឬមិនមែនជាទីប្រជុំជន ដែលមានតម្លៃប្រមាណជិត១ម៉ឺនដុល្លារក្នុងមួយឡូតិ៍ ហើយតម្លៃនេះនឹងនៅតែបន្តឡើងថ្លៃបន្តិចទៀត។
អគ្គនាយកក្រុមហ៊ុន EASY PROPERTY INVESTMENT លោក ម៉ម សិរីបញ្ញា ក៏បានមានប្រសាសន៍ទទួលស្គាល់ ពីសក្ដានុពលនៃតំបន់ខាងលើនេះផងដែរ ដោយលោកបានបញ្ជាក់ថា ការចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគលើវិស័យដីធ្លីនៅតំបន់នេះ បានចាប់ផ្តើមកម្រើកតាំងពីប្រមាណ២ឆ្នាំមុនមកម៉្លេះ ប៉ុន្តែនៅឆ្នាំនេះមានសន្ទុះខ្លាំងជាងពេលមុន។
លោកបានបន្តទៀតថា “តម្លៃដីធ្លីនៅក្នុងតំបន់ភ្នំប្រសិទ្ធ និងតំបន់ជុំវិញមានភាពខុសគ្នា ដែលវាអាស្រ័យទៅតាមទីតាំង ទំហំ និងសណ្ឋានដី”។ លោកបន្តទៀតថា “ពេលនេះក្រៅពីសកម្មភាពនៃការពុះដីឡូតិ៍លក់ ក៏មានអ្នកអភិវឌ្ឍកម្រិតមធ្យមមួយចំនួនតូច ចាប់ផ្តើមធ្វើសកម្មភាពសាងសង់សំណង់ លំនៅដ្ឋានកម្រិតមធ្យមចាប់ពី១០-២០ល្វែងជាបណ្តើរៗហើយ ដែលទាំងនេះក៏ជាកត្តាមួយជួយគៀងគរអ្នកអភិវឌ្ឍដទៃទៀត ឱ្យចូលទៅចូលរួមធ្វើការវិនិយោគ និងអភិវឌ្ឍនៅតំបន់នេះបន្ថែមទៀត”។
នៅក្នុងគម្រោងអភិវឌ្ឍលំនៅដ្ឋាននៅតំបន់ភ្នំប្រសិទ្ធ តំបន់ភ្នំរាប និងតំបន់ផ្លូវ៥១ ត្រូវបានធ្វើឡើងក្នុងរូបភាពខុសប្លែកពីគ្នា ដែលតម្រូវតាមស្ថានភាព និងភាពជាក់ស្ដែងនៃកម្រិតតម្រូវការរបស់អតិថិជន។ ជាក់ស្ដែងដូចជា លំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមដែលស្ថិតនៅតំបន់ភ្នំប្រសិទ្ធ មានតម្លៃចាប់ពីជាង៣ម៉ឺនដុល្លារឡើងទៅ ដោយឡែកចំពោះលំនៅដ្ឋានស្ថិតនៅតំបន់ផ្លូវ៥១ អាចមានតម្លៃចាប់ពីជាង៤ម៉ឺនដុល្លារឡើងទៅ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា សក្ដានុពលនៃតំបន់ទាំងនេះ ក្រៅពីស្ថិតនៅជាយរាជធានីភ្នំពេញ គឺមួយភាគធំទទួលឥទ្ធិពលពីគម្រោងអភិវឌ្ឍ នៃតំបន់ទំនប់កប់ស្រូវ គម្រោងអភិវឌ្ឍបឹងតាម៉ោក និងវត្តមានរបស់បណ្តាសំណង់រោងចក្រ និងឃ្លាំង ដែលទើបតែទៅតាំងនៅតំបន់ជាប់ផ្លូវ៥១។
លោកបានបញ្ជាក់ថា “អ្វីដែលកាន់ជួយជំរុញឱ្យតំបន់ទាំងនេះ មានភាពទាក់ទាញខ្លាំង ដោយសារមានប្រព័ន្ធហេដ្រចនាសម្ព័ន្ធមានភាពល្អប្រសើរខ្វាត់ខ្វែង ងាយស្រួលក្នុងការតភ្ជាប់ពីតំបន់ទាំងនេះទៅកាន់រាជធានីភ្នំពេញ ជាពិសេសងាយស្រួលក្នុងការតភ្ជាប់ទៅកាន់ផ្លូវសំខាន់ៗមួយចំនួនទៀតដូចជា ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ដែលសុទ្ធតែជាផ្លូវបម្រើដល់ការដឹកជញ្ជូន”។ លោកបានបញ្ជាក់ទៀតថា “យ៉ាងយូរត្រឹមរយៈពេល៥ឆ្នាំខាងមុខនេះ តំបន់ភ្នំប្រសិទ្ធនឹងពោរពេញ ទៅដោយលំនៅដ្ឋានកម្រិតមធ្យម និងក្រោមធម្យមជាក់ជាមិនខាន”៕